សំណុំ​រឿង​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

សំណុំរឿងពាក់ព័ន្ធ នឹងការចោទប្រកាន់ លើលោក ថោង សារ៉ាត់ ថានៅពីក្រោយ ការបាញ់សម្លាប់លោក អឹង ម៉េងជឿ នៅមានភាពលាក់លៀមនៅឡើយ មកទល់ម៉ោងនេះ ទាំងមេធាវី និងចៅក្រម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 24, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មកទល់ល្ងាច ថ្ងៃទី២៣ ខែមេសានេះ បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ ជនជាប់ចោទ ថោង សារ៉ាត់ ជាលើកទីពីរ បន្ទាប់ពីបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសាមកក៏ដោយ តែលទ្ធផលយ៉ាងណានោះ នៅមិន​ទាន់​ឲ្យដឹង ឬស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។

គេសង្កេតឃើញថា «ព័ត៌មាន» នៃសំណុំរឿង បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្ដាលរាជធានីភ្នំពេញនេះ ហាក់បីដូចជាមានការបិទបាំងច្រើន តាំងពីការចាប់ផ្តើមស៊ើបអង្កេតដំបូង រហូតមកទល់ពេលនេះ។ មិនថាអាជ្ញាធរ​មាន​សមត្ថកិច្ច មេធាវី ឬចៅក្រមស៊ើបសួរឡើយ ពួកគេបានបិទព័ត៌មានយ៉ាងជិត នូវមូលហេតុចំបងៗក្នុងសំនុំរឿង។

ចំពោះមេធាវីការពារក្ដី ឲ្យលោក ថោង សារ៉ាត់ ហាក់ដូចជាមិនចង់បំភ្លឺ ករណីកូនក្តីខ្លួន និងនីតិវិធីរឿងក្តីនៅរបស់​តុលាការ​ឡើយ។ ឯចៅក្រមស៊ើបសួរក្នុងរឿងនេះ ក៏មិនទាន់ប្រាប់នូវចំណុច នៃការចោទប្រកាន់ជាផ្លូវការថា យ៉ាងណា​នោះនៅឡើយដែរ។ ករណីដូចគ្នានេះ បន្ទាប់ពីការចាប់ខ្លួនឪពុកម្តាយលោក ថោង សារ៉ាត់ លោកមេធាវី ស៊ី សត្យា ធ្លាប់​បានថ្លែងប្រាប់ឲ្យដឹងថា លោក មានភាពពិបាក ក្នុងការថតចម្លងសំណុំរឿង កូនក្តីរបស់លោក ព្រោះតែចៅក្រមស៊ើបសួរ​មិនអនុញ្ញាត នេះជាមូលហេតុ ដែលមិនអាចឆ្លើយបាន។

ដោយឡែកលោក ចៅក្រមស៊ើបសួរ លី សុខលេង បានចេញមកបញ្ជាក់ ពីការស្នើសុំថតចម្លងសំណុំរឿង របស់មេធាវី​ក្នុង​សំណុំរឿងនេះកន្លងមកថា លោកមិនមែនមិនអនុញ្ញាតនោះឡើយ តែសូមឲ្យរង់ចាំ រហូតមានឯកសារគ្រប់​គ្រាន់​សិន។ គេមិនដឹងថា នៅក្នុងប្រព័ន្ធច្បាប់កម្ពុជា ដើម្បីការពារកូនក្ដីរបស់ខ្លួន មេធាវីត្រូវរង់ចាំដល់ពេលណា អង្កាល? ហើយ​ថា​តើចៅក្រមស៊ើបអង្កេត មានសិទ្ធិឃាត់ទុកសំនុំរឿង ដើម្បីការស៊ើបអង្កេតរបៀបនេះ ក្នុងរយៈពេលប៉ុន្មាននោះ​ឡើយ។

បើយោងតាមមាត្រា ១២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការហាមឃាត់ មិនឲ្យមេធាវីថតចម្លងសំណុំរឿង ជាការ​«ខុស​ច្បាប់»។ មាត្រា១២៩ កថាខណ្ឌទី៥ បានចែងថា «មេធាវី ឬលេខាធិការរបស់មេធាវី ត្រូវបានអនុញ្ញាតដោយ​ចៅក្រម​ស៊ើបសួរ ឲ្យធ្វើការថតចម្លង (សំណុំរឿងក្តី) ដោយខ្លួនជាអ្នកចេញសោហ៊ុយ និងក្រោមការត្រួតពិនិត្យរបស់​ក្រឡា​បញ្ជី»។

សូមរំលឹកថា លោក ថោង សារ៉ាត់ ធ្លាប់ត្រូវបានឃាត់ខ្លួន នៅត្រង់ចំណុចភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងនាំមកសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្តងរួចមកហើយ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ជា​មួយ​នឹងអង្គរក្សបីនាក់ផ្សេងទៀត។ ក្រោយការសាកសួរនោះ លោក ថោង សារ៉ាត់ ត្រូវបានដោះលែងវិញភ្លាមៗ។ ដោយ​ឡែក ​អង្គរក្សទាំងបី ដែលមានឈ្មោះ សៀង វាសនា, កូយ ចាន់ថុល និង សៀង វាសនា ត្រូវធ្វើបែបបទបញ្ជូន​ទៅ​តុលាការ។ ឯអង្គរក្សម្នាក់ទៀត ឈ្មោះ លី សៅ ត្រូវបានឃាត់ខ្លួន នៅប៉ុន្មានថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤។

ក្រោយការដោះលែងលោក ថោង សារ៉ាត់ ឲ្យមានសេរីភាពៗវិញ នៅថ្ងៃទី០១ ខែធ្នូនោះ អាជ្ញាធរបានស្នើដីកាតុលាការ ដើម្បីឆែកឆេររកវត្ថុតាងនានា ក្នុងផ្ទះលោក ថោង សារ៉ាត់។ រីឯលោក ថោង សារ៉ាត់ វិញ ក្នុងពេលនោះ បានរត់គេចខ្លួន ដែលជាទង្វើ ធ្វើឲ្យសមត្ថកិច្ច ដាក់ការសង្ស័យកាន់តែខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលលំអៀងទៅរកគណបក្សកាន់អំណាច និងដែលតែងយករបាយការណ៍ របស់អាជ្ញាធរ​មកផ្សាយបន្តនោះ បានរាយការណ៍ថា អាជ្ញាធរបានទស្សនាវីដេអូ ថតដោយកាម៉េរ៉ាសុវត្ថិភាព របស់រថយន្ដលោក អ៊ឹង ម៉េងជឺ ដែលនេះ ជាភស្ដុតាងឈាន ទៅដល់ការកំណត់មុខសញ្ញា អង្គរក្សរបស់លោក ថោង សារ៉ាត់ ជាឃាតករដៃដល់។ ប៉ុន្តែវីដេអូនោះ គេមិនដែលដឹងថាមានរាងយ៉ាងដូចម្ដេច នៅឯណាឡើយ រហូតមកដល់ពេលនេះ។ បន្ទាប់មកទៀត ក៏ស្រាប់​តែ ឃើញមានការប្រមាញ់ ទាំងឪពុកម្តាយលោក ថោង សារ៉ាត់ ដោយសមត្ថកិច្ច មកដាក់ពន្ធនាគារ​នោះ​ថែម​ទៀត។

អាជ្ញាធរខ្លួនឯង ក៏មិនដែលធ្វើសន្និសីទកាសែត ដើម្បីបង្ហាញឲ្យច្បាស់ ពីអ្វីដែលខ្លួនបានរកឃើញនោះ សូម្បីតែម្ដងដែរ ជាពិសេស នៅក្នុងសំនុំរឿងមួយ ដែលរសើប ពាក់ព័ន្ធនឹងសន្តិសុខសង្គម ដ៏ធំបែបនេះ។ មានការអះអាងថា មូលហេតុ​ដែលអាជ្ញាធរ មិនធ្វើសន្និសីទកាសែត ព្រោះចាប់ខ្លួនជនសង្ស័យ មិនទាន់បាន។ រួចចុះឥឡូវនេះ?

គួរបញ្ជាក់ថា អង្គរក្សទាំងបួន របស់លោក ថោង សារ៉ាត់ ត្រូវបានជាប់ចោទជាបឋមពីបទ ឃាតកម្មគិតទុកជាមុន និង បទ​សម​គំនិតបាញ់សម្លាញ់លោក អ៊ឹង ម៉េងជឺ។ ឯឪពុកម្តាយលោក ថោង សារ៉ាត់ វិញត្រូវជាប់ចោទ ពីបទកាន់កាប់អាវុធ​ខុស​​ច្បាប់ និងរារាំងការងារ របស់អាជ្ញាធរមានសមត្ថកិច្ចសាធារណៈ៕

» ទស្សនាវីដេអូ នៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ឡើងវិញ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...