ម៉ៅ មុនីវណ្ណ៖ សភា​ហ្នឹង​សភា​អ្វី សភា​កុម្មុយនីស​ឬ​សភា​ផ្តាច់​ការ?

«សភានេះ មិនមែនជាសភាជាតិ សភាពហុបក្សទេ។ ឲ្យតែបក្សរបស់ខ្លួន (គណបក្សប្រជាជនកម្ពុជា) ទើប​បាន​ធ្វើ​សកម្មភាព​បាន ហើយ​បក្សដទៃទៀត ដែលប្រជាពលរដ្ឋ​បោះឆ្នោតឲ្យដែរ គេ (ហេង សំរិន) អត់ (ឲ្យ)។» រដ្ឋសភា ជា​សភា​របស់​ជាតិ មិនមែនជាសភា របស់គណបក្សនយោបាយ​ណាមួយឡើយ។ នេះបើ​តាម​ការ​បញ្ជាក់ របស់​លោក ម៉ៅ មុនីវណ្ណ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី៣ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 13, 2015
  • ប្រធានបទ: រដ្ឋសភា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានលើកឡើងថា នាពេលខាងមុខនេះ លោក​ត្រូវ​ចុះទៅពិនិត្យមើលជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋតាមព្រំដែន។ លោកបន្តថា ការចុះទៅព្រំដែន នា​ពេលខាងមុខនេះ លោកបានស្នើលិខិតបេសកកម្ម ពីប្រធានរដ្ឋសភា លោក ហេង សំរិន តែមិនត្រូវបាន​អនុញ្ញាតឡើយ។ លោកបានថ្លែងដូច្នេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ម្សិលម៉ិញ ក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ ស្តីពី «ដំណើរឆ្ពោះទៅ រកការបោះឆ្នោត ដើម្បីនាំមកនូវការ​ផ្លាស់​ប្តូរ» នាសណ្ឋាគារ អ៊ីមភើរៀល រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្ត​មកពីគណបក្សសង្គ្រោះជាតិ លោក​បាន​ចេញលិខិតមួយច្បាប់ ទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ដោយស្នើសុំលិខិតបញ្ជាបេសកកម្ម រយៈពេល៥ថ្ងៃ ដើម្បីចុះទៅពិនិត្យ ស្វែងយល់នូវស្ថានភាពជាក់ស្តែង នៃការរប់សនៅរបស់ប្រជាពលរដ្ឋ និង​បញ្ហាផ្លូវគមនាគមន៍ ការជីករុករករ៉ែខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ (តំបន់ឧទ្យានវីរៈជ័យ) ការពិនិត្យ​បង្គោល​ព្រំដែន ដែលបានបោះរួច នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។ ក្នុងលិខិតនោះ បានបញ្ជាក់ថា ក្រុម​ការងារ​របស់​គណបក្សសង្គ្រោះជាតិ នឹងចុះទៅ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។

លោក មុនីវណ្ណ ថា តាមផ្លូវច្បាប់ លោកមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចុះទៅពិនិត្យស្ថានភាព សុខទុក្ខ និងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បានគ្រប់ពេល ក្នុងនាមជាតំណាងរាស្រ្ត។ លោកបានធ្វើការរំលឹកថា កាលពី​កន្លង​មកនេះ លោក​ធ្លាប់បានចុះទៅទីនោះ រួចមកហើយ ហើយក៏បានធ្វើសេចក្តីរាយការណ៍ ពីស្ថានភាពទូទៅនៅ​តំបន់នោះ ជូន​ប្រធានរដ្ឋសភា (លោក ហេងសំរិន) ជាមួយនឹងការស្នើសុំ ឲ្យយកបន្ទប់ណាមួយ ក្នុងវិមាន​រដ្ឋសភា ដើម្បីធ្វើ​សន្និសីទសារព័ត៌មាន តែត្រូវបានបដិសេធដោយប្រធានរដ្ឋសភា ក្រោមហេតុផលថា «ការ​ចុះ​ទៅនោះ គ្មាន​លិខិត​បញ្ជាបេសកកម្ម» ពីប្រធានរដ្ឋសភា។

«សភាហ្នឹងសភាអ្វី សភាកុម្មុយនីស ឬសភាផ្តាច់ការ?»

