ពេល​ដែល​សិល្បៈករ​​ដង្ហោយ​ពី «ស្រុក​ខ្មែរ​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​រាស្ត្រ»

ពីរនាក់បងប្អូន លោក សុខ ជំនោរ និងកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានដង្ហោយទាំងក្ដីអស់សង្ឃឹម ទាមទាររកយុត្តិធម៌ ក្នុងនាមខ្លួនជាជនរងគ្រោះ ខណៈជនជាប់ចោទ ដែលត្រូវបានតុលាការផ្តន្ទាទោស ដោយកំបាំងមុខរួចហើយនោះ បែរជារស់នៅក្រៅឃុំ និងកំពុងត្រៀមចូលរោងការ យ៉ាងរំភើយ។
ពេល​ដែល​សិល្បៈករ​​ដង្ហោយ​ពី «ស្រុក​ខ្មែរ​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​រាស្ត្រ»
ពីឆ្វេងទៅស្ដាំ៖ លោក សុខ ជំនោរ (បងប្រុស) និងអ្នកនាង សុខ ចិន្តា ហៅ វ៉ាន់ នីឡា (ប្អូនស្រី)។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 28, 2018
  • ប្រធានបទ: ប្រព័ន្ធយុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ស្រុកខ្មែរ គ្មានភាពយុត្តិធម៌ សម្រាប់ប្រជារាស្ត្រឡើយ! គ្នាគេ ឲ្យចាំ!» នេះ ជាការលើកឡើង របស់អ្នកនាង សុខ ចិន្តា ហៅ វ៉ាន់ នីឡា កាលពីម្សិលម៉ិញ នៅលើបណ្ដាញសង្គម បរិហារពីប្រព័ន្ធអនុវត្តច្បាប់ និងប្រព័ន្ធតុលាការនៅកម្ពុជា។

ជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីដីការតុលាការ និងរូបថតអតីតសង្សារបស់កញ្ញា ដែលថតរូបជាមួយគូស្នេហ៍ថ្មីនោះ តារាសំដែងអ្នកនាង វ៉ាន់ នីឡា បានសរសេរថា៖ «ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញំុមិនទាន់បាន ទទួលភាពយុត្តិធម៌ស្អីទេ! (...) ភាពយុត្តិធម៌សំរាប់ខ្ញំុ មានត្រឹមតែក្រដាស ប្រកាសសាលក្រមក្លែងក្លាយ ដែលគ្មានប្រសិទ្ធភាព តែមួយសន្លឹកប៉ុណ្្ណះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើនឹងរកដំណោះស្រាយឲ្យខ្ញំុ ចេញជារូបជារាង ទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ។»។

អ្នកនាង សុខ ចិន្តា ដែលរងគ្រោះ ព្រោះរូបថតឯកជន​របស់នាងជាច្រើនសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គម កាលពីពាក់កណ្ដាលឆ្នាំ២០១៦ កន្លងទៅ បានសរសេរបន្ថែមថា៖ «ខ្ញំុសូមជំរាបថា ខ្ញំុអត់បានឈឺចុកចាប់ នឹងរឿងដែលអាមនុស្សពាលហ្នឹង វារៀបការទេ។ តែខ្ញំុឈឺ ដែលមនុស្សដែលត្រូវជាប់ទោស វាបែជារួចខ្លួន សប្បាយរីករាយក្អាកក្អាយ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រកាសក្តែងៗរៀបការ ទាំងវាមិនទាន់ចេញមុខ ដោះស្រាយរឿងក្តី ចប់សព្វគ្រប់។»។

 

អតីត​គូស្នេហ៍​​របស់អ្នកនាង វ៉ា​ន់ នី​ឡា ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ នៅ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ រកឃើញថា បានប្រព្រឹត្តិអំពើហិង្សា ដោយចេតនា និងចែកចាយរូបភាពអាក្រាត ជាលក្ខណៈឯកជន របស់អ្នកនាង វ៉ាន់ នីឡា។ ​បុរសរូបនោះ ដែលគេស្គាលថា ឈ្មោះ គុយ សិទ្ធិ​សក្តិ ត្រូវបានតុលាការផ្តន្ទាទោស ដោយកំបាំងមុខ ដាក់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​ និងសង់ជំងឺចិត្ត ជាទឹកប្រាក់២០០លានរៀល។

មិនត្រឹមតែមិនបានអនុវត្តន៍ទោស ឲ្យបានត្រឹមត្រូវនោះទេ តែលោក គុយ សិទ្ធិ​សក្តិ ថែមទាំងបាន​បង្ហោះរូបថ្មីមួយ ពីឈុតឆាកតែងការ នៅលើ​ទីលាន ​នៃ​ប្រាសាទអង្គរវត្ត ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន ដោយ​បាន​បញ្ជាក់ទៀត​ថា ពួក​គេ​នឹង​ត្រៀម​ចូល​រោងការ ​នា​ពេល​ខាង​មុខ​នេះ។

បងប្រុសរបស់អ្នកនាង គឺលោក សុខ ជំនោរ ដែលជាអ្នកនិពន្ធ និងដឹកនាំសំដែង បានលើកឡើងក្នុងថ្ងៃនេះ ពីភាពកម្សោយ​នៃការអនុវត្តន៍ច្បាប់ ឬការអនុវត្តន៍ច្បាប់ បែបស្ដង់ដារពីរ របស់ប្រទេសកម្ពុជានោះដែរ។

លោក សុខ ជំនោរ បានសរសេរនៅលើបណ្ដាញសង្គម ដូច្នេះថា៖ «ខ្ញុំសូមលាតត្រដាងពីភាពខ្សោយ នៃច្បាប់ និងតុលាការដែលគ្មានសិទ្ធិ និងការអនុវត្តន៍ច្បាប់ ដល់ប្រជាជនសាមញ្ញ។ ពេលនេះជនត្រូវចោទ កំពុងនោមលើច្បាប់ ដែលមានតែលើបបូរមាត់។ ពួកអស់លោក នឹងគ្មាន[ទទួល]បានការគោរព និងជឿជាក់ដោយបេះដូង ពីប្រជាជនទេ។ មេធាវីធ្លាប់ពន្យល់មកយើងខ្ញុំថា នីតិវិធីច្បាប់​ទាល់តែអ៊ីចេះ ទាល់តែអ៊ីចុះ ត្រូវរង់ចាំទាល់តែ១៥ថ្ងៃនេះ ១៥ថ្ងៃនោះ ចុងបញ្ចប់ …សូន្យ។ តែយើងខ្ញុំនៅតែ បើកភ្នែកមើល ច្បាប់នៃសង្គមមួយនេះ រហូត...។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...