ព្រឹទ្ធសភា នៅតែប្រជុំពិនិត្យ ច្បាប់បីទាក់ទងតុលាការដ៏ចម្រូងចម្រាស់
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹទ្ធិសភាកម្ពុជា បានកំពុងបើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងឲ្យយោបល់ ជាមួយនឹងការប្រថាប់ត្រា ទៅលើសេចក្ដីព្រាងច្បាប់ចំនួនបី ពាក់ព័ន្ធនឹងស្ថាប័នតុលាការ បើទោះជាអវត្តមានសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំង និងការស្នើសុំពន្យាពេល នៃការពិនិត្យច្បាប់នេះ ពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិក៏ដោយ។
ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធច្បាប់កម្ពុជា - នៅថ្ងៃទី១២ ខែមិថុនានេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិនិត្យផ្តល់យោបល់ និងការប្រថាប់ត្រាលើច្បាប់បីពាក់ព័ន្ធនឹងតុលាការ បន្ទាប់ពីរដ្ឋសភាបានដាក់មកក្នុងដើមខែមិថុនានេះ។
សេចក្តីព្រាងច្បាប់ទាំងបីរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្តីថ្លែងការណ៍ របស់សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ចំនួន១១រូប កាលពីថ្ងៃទី១១ ខែមិថុនា ម្សិលម៉ិញនេះ បានសរសេរថាគណបក្សប្រឆាំងមួយនេះ នឹងមិនចូលប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបាល់ច្បាប់ទាំងបីនោះទេ។ សេចក្ដីថ្លែងការណ៍ បានលើកមូលហេតុថា នោះដោយសារតែច្បាប់នេះ មិនត្រូវបានឆ្លងកាត់ការផ្តល់យោបល់ ពីគណបក្សនយោបាយផ្សេងទៀត ក្រៅពីគណបក្សប្រជាជនកម្ពុជាខ្លួនឯងនោះ។
សេចក្តីថ្លែងការណ៍ដដែល បានសរសេរបន្តថា ច្បាប់ទាំងបីដ៏សំខាន់ ពាក់ព័ន្ធនឹងស្ថាប័នតុលាការនេះ កំពុងតែដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង និងសម្រេចដោយអង្គនិតិប្រតិបត្តិ ដែលដឹកនាំដោយរដ្ឋាភិបាលតែមួយ។ «ច្បាប់ទាំងបីសុទ្ធតែជាច្បាប់ដ៏សំខាន់បំផុត ពាក់ព័ន្ធទៅនឹងការកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីធ្វើការបែងចែកអំណាចរដ្ឋ និងប្រែក្លាយតុលាការក្រោមឥទ្ធិពលនយោបវាយដែលពុករលួយបំផុតបច្ចុប្បន្ន ឲ្យទៅជាតុលាការឯករាជ្យ បំរើវិស័យយុត្តិធម៌ពិតប្រាកដ។»
ទន្ទឹមពេលនេះដែរ តាមសេចក្តីថ្លែងការណ៍រួម របស់មជ្ឈមណ្ឌលសិទ្ធមនុស្ស និង គណៈកម្មការអ្នកច្បាប់ ក៏បានស្នើឲ្យព្រឹទ្ធសភាពន្យារពេលលើសេចក្តីសម្រេច និងពិនិត្យលើច្បាប់ទាំងបីសិន ដើម្បីមានកិច្ចពិគ្រោះយោបល់ជាមួយ អង្គការសង្គមស៊ីវិល និងសាធារណជន ដើម្បីដាក់ឲ្យច្បាប់នេះធានាបានថា (វា)អនុលោមតាមទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ។ «ប្រសិនបើច្បាប់ទាំងនេះ នឹងត្រូវបានអនុម័តជាស្ថាពរ ក្នុងទម្រង់ដដែលនោះ វានឹងអាចផ្តល់អំណាចហួសហេតុ ដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ឯករាជ្យភាពរបស់ តុលាការនៅកម្ពុជា។»
ចំពោះគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) វិញ ក៏បានអំពាវនាវឱ្យព្រឹទ្ធសភាកម្ពុជាពន្យាពេល ត្រួតពិនិត្យច្បាប់ទាំងនេះដែរ។ កាលពីថ្ងៃទី១០ មិថុនានេះ ពីទីក្រុងហ្សឺណែវប្រទេសស្វីស អង្គការមួយនេះបានអះអាងថា ច្បាប់ទាំងនេះត្រូវការប្រឹក្សាយោបល់ ដើម្បីធានាឲ្យបាននូវច្បាប់មួយមានកម្រិតស្តង់ដាអន្តរជាតិ។
តែទោះបីជាមានការស្នើសុំពន្យាពេល ពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ឬការធ្វើពហិការមិនចូលព្រឹទ្ធសភា នៃក្រុមសមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី ក៏ដោយ ក៏សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា នៅតែអាចបើកសម័យប្រជុំលើកទី៥ នៃព្រឹទ្ធសភា នីតិកាលទី៣បានដដែល។ នេះបើតាមក្នុងសេចក្តីជូនដំណឹង របស់ព្រឹទ្ធសភាចុះថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៤ កន្លងមក៕