«កោះ​ត្រល់» នៅ​តែ​ជា​ទឹកដី​កម្ពុជា?

ទឹកដីដែលអ្នកផងគិតថា បានបាត់បង់​ក្នុងទសវត្សន៍ឆ្នាំ៨០នោះ ត្រូវបានការពារ ដោយសន្ធិសញ្ញាសន្តិភាព​ក្រុងប៉ារីស ឆ្នាំ​១៩៩១។ ឯសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជុំវិញបញ្ហាកោះត្រល់ ជាសន្ធិសញ្ញា ដែលក្រុមអ្នករិះគន់ ចាត់​ទុ​កថា មាន​«អធម្មនុញ្ញភាព»​នោះ អាច​នឹង​ត្រូវ​​«លុប​​ចោល» ​ជា​ស្វ័យ​ប្រវត្តិ ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១២ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 15, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជម្លោះទឹកដី ជាបញ្ហាមួយដ៏រសើប របស់ប្រជាជាតិនីមួយៗ។ ប្រសិនបើប្រទេសថៃ ឬប្រទេសវៀតណាម តែងតែមាន​នយោបាយ ធ្វើយ៉ាងណាឲ្យចំណេញទឹកដីនោះ តែចម្លែកចំពោះប្រទេសកម្ពុជា ដែលបញ្ហាទឹកដី នៅតែជារឿងដ៏​ចម្រូង​ចម្រាស់ ហើយមិនដែលមានប្រវត្តិសាស្ត្រ ក្នុងពេលណាមួយ ដើម្បីធ្វើយ៉ាងណា ឲ្យចំណេញ ឬអាចរក្សាទឹកដី ដែលមាន​ស្រាប់នោះទេ។

រឿងទឹកដីដ៏រសើបនោះ គឺបញ្ហាកោះត្រល់ និងទឹកដី នៅតាមព្រំដែនវៀតណាមមួយចំនួន ដែលក្រុមអ្នករិះគន់ បាន​និយាយ​ថា ទើបតែបានបាត់ពីប្រទេសកម្ពុជា ធ្លាក់ទៅនៅក្រោមការគ្រប់គ្រង របស់វៀតណាម តាមរយៈសន្ធិសញ្ញា ១៩៨២, ១៩៨៣, ១៩៨៥ នេះតែប៉ុណ្ណោះ។ ក្រុមអ្នករិះគន់ ថែមទាំងអះអាងទៀតថា តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និង​តាម​សន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ទឹកដីទាំងនោះ នៅតែជាទឹកដីកម្ពុជា ហើយកម្ពុជា អាចទទួលយកមកវិញ បានគ្រប់​ពេល បើថ្នាក់ដឹកនាំកម្ពុជា មានឆន្ទៈក្នុងការទាមទារ មកវិញ។

ប្រធានសហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បានពន្យល់ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា កោះត្រល់​ត្រូវបានបាត់ជាផ្លូវការ ដោយសារសន្ធិសញ្ញាបំពេញបន្ថែម ដែលចុះហត្ថលេខា ក្នុងអំឡុងឆ្នាំ២០០៥។ តាមទិដ្ឋភាពច្បាប់ កិច្ចព្រមព្រៀង ក្នុងទស្សវត្ស៨០ (១៩៨២, ១៩៨៣, ១៩៨៥) ទាក់ទងបញ្ហាព្រំដែន កិច្ចព្រមព្រៀងនោះ បាន«ស្លាប់»​បាត់​ទៅហើយ នៅពេលដែលមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១។

លោក ពិសេស បានរៀបរាប់បន្តថា គឺរដ្ឋាភិបាលថ្មីឆ្នាំ២០០៤ ២០០៥ ដែលបានចុះសន្ធិសញ្ញាបន្ថែម ហាក់ដូចជាថ្នាំ ដើម្បី​សង្គ្រោះសន្ធិសញ្ញា ក្នុងទស្សវត្ស៨០នោះ បាន«រស់»ឡើងវិញ។ ហើយសន្ធិសញ្ញាបំពេញបន្ថែមនេះ មិនអាចទទួល​យក​បានឡើយ ហើយក៏ស្នើ ឲ្យមានការអនុវត្ត នូវកិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ១៩៩១ជាបន្ត។

