ហ៊ុន សែន ព្រមានដកអភ័យឯកសិទ្ធិតំណាងរាស្រ្ត៧រូបរបស់បក្សប្រឆាំង
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៩ មករា ២០១៤
- កែប្រែចុងក្រោយ: January 19, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ហាជាប់គាំងពីការជជែកនានា ពាក់ព័ន្ធនឹងច្បាប់សម្រាប់ដំណើរការ គ.ជ.ប រវាងក្រុមបច្ចេកទេស មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជម្រុញឲ្យប្រមុខដឹកនាំនៃដៃគូរជម្លោះទាំងសងខាង យកវេទិការសារធារណៈនានា មកធ្វើការវាយប្រហារគ្នាទៅវិញទៅមក យ៉ាងចាស់ដៃរៀងៗខ្លួន រហូតឈានដល់ការគម្រាម ដកអភ័យឯកសិទ្ធិតំណាងរាស្រ្តប្រាំពីរនាក់ មកពីគណបក្សប្រឆាំង ដើម្បីប្រគល់ខ្លួនឲ្យតុលាការ។
ថ្លែងក្នុងពេលប្រគល់សញ្ញាប័ត្រ ដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យមួយ ក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការព្រមានចំៗ ទៅកាន់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា នឹងគ្មានការចរចា ឬកិច្ចសម្របសម្រួលនយោបាយណាមួយឡើយ នាពេលខាងមុខ ដោយសារតែប្រធានគណបក្សប្រឆាំង មិនបានគោរពនូវកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ និងការសន្យាក្នុងរដ្ឋសភានាពេលកន្លងមក។
ការតម្លើងសម្លេងរបស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីលោកសម រង្ស៊ី បានប្រកាសថា និងទាមទារឲ្យរដ្ឋាភិបាលដោះលែង សកម្មជនបក្សសង្គ្រោះជាតិដោយគ្មានលក្ខខ័ណ្ឌ និងធ្វើការសម្របសម្រួលផ្នែកនយោបាយជាបន្ត។ លោក សម រង្ស៊ី និងលោក កឹម សុខា បានប្រកាសបែបនេះ ក្នុងវេទិការ “តំណាងរាស្ដ្រ និងម្ចាស់ឆ្នោត” កាលពីថ្ងៃទី១៨ ខែមករា ម្សិលម៉ិញនេះនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងពីរ បានបរិហារថា ប្រទេសកម្ពុជាពោរពេញដោយភាពអយុត្តិធម៌ក្នុងសង្គម អំពើពុករលួយ។ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស ឲ្យស្ថិតក្រោមអាណានិគម៣០ឆ្នាំរបស់ប្រទេសវៀតណាម បានកំពុងដាក់គំនាបក្នុងពេលនេះ មកលើគណបក្សប្រឆាំង តាមរយៈការចាប់ខ្លួនសកម្មជន និងតំណាងរាស្រ្តបក្សប្រឆាំង ដើម្បីតែដោះដូរបញ្ហានយោបាយតាមការចចារ។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើ របស់ប្រធានគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ម្សិលមិញទាមទារឲ្យដោះលែងអ្នកនេះ ដោះលែងអ្នកនោះ ដោយគ្មានលក្ខខណ្ឌ។ (…) ការសម្របសម្រួលនយោបាយខ្ញុំបញ្ជាក់ម្តង ហើយម្តងទៀតថា គ្មានទេ។ ការសម្រួបសម្រួលគ្មានប្រសិទ្ធិភាព ទៅលើបណ្តឹងអាជ្ញាទាក់ទងព្រហ្មទណ្ឌ។»
លោកនាយករដ្ឋមន្រ្តីមានថ្លែងបញ្ជាក់ថា តុលាការនឹងធ្វើកិច្ចការរបស់គេ ហើយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំង៥៥រូប មិនអាចរកសំឡេង៣ភាគ៤ពីសភាបាននោះទេ ដើម្បីគាំទ្រកុំឲ្យមានការដកអភ័យឯកសិទ្ធិយកទៅកាត់ទោស។ លោក ហ៊ុន សែន បានឲ្យដឹងទៀតថា អភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តទាំង៧នោះ ទទួលបានក្រោយពេលតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ លោកបន្តថា តុលាការនឹងចាត់វិធានការអ្នកដែលកំពុងជាប់ឃុំឃាំងមុន និងបន្ទាប់មក គឺអ្នកនៅក្រៅឃុំ។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាននិយាយអះអាងថា ខ្លួនលោកគោរពតុលាការ ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនបានប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍នយោបាយនោះឡើយ។
តំណាងរាស្រ្តទាំង៧នាក់ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកំពុងសំដៅនោះមានលោកស្រី មូរ សុខហួរ, លោក នុត រំដួល, លោក ឡុង រី, លោក ម៉ែន ថាវរិន្ទ, លោក កែវ ភិរម្យ,លោក ហូរ វ៉ាន់ និងលោក រៀល ខេមរិន្ទ។ តំណាងរាស្រ្តគណបក្សប្រឆាំងទាំង៧នាក់នេះ ត្រូវបានតុលាការចោទប្រកាន់អំពីរឿងអំពើហិង្សា នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ពួកគេក៏ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ បន្ទាប់ពីមានជំនួនកំពូល សម្របសម្រួលបញ្ហានយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងលោក រវាង ហ៊ុន សែន និង លោក សម រង្ស៊ី។
មកទល់នឹងពេលនេះ មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដើម្បីសុំប្រតិកម្មទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន បាននៅឡើយ។ ចំពោះច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា មាត្រា៨០ វិញ បានចែងថា៖
«តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។
សេចក្ដីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។»។៕