ហ៊ុន សែន ថាគ្មាននរណាសម្លាប់លោកបានទេ ពេលលោកនៅកាន់អំណាច
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ពេលណាខ្ញុំនៅកាន់តំណែង ជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច ដែលជាសេចក្ដីសន្និដ្ឋាន ចេញពីការរំលឹកខួបទី២០ នៃព្រឹត្តិការណ៍បង្កៃគ្រាប់រ៉ុក្កែត B40 ចំនួនបួនគ្រាប់ កាលពីឆ្នាំ១៩៩៨ ក្នុងខេត្តសៀមរាប ដែលលោកអះអាងថា ជាគម្រោងធ្វើឃាត ទៅលើរូបលោក នៅពេលនោះ។
បុរសខ្លាំងកម្ពុជា ដែលត្រូវបានសភាឯកបក្ស នីតិកាលថ្មី ជ្រើសតាំងឲ្យនៅបន្តអំណាច បានសរសេររៀបរាប់ថា៖ «នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសល វាបានទៅបុកផ្ទះប្រជាជន នៅម្ខាងផ្លូវ ធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀត ត្រូវរបួសជាទម្ងន់»។
ព្រឹត្តិការណ៍នៅវេលានោះ ជាការប្រជុំសភា នីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់ នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ លោក ហ៊ុន សែន ពន្យល់ទៀតថា៖ «ប្រសិនបើពេលនោះ គ្រាប់បេ៤០ទាំង៤គ្រាប់ ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះ មិនមានភ្លៀងធំស្ទើរបាក់មេឃ ដែលធ្វើឲ្យខ្សែភ្លើង បញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវចប់ តាំងពីពេលនោះមក»។
លោកនាយករដ្ឋមន្ត្រីអាណត្តិថ្មី បានសរសេរចោទសួរ ដោយខ្លួនលោកថា៖ «ប្រសិនបើខ្ញុំស្លាប់ នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើង ក្រោយពេលខ្ញុំស្លាប់ នៅក្នុងក្រុងសៀមរាប? បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បាន តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ?»។
ការរំលឹកខួប នៃព្រឹត្តិការណ៍ខាងលើ ធ្វើឡើងក្រោយប៉ុន្មានម៉ោង ពីការបង្ហោះខ្សែវីដេអូមួយ នៅលើបណ្ដាញសង្គម ពីសំណាក់គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន គឺលោក សម រង្ស៊ី ដែលពន្យល់ពីវិបត្តិនយោបាយ ក្នុងប្រទេសកម្ពុជា នៅពេលនោះ។ សម្រាប់ប្រធានចលនាសង្គ្រោះជាតិ បានអះអាងថា ការបង្កៃគ្រាប់រ៉ុក្កែតទាំងនោះ ជាស្នាដៃរបស់លោក ហ៊ុន សែន ខ្លួនឯង ដើម្បីទម្លាក់កំហុស ទៅលើរូបលោក (សម រង្ស៊ី)។
យ៉ាងណា លោក ហ៊ុន សែន អះអាងថា លោកបាន«អហោសិកម្ម» ឲ្យអ្នកដែលចង់សម្លាប់លោក នៅពេលនោះរួចហើយ។ តែលោកបន្តព្រមានឡើងថា៖ «ពេលណាខ្ញុំនៅកាន់តំណែង ជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៍ដោយ ខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជា ឲ្យខាងតែបាន។»៕