ទាហានមួកខៀវកម្ពុជាពីររូប បានបាត់បង់ជីវិត នៅប្រទេសម៉ាលី

ទាហានមួកខៀវកម្ពុជាពីររូប ដែលបានទៅបំពេញបេសកកម្មថែរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ម៉ាលី (ក្នុងផ្នែកខាងលិចនៃទ្វិបអាហ្វ្រិក) បានទទួលមរណភាព កាលពីថ្ងៃអង្គារ បន្ទាប់ពីបាន​ទទួលទាន​ចំណី​អាហារខុស។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់អ្នកទទួលខុសត្រូវមួយរូប នៅក្នុងជួរកងទ័ពកម្ពុជា កាលពីថ្ងៃ​ពុធ​ទី១១ ខែមិថុនាកន្លងទៅ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទាហានមួកខៀវកម្ពុជាពីររូប ដែលបានទៅបំពេញបេសកកម្មថែរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ម៉ាលី (ក្នុងផ្នែកខាងលិចនៃទ្វិបអាហ្វ្រិក) បានទទួលមរណភាព កាលពីថ្ងៃអង្គារ បន្ទាប់ពីបាន​ទទួលទាន​ចំណី​អាហារខុស។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់អ្នកទទួលខុសត្រូវមួយរូប នៅក្នុងជួរកងទ័ពកម្ពុជា កាលពីថ្ងៃ​ពុធ​ទី១១ ខែមិថុនាកន្លងទៅ។


ការហ្វឹកហាត់បោសំអាតមីន ដោយកងកម្លាំងកម្ពុជា នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ (រូបថត ឯកសារ)

កងមួកខៀវកម្ពុជា - លោក​ឧត្តមសេនីយ៍​ត្រី ​កែន សូសាវឿន​ នាយករង​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​ នៅ​មជ្ឈមណ្ឌលជាតិ​សម្រាប់​ថែរក្សា​សន្តិភាព ​បានថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ថាក្នុងពេលនេះ លោក​គ្រាន់តែអាចបញ្ជាក់បានថា កងទ័ពមួកខៀវកម្ពុជាចំនួនពីររូប ដែលបំពេញបេសកកម្មថែរក្សាសន្ដិភាព របស់អង្គការ​សហប្រជាជាតិ បានស្លាប់នៅប្រទេសម៉ាលី។ លោកបានថ្លែងទៀតថា មរណភាពនេះ ទំនងជាមកពីពុលអាហារ។

លោកឧត្ដមសេនីយ៍ បានថ្លែងទៀតថា «នេះជាលើកទីមួយហើយ ដែលកងទ័ពមួកខៀវរបស់កម្ពុជា បានស្លាប់​នៅក្នុង​បេសកកម្មថែរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅឯបរទេសដូច្នេះ»។

ប្រទេសម៉ាលី ស្ថិតក្នុងផ្នែកកណ្ដាលខាងលិចនៃទ្វីបអាហ្វ្រិក បានធ្លាក់ខ្លួនក្នុងសភាពផុយស្រួយ និងប្រទាញប្រទង់ បន្ទាប់​ពីមានរដ្ឋប្រហារ​មួយ កាលពីខែមិនាឆ្នាំ២០១២ ដែលធ្វើឲ្យទឹកដីមួយចំនួនធំនៅផ្នែកខាងជើងនៃប្រទេស ត្រូវ​បានវាយ​ដណ្ដើមកាន់កាប់ដោយ ក្រុមអ៊ីស្លាមនិយមដែលមាននិន្នាការទៅបណ្ដាញភេវរកម្ម ប្រចាំនៅតំបន់ទ្វីប​អាហ្វ្រិក​ខាងជើង។

កាលពីខែមករាដើមឆ្នាំ២០១៣នេះ ប្រទេសបារាំងដែលជាអតីតអាណាព្យាបាលដ៏មានឥទ្ធិពល នៅក្នុងតំបន់ បាន​ឆ្លើយ​តបនឹងការស្រែករកជំនួយរបស់ប្រធានាធិបតីម៉ាលី នៅពេលនោះ ហើយបានបញ្ជូនកងទ័ពរបស់ខ្លួន​ទៅធ្វើការ​ទប់ទល់ និង​ក្រោយមកបានវាយបំបាក់សឹងតែទាំងស្រុង នូវក្រុមបះបោរអ៊ីស្លាមនិយមទាំងនោះ។ បន្ទាប់មក បារាំង​បានទុកតួនាទីក្នុងការថែរក្សាសន្ដិសុខរបស់ប្រទេសម៉ាលី ទៅឲ្យអង្គការសហប្រជាជាតិ ដែលចាំបាច់ត្រូវធ្វើការស្នើសុំ​ទៅកាន់ប្រទេសសមាជិកនានា ដើម្បីបញ្ជូនកងទ័ពរបស់ខ្លួន ទៅតាមជំនាញរៀងៗខ្លួនមកជួយរួមចំណែក។

ឆ្លើយតាមការស្នើសុំរបស់អង្គការសហប្រជាជាតិនេះហើយ ទើបកាលពីខែកុម្ភៈកន្លងទៅ ព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជូនកងទ័ពរបស់ខ្លួន ប្រមាណជា៣០៩នាក់ ទៅកាន់ប្រទេសអាហ្វ្រិកមួយនេះ ដែលស្ថិតក្នុងការប្រទាញ​ប្រទង់​នៅ​ឡើយ។

ប្រទេសម៉ាលី ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដូចជាប្រទេសស៊ូដង់ ប្រទេសឆាត អាហ្វិកកណ្តាល និងប្រទេសលីបង់ជាដើម ដែលកម្ពុជាបានចូលរួមជួយឈឺឆ្អាល ក្នុងការស្ដា និងការថែរក្សាសន្ដិភាព​ក្នុង​ប្រទេស​ទាំង​នោះ។ កងកម្លាំងរបស់កម្ពុជា ត្រូវបានបញ្ជូនឲ្យទៅចូលរួមជួយខាងផ្នែកវិស្វកម្ម បោសសំអាតមីន និងសុខាភិបាល តែ​កម្ពុជាមិនមានការបញ្ជូនកម្លាំងដើម្បីធ្វើការប្រយុទ្ធនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...