គឹម សន្តិភាព៖ ផ្សាយរឿងមិនពិតតាមហ្វេសប៊ុក ជាបទល្មើល«ជាក់ស្តែង»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៩ សីហា ២០១៥
- កែប្រែចុងក្រោយ: August 19, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខេសីហា ឆ្នាំ២០១៥នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទំនងជាចង់ធ្វើការ«ព្រមាន»ជាទូទៅ ដល់បណ្តាអ្នកលេងហ្វេសប៊ូកទាំងអស់ អាចនឹងត្រូវចោទប្រកាន់ ពី«បទល្មើសជាក់ស្តែង» ក្នុងករណីនៃការផុសណាមួយ ក្នុងន័យចោទប្រកាន់ ឬនិយាយខុស ពីការពិតនោះ។
លោកបានយកករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗថា ជាការផុសវីដេអូ ដែលនិយាយខុសការពិត ហើយនើ ជាបទល្មើសជាក់ស្តែងមួយ ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា។ លោកបានបន្តថា តាមក្របខណ្ឌនៃអង្គហេតុ តាមរយៈការផុសក្នុងបណ្តាញសង្គមរបស់ លោក ហុង សុខហួរ នេះ អាចធ្វើឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងបន្តចាប់ខ្លួនតាមនីតិវិធី ដោយមិនចាំបាច់ ត្រូវការដកអភ័យឯកសិទ្ធិ ជាមុនឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងទៀតថា៖ «នៅថ្ងៃទី១៥ ព្រឹក សមត្ថកិច្ចបានធ្វើការចាប់ខ្លួន ឯកឧត្តម ហុង សុខហួរ។ ដោយធ្ចើការស៊ើបអង្កេត លើបទល្មើសជាក់ស្តែងនេះ និងបានបញ្ជូនខ្លួន ជាបន្តបន្ទាប់ទៅដល់ស្ថាប័នអយ្យការ ដើម្បីធ្វើការចោទប្រកាន់ ចំនួនបីបទល្មើស (...) បទក្លែងឯកសារសាធារណៈ, បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញុងបង្កឲ្យមានភាពវិកវរដល់សន្តិសុខសង្គម។»
លោក គឹម សន្តិភាព បានអះអាងថា ការសម្រេចចោទប្រកាន់ និងការបង្គាប់ឲ្យឃុំខ្លួននៃតំណាងអយ្យការ ទៅលើលោក ហុង សុខហួរ នេះ ជាការអនុវត្តត្រឹមត្រូវតាមច្បាប់។ លោកបានថ្លែងបន្ថែមថា៖ «ក្នុងប្រតិបត្តិការ នៃមន្រ្តីនគរបាលយុត្តិធម៌ ខ្ញុំសូមបញ្ជាក់ជូនថា មាត្រា១០៦ នៃនីតិវិធីព្រហ្មទណ្ឌ មានរយៈពេល៧ថ្ងៃ។ បើគិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ មានរយៈពេលបីថ្ងៃ នេះជានីតិវិធីត្រឹមត្រូវ។ (...) ខ្ញុំសូមបញ្ជាក់ជូនដើម្បីច្បាស់លាស់ ព្រោះកន្លងមក មានការជជែកគ្នា មានការភាន់ច្រលំច្រើន ពិសេសពាក់ព័ន្ធ រឿងអភ័យឯកសិទ្ធិសភា នៃសមាជិកព្រឹទ្ធិសភា។ (...) មាត្រា១០៤ ថ្មីនៃរដ្ឋធម្មនុញ្ញ បានបញ្ចាក់យ៉ាងច្បាស់ ពីអភ៏យឯកសិទ្ធិនេះ។»
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា៖ «បទល្មើសព្រហ្មទណ្ឌជាក់ស្តែង អភ័យឯកសិទ្ធិព្រឹទ្ធិសភា មិនអាចរាំងស្ទះដល់ការចាប់ខ្លួន ការឃាត់ខ្លួន ការឃុំខ្លួន ឬការចោទប្រកាន់ របស់ស្ថាប័ន្ថមានសមត្ថកិច្ចបានទេ។ (...) តើចាំបាច់ ត្រូវទៅដកអភ័យឯកសិទ្ធិព្រឹទ្ធិសភាដែរឬទេ បើដំណើរការរបស់ស្ថាប័នមានសមត្ថកិច្ច បានចាប់ផ្តើមរួចទៅហើយ ការចាប់ខ្លួនបានធ្វើ ការចោទប្រកាន់បានធ្វើ ការឃុំខ្លួនបានធ្វើ។ (...) វាមិនចាំបាច់ ទៅដកអភ័យឯកសិទ្ធិព្រឹទ្ធិសភាទេ។ ព្រោះអភ័យឯកសិទ្ធិសភា វាមិនចាំបាច់ និងមិនអាចរាំងស្ទះការងារនេះ បានទៀតទេ។»
» សូមទស្សនាការបកស្រាយទាំងស្រុងដូចខាងក្រោម៖