អញ្ចឹងហើយ ទើបការចុះទៅនាពេលខាងមុខនេះ លោកដាច់ខាតត្រូវតែស្នើសុំ ធ្វើលិខិតបញ្ជា​បេសកកម្មជា​មុន ជាចាំចាច់ ទៅតាមអ្វីដែលលោក (ហេង សំរិន) ចង់បាន។ លោកបន្តថា តែដល់ពេល ដែលលោកស្នើទៅ នៅតែត្រូវបានលោក (ហេង សំរិន) បដិសេធ។ លោកបានបង្ហាញនូវចម្ងល់ដូច្នេះថា «ខ្ញុំស្នើទៅគាត់បដិសេធ អញ្ចឹងបានន័យថាម៉េច? បានន័យថា ខ្ញុំធ្វើអ្វីក៏មិនបាន ចុះទៅក្នុងនាមតំណាងរាស្រ្តសាមញ្ញធម្មតា ដោយមិន​សុំលិខិតបញ្ជាបេសកកម្ម សំអាងលើច្បាប់អនុញ្ញាត សុំធ្វើសន្និសីទកាសែត នៅវិមានរដ្ឋសភា ដែលជា​វិមាន​រដ្ឋសភារបស់ជាតិ គេមិនអនុញ្ញាត។ ដល់ខ្ញុំសំលិខិតបញ្ជាបេសកកម្ម គេមិនអនុញ្ញាតទៀត បានន័យថាម៉េច? សភាហ្នឹងសភាអ្វី សភាកុម្មុយនីស ឬសភាផ្តាច់ការ?»

តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានយល់ឃើញបន្ថែមថា៖ «រដ្ឋសភានោះ ប្រហែលជា​រដ្ឋសភា​របស់បក្ស ព្រោះថា នៅពេលណាដែលបក្សរបស់គាត់ (គណបក្សប្រជាជនកម្ពុជា) ចុះទៅ គាត់ឲ្យ។ ដល់ពេលបក្សប្រឆាំងចុះទៅ គាត់មិនឲ្យ។»។ លោកបាននិយាយរិះគន់ទៀតថា៖ «សភានេះ មិនមែន​ជា​សភា​ជាតិ សភាពហុបក្សទេ។ ឲ្យតែបក្សរបស់ខ្លួន ទើបបានធ្វើសកម្មភាពបាន ហើយបក្សដដទៃទៀត ដែល​ប្រជា​ពលរដ្ឋបោះឆ្នោតឲ្យដែរ គេអត់(ឲ្យ)។»

លោកបានបញ្ជាក់ ពីជំហររបស់លោក ក្នុងនាមតំណាងរាស្រ្តថា ច្បាប់តំណាងរាស្រ្តបានចង្អុលបង្ហាញថា ត្រូវ​តែបំរើរាស្រ្ត បើមិនបំរើរាស្រ្តទេ នោះមានន័យថា មិនគោរពច្បាប់ ក្បត់នឹងឧត្តមគតិ ក្នុងនាមជាតំណាង​របស់​រាស្រ្ត។ លោកបន្តថា បើទោះជាគ្មានលិខិតបញ្ជាបេសកកម្ម ពីប្រធានរដ្ឋសភាក៏ដោយ ដំណើរចុះទៅពិនិត្យ​សុខទុក្ខពលរដ្ឋ តាមព្រំដែន ពិសេសពិនិត្យព្រំដែន និងព្រៃឈើ នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី នៅតែបន្ត និងចាប់ផ្តើម ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានបញ្ចប់។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានទេ នាព្រឹកថ្ងៃ​សៅរ៍នេះ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែបើយោងតាមចំណារ របស់លោក ហេង សំរិន លើលិខិត​ស្នើសុំ របស់លោក ម៉ៅ មុនីវណ្ណ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បានចារយ៉ាងដូច្នេះថា៖ «ក្នុងនាមជាអ្នក​តំណាងរាស្រ្ត ឯកឧត្តមអាចអញ្ជើញបាន។ រដ្ឋសភា មិនចេញលិខិតបេសកកម្មឲ្យទេ វៀលែងតែបេសកកម្ម របស់គណៈកម្មការជំនាញរដ្ឋសភា។»

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមកប្រធានរដ្ឋសភា លោក ហេង សំរិន បានច្រានចោល នូវ​សំណើរ​របស់លោក ម៉ៅ មុនីវណ្ណ ក្នុងការស្នើសុំទីតាំងវិមានរដ្ឋសភា ដើម្បីធ្វើសន្និសីទសារព័ត៌មាន។ ការ​ច្រានចោលនាពេលនោះ ដោយសំអាងហេតុថា រដ្ឋសភាពុំបានចេញលិខិតបេសកកម្មឲ្យនោះឡើយ។ ចំណារ​របស់លោក ហេង សំរិន ចុះថ្ងៃទី១៧ ខែមិថុនា បានសរសេរថា៖ «រដ្ឋសភា ពុំបានចេញលិខិតបេសកកម្ម ឲ្យ​ឯកឧត្តមចុះធ្វើកិច្ចការនេះទេ ដូច្នេះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើសន្និសីទកាសែត នៅវិមានរដ្ឋសភាទេ»។

» សូមស្រាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ៅ មុនីវណ្ណ ដូចខាងក្រោម៖

» សូមអានលិខិតទាំងពីរ របស់ប្រធានរដ្ឋសភា និងហេតុផលនៃការដិសេធ នូវសំណើររបស់លោក ម៉ៅ មុនីវណ្ណ ដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖

» សូមអានអត្ថបទទាក់ទងបន្ថែម ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...