សហគមន៍​វិបត្តិ​ដីធ្លី​១១៥ ស្នើ​បញ្ឈប់​ការ​គាប​សង្កត់​តាម​តុលាការ

ក្រុមប្រជាពលរដ្ឋ ពីសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ បាន​រៀបចំ​ទិវា សិទ្ធិលំនៅដ្ឋានអន្តរជាតិ នៅអតីតដីក្រហម ជិតស្ថានទូតរុស្ស៊ី ក្នុងគោលបំណងដើរហែរ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន ដំណោះ​ស្រាយ ករណី​បណ្តេញចេញពីផ្ទះ នៅទូទាំងប្រទេស។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 14, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកម្មវិធី ទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ នៅអតីតដីក្រហម ជិតស្ថានទូតរុស្ស៊ីនេះ មានការចូលរួម ពីប្រជា​ពលរដ្ឋ​ប្រមាណ ជាង១០០០នាក់ ដែលអញ្ជើញ មកពីសហគមន៍ និងអង្គការសង្គមស៊ីវិល ទាំង១១៥​ទូទាំង​ប្រទេស​កម្ពុជា ដែលធ្លាប់រងគ្រោះពីការអភិវឌ្ឍន៍ និងរងការបណ្តេញចេញ ដោយគ្មានសំណងត្រឹមត្រូវ ដូច​ជា​សហគមន៍​បឹងកក់, សហគមន៍បូរីកីឡា, សហគមន៍ខ្វា ជាដើម។ ក្រៅពីក្រុមប្រជាពលរដ្ឋទាំងនេះ ក៏​មាន​អង្គការ​សង្គម​ស៊ីវិល មួយចំនួនដូចជា អង្គការលីកាដូ, ក្រុមភ្នាក់ងារពិសេស សិទ្ធិលំនៅដ្ឋាន ព្រមទាំង​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា ផងដែរ។

ក្នុងឱកាសទិវាលំនៅដ្ឋានអន្តរជាតិ លើកទី៣០នេះ ក្រុមប្រជាពលរដ្ឋទាំងអស់ បាននាំគ្នា ដង្ហែរផ្ទះ តំណាង​ផ្សេងៗពីសហគមន៍របស់ខ្លូន មានទាំងតូចទាំងធំ ធ្វើដំណើរទៅកាន់រដ្ឋសភាជាតិ និងស្ថាប័នពាក់ព័ន្ធ នៃ​រដ្ឋាភិបាល​កម្ពុជា សុំឲ្យទទួលស្គាល់ និងអនុវត្តន៍ឲ្យបាន នូវសិទ្ធិទទួលបានលំនៅដ្ឋា ទាំងនៅជនបទ ទាំង​នៅទីក្រុង។

«បញ្ឈប់ការប្រើប្រាស់ ប្រព័ន្ធតុលាការ គាបសង្កត់ប្រជាពលរដ្ឋ...»

ប្រជាពលរដ្ឋអ្នកចូលរួម បានសំណូមពរថា សូមឲ្យអជ្ញាធរគ្រប់ជាន់ថ្នាក់ បញ្ឈប់នូវរាល់រូបភាព បណ្តេញ​ចេញដោយបង្ខំ ការប្រើប្រាស់អំពើហិង្សា លើប្រជាពលរដ្ឋ និងបញ្ឈប់ការប្រើប្រាស់ ប្រព័ន្ធតុលាការ គាប​សង្កត់​ប្រជាពលរដ្ឋបន្តទៀត។ ដំណើរដង្ហែអបអរសាទរទិវាសិទ្ធិ ទទួលបានលំនៅដ្ឋាន ខាងលើចាប់ផ្តើម ពីម៉ោង៧ និង៣០នាទី នឹងបញ្ចប់នៅម៉ោង១ រសៀល នៅមុខរដ្ឋសភាជាតិ។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើង ក្នុងឱកាសនេះថា ទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ ជាទិវាមួយដ៏ធំ ដែលប្រជាពលរដ្ឋ នៅជុំវិញពិភពលោកប្រារព្ធឡើង។ លោក​មាន​ប្រសាសន៍ថា មិនមែនទាល់តែអ្នកមានលំនៅដ្ឋាន ជាវីឡា ឬមានទ្រព្យធនច្រើន មានផ្ទះធំៗ ទើបហៅថា​សិទ្ធិ​លំនៅដ្ឋាននោះទេ ព្រោះអង្កការសហប្រជាជាតិ បានឲ្យនិយមន័យថាសិទ្ធិលំនៅដ្ឋាន គឺជាការដែល​មាន​ដំបូល មានផ្ទះ មានរូបរាង មិនថាជាជញ្ជាំង ថ្ម ស្លឹក ឬជាអ្វីនោះទេ។

នៅព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ ២០១៥នេះ មន្ត្រីអង្គការលីកាដូខាងលើ បានបញ្ជាក់ទៀតថា នៅរាជធានី​ភ្នំពេញ ដែលធ្លាប់តែមានប្រជាពលរដ្ឋ រងការបណ្តេញចេញ ពីលំនៅដ្ឋាន និងបង្ខំរុះរើផ្សេងៗនោះ មិនមែនហៅ​ថា ទទួល​បានសិទ្ធិលំនៅដ្ឋាន ពេញលេញនោះទេ។ ហើយការអភិវឌ្ឍន៍ ក៏មិនមែនសំដៅ លើតែជន​មាន​អំណាច​ណាមួយនោះដែរ គឺសំខាន់បំផុត ទៅលើប្រជាពលរដ្ឋ ដែលមានសិទ្ធិរស់រាន ដោយគ្មានការបង្ខំ ឬការ​បណ្តេញ​ចេញ នោះទៅវិញទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...