ស្រវឹងបង្កតណ្ហាឡើងខ្លាំង ទៅចាប់ធុងប្រអប់សំបុត្ររំលោភ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២២ មករា ២០១៥
- កែប្រែចុងក្រោយ: January 24, 2015
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង តាំងពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ នៅកណ្ដាលក្រុង វីហ្គាន ភាគកណ្ដាលនៃចក្រភពអង់គ្លេស (ស្ថិតនៅចន្លោះក្រុង លីវើភូល "Liverpool" និងមែនឆេស្ទ័រ "Manchester")។ មនុស្សម្នាអ្នករស់នៅ និងអ្នករកទទួលទានក្នុងសង្កាត់មួយ ដែលសម្បូរទៅដោយហាងលក់ទំនិញនោះ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពួកគេទើបនឹងដឹងថា នគរបាលបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបុរសនោះ បានបើកការវាយប្រហារសម្រេចកាមតណ្ហាយ៉ាងអស្ចារ្យមួយ ទៅលើ... ធុងប្រអប់សំបុត្រសាធារណៈ ដែលដាក់នៅកណ្ដាលផ្លូវសម្រាប់ទទួលសំបុត្របញ្ញើរ។
មានឈ្មោះថា ផូល ប៊េណេត (Paul Bennett) បុរសអាយុ៤៥ឆ្នាំរូបនេះ បានធ្លាក់ខ្លួនទៅក្នុងសភាពប្រមឹកយ៉ាងហួសហេតុមួយ រួចបានស្រាតខោរបស់ខ្លួនចោល មុននឹងចាប់ធុងប្រអប់សំបុត្រនោះ មករំលោភយ៉ាងអាណោចអាធម។ សាក្សីជាច្រើននាក់ដែលបានដើរកាត់តាមនោះ បានស្ដាប់ឮបុរសនេះ បញ្ចេញសម្លេងថ្ងូរឲ្យរហឹសនោះផងទៀត