ជុំវិញករណីសួរថា តើសន្ធិសញ្ញាបំពេញបន្ថែម មាន«អធម្មនុញ្ញភាព» មិនអាចអនុវត្តន៍បាននោះ មិនត្រូវបានលោក ម៉ៅ ពិសេស បកស្រាយឲ្យលំអិតនោះទេ។ លោក ម៉ៅ ពិសេស បាននិយាយថា៖ «រដ្ឋធម្មនុញ្ញាជាច្បាប់កំពូលរបស់ជាតិ ជា​ច្បាប់ដែលធំជាងគេទាំងអស់។ បើច្បាប់ ឬលិខិតបទដ្ឋានណា ដែលប៉ះពាល់ ឬផ្ទុយរដ្ឋធម្មនុញ្ញ មិនអាចទទួលយក​បាន​ទេ។ ទាំងនេះជាទិដ្ឋភាព របស់ច្បាប់។»

សន្ធិសញ្ញាបំពេញបន្ថែម ត្រូវបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១០៥ រវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាន វ៉ាន់ខាយ នាយករដ្ឋមន្ត្រីវៀតណាម។ សន្ធិសញ្ញានេះ ត្រូវបានរដ្ឋសភាកម្ពុជា ធ្វើការ​អនុម័តឲ្យទៅជាច្បាប់ សន្ធិសញ្ញាបំពេញបន្ថែម នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០០៥ (នៅព្រឹទ្ធសភា ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥) មុននឹងដាក់ឲ្យព្រះមហាក្សត្រកម្ពុជា ឡាយហត្ថលេខាផ្ដល់សុពលភាព លើច្បាប់នេះ និងបានប្រកាសឲ្យ​ប្រើ​ប្រាស់ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០០៥។

ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា២ បានចែងថា «បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុង​ព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបាន​ទទួលស្គាល់ ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩។» រីឯមាត្រា៥៥ បានចែងដែរថា «សន្ធិសញ្ញា និង កិច្ចព្រមព្រៀង​ទាំង​ឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់ព្រះរាជា​ណា​ចក្រ​កម្ពុជា ត្រូវលុបចោល។»

ជាមួយនឹងបញ្ហាទឹកដីនេះ រដ្ឋធម្មនុញ្ញ បានតម្រូវឲ្យអង្គព្រះមហាក្សត្រកម្ពុជា ជាអ្នកធានានូវឯករាជ្យភាព និងបូរណៈភាព​ទឹកដី នៃព្រះរាជាណាចក្រទាំងមូល។ មាត្រា៨ នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់​ប្រជា​ពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។»

ហើយរដ្ឋធម្មនុញ្ញ ក៏បានដាក់បន្ទុក ទៅលើរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវ លើបូរណៈភាព ឯករាជ្យ អធិបតេយ្យ​បូរណៈភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជាដែរ។ មាត្រា ៥២ បានចែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សា​ការពារ​ឯករាជ្យ អធិបតេយ្យបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារ​ឯកភាព​ជាតិ រក្សាការពារទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ជាតិ»។

