អាមេរិកបន្តដាក់សម្ពាធកម្ពុជា អោយដោះលែងអ្នកទោសនយោបាយ
សហរដ្ឋអាមេរិក បាននិយាយអោយដឹង កាលពីថ្ងៃអង្គារទី១៩ខែកុម្ភះ ថាខ្លួនចង់បានការចូលរួម ក្នុងការបោះឆ្នោតនាពេលខាងមុខ ពីមេដឹកនាំគណបក្សប្រឆាំង ដែលសព្វថ្ងៃកំពុងរស់នៅនិរទ្ទេសខ្លួន នៅឯប្រទេសបារាំង។ ប្រទេសមហាអំណាចមួយនេះ ក៏បានថ្លែងដូចគ្នា ទាក់ទងនឹងប្រធានវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ។
លោកម៉ៃឃើល ផស្ន័រ ក្នុងពេលទស្សនកិច្ចនៅកម្ពុជា។ MONOROOM.info photo/ O. Vary។
សេចក្ដីអត្ថាធិប្បាយនេះ បានលើកឡើង ដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមរិក លោក ម៉ៃឃើល ផស្ន័រ (Michael Posner) នៅក្នុងជំនួបរយះពេលមួយម៉ោង ជាមួយនឹងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោកហោ ណាំហុង។ លោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការការបរទេសកម្ពុជា បានថ្លែងប្រាប់ទៅអ្នកសារពត៌មាន នៅក្រោយជំនួបថា លោកឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកខាងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងាររបស់ប្រទេសអាមេរិក បានប្រកាសប្រាប់ទៅប្រមុខការទូតកម្ពុជា ពីបំណងរបស់សហរដ្ឋអាមេរិក ដែលចង់ឃើញការចូលរួម ក្នុងការបោះឆ្នោតខែកក្កដាខាងមុខ របស់មេដឹកនាំសំខាន់ នៃគណបក្សប្រឆាំង លោកសម រង្សី និងម្ចាស់វិទ្យុសម្បុកឃ្មុំ លោកម៉ម សូណង់ដូ។
«សហរដ្ឋអាមេរិក គិតថា ដើម្បីដំណើរការប្រជាធិបតេយ្យ មានភាពល្អប្រសើរ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា វាគួរតែមានវត្តមានរបស់លោកសម រង្សី និងការចូលរួមរបស់លោក ម៉ម សូណង់ដូ នៅក្នុងការបោះឆ្នោតលើកក្រោយនេះ» លោកអ៊ុច បូរិទ្ធ បានស្រង់សម្ដីមកនិយាយ និងបន្តវាយតម្លៃ ពីការមើលឃើញ របស់រដ្ឋាភិបាល និងសមាជិកសភាអាមេរិក ទៅលើការដាក់ទោសទៅលើ លោកសម រង្សី និងលោកម៉ម សូណង់ដូ ថា«មានចរិកនយោបាយ»។
ក្នុងចម្លើយឆ្លើយតបទៅវិញ លោកហោ ណាំហុងបានបញ្ជាក់ ទៅដៃគូរសន្ទនារបស់លោកវិញថា ការដាក់ទោសទៅលើលោកសម រង្សី និងលោកម៉ម សូណង់ដូ ដោយតុលាការ ជា«ផ្លែផ្កា»នៃលទ្ធិប្រជាធិបតេយ្យ និការគោរពសិទ្ធិមនុស្ស។ អ្នកទាំងពីរត្រូវបានតុលាការរកឃើញថា មានកំហុសក្នុងបទប្រព្រឹត្តិព្រហ្មទណ្ឌ។
ប្រមុខការទូតខ្មែរ បានពន្យល់ថា លោកសម រង្សីជាប់ទោសក្នុងពន្ធនាគារ ១១ឆ្នាំ ពីបទដកបង្គោលព្រំដែនខ្មែរ-វៀតណាម និងថាបានផ្សព្វផ្សាយ នូវឯកសារព្រំដែនមិនពិត ដែលបានចោទប្រកាន់ រដ្ឋាភិបាលកម្ពុជា ថា«កាត់ដី»អោយទៅប្រទេសវៀតណាម។ រីឯលោកម៉ម សូណង់ដូ ជាប់ទោស២០ឆ្នាំ ពីបទបង្កើតចលនាអប្បគមន៍ ចង់ផ្ដាច់ទឹកដី ដោយមានសាក្សី និងភស្ដុតាងគ្រប់គ្រាន់ សម្រាប់ធ្វើការចោទប្រកាន់ នៅក្នុងអង្គសវនាការ។
«សហគមន៍អន្តរជាតិ បានទទូចអោយកម្ពុជា កុំជ្រៀតជ្រៀកក្នុងកិច្ចការរបស់តុលាការ។ តែឥឡូវនេះ សហរដ្ឋអាមេរិក សុំអោយយើងលើកលែងទោស អោយសម រង្សី និងម៉ម សូណង់ដូ។ ដូច្នេះបានន័យថា សហរដ្ឋអាមេរិក កំពុងបង្ខំអោយកម្ពុជា អោយរំលោភលើច្បាប់ និងជ្រៀតជ្រែកលើឯករាជ្យភាពរបស់តុលាការ។» លោកហោ ណាំហុង វាយបកទៅកាន់សហរដ្ឋអាមេរិកវិញ យ៉ាងដូច្នេះ។
«ការកាត់ទោសត្រូវបានធ្វើ នៅក្នុងដែនសមត្ថកិច្ចពេញបរិបូរណ៍ របស់តុលាការ មិនមែនជាសមត្ថកិច្ចរបស់រដ្ឋាភិបាលនោះទេ។ កម្ពុជាកំពុងបន្ត ពង្រឹងនិតិរដ្ឋ។ កម្ពុជាមិនអាចធ្វើការ លើកលែងទោសពួកគេនោះបានទេ ព្រោះគ្មាននរណា ម្នាក់អាចនៅពីលើច្បាប់ឡើយ។» លោកបានបន្ថែម «អ្នកទាំងនោះ សុទ្ធសឹងជាអ្នកទោស។ បើយើងដោះលែងពួកគេ កម្ពុជានឹងក្លាយជា អាណាធិបតេយ្យ។»
សូមរំលឹកឡើងវិញ ថាករណីរបស់អ្នកទោសនយោបាយ ជាពិសេសករណីរបស់លោកម៉ម សូណង់ដូ ត្រូវបានលើកយកមកនិយាយ ជារឿយៗ ដោយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) និងនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ម៉ាក អារូល៍ (Jean-Marc Ayrault) នៅក្នុងជំនួបផ្ទាល់មាត់ពីរផ្សេងគ្នាថ្មីៗកន្លងមក ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ តែជាជានិច្ចជាកាល មេដឹកនាំនៃប្រទេសធំៗទាំងនោះ តែងទទួលបានចម្លើយយ៉ាងជូចត់ទៅវិញ ពីមេដឹកនាំខ្មែរលោកហ៊ុន សែន បែបនេះ៖ «នៅកម្ពុជា គ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយ ដែលមានទោសប៉ុណ្ណោះ»៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