មិនអាចស្វែងរក ការបកស្រាយណាមួយ ពីមន្ត្រីអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បាននៅឡើយ ក្នុងពេលនេះ។ តែ​លោក វ៉ា គឹមហុង ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន ​របស់​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជា មិន​អាច​លុប​ចោល​សន្ធិសញ្ញា​ (បំពេញបន្ថែម) ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម បាន​ទេ ដោយសារ​សន្ធិសញ្ញា​នេះ​ បាន​ក្លាយ​ជា​សន្ធិសញ្ញា​អន្តរជាតិ​បាត់​ទៅ​ហើយ។ លោកបានថ្លែងថា ៖ «ច្បាប់​របស់​ប្រទេស​យើង បន្ទាប់​ពី​សភា​ឲ្យ​សច្ចាប័ន​ហើយ គេ​មិន​ដែល​ឲ្យ​ទៅ​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​សើរើ​អី​ទៀត។ ខ្ញុំ​ក៏​មិន​ដែល​ឮ ក្នុង​នីតិ​អន្តរជាតិ។ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ កាល​ណា​ឲ្យ​សច្ចាប័ន​ហើយ គឺ​វា​ចប់​ហើយ។ ច្បាប់​នេះ​ មិន​ជា​ច្បាប់​ផ្ទៃ​ក្នុង​របស់​កម្ពុជា ទេ តែ​វា​ជា​សន្ធិសញ្ញា​អន្តរជាតិ។ ដូច្នេះ សន្ធិសញ្ញា​ឆ្នាំ​២០០៥ ជា​សន្ធិសញ្ញា​អន្តរជាតិ។»។

លោក ព្រហ្ម គិត អតីតមន្ត្រីបួនជំនាន់ មកពីមជ្ឈដ្ឋានច្បាប់កម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងប្រទេសបារាំង បាន​ថ្លែង​ប្រាប់ទស្សនាវដ្ដីថា ចង់ឲ្យប្រាកដថា តើច្បាប់សន្ធិសញ្ញាបំពេញបន្ថែមនេះ មានធម្មនុញ្ញភាពឬអត់នោះ មានស្ថាប័នតែ​មួយ​គត់ ដែលអាចបកស្រាយបាន គឺក្រុមប្រឹក្សាធម្មនុញ្ញ។ តែត្រង់សុក្រិតភាព នៃការបកស្រាយនោះ មានដល់កម្រិតណានោះ គេពិបាកនឹងធ្វើការវាយតម្លៃណាស់ ដោយហេតុថា មន្ត្រីនៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញ ភាគច្រើនជាមន្ត្រី មកពីគណបក្ស​ប្រជាជន​កម្ពុជា។ លោកបានបន្ថែមទៀតថា បើការប្រកាសអនុម័ត នៃច្បាប់នេះ ត្រូវបានធ្វើឡើង យ៉ាងតក់ក្រហល់នោះ មិន​មែន​ជា​ការចៃដន្យឡើយ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ជារដ្ឋាភិបាលដំបូងគេហើយ ដែលបានទទួលស្គាល់ ការ​បាត់​បង់​ទឹកដី ហើយបង្កើតរឿងនេះ ឲ្យទៅជាច្បាប់។

ទាក់ទងនឹងការលើកឡើង របស់លោក វ៉ា គីមហុង ដែលអះអាងថា សន្ធិសញ្ញាបំពេញបន្ថែម ក្លាយជាសន្ធិសញ្ញាអន្តរជាតិ​នោះ ត្រូវបានលោក ព្រហ្ម គិត ដដែល ដែលជាអ្នកជំនាញខាងច្បាប់ ដ៏ចាស់វស្សានោះ បញ្ជាក់ថា គេត្រូវគិតមើលថា តើ​រវាង​សន្ធិសញ្ញា​បំពេញបន្ថែម និងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស តើសន្ធិសញ្ញាណា ដែលមានទំងន់ជាង។ លោកបាន​ថ្លែង​ឡើងថា៖ «ខ្ញុំ​និយាយដូចជាចង់សើចបន្ដិច ព្រោះសត្វឆ្មារ និងសត្វឆ្កែ ដែលម្ចាស់ព្រមព្រៀង ឲ្យនៅថែរក្សាត្រីអាំង បែរ​ជាទៅលួច​និយាយ​គ្នា ចែកត្រីអាំងគ្នាស៊ី រួចតាំងនិយាយថា ការនិយាយគ្នានោះ ជាសន្ធិសញ្ញាអន្តរជាតិ (សើច) វាទៅមិន​រួច»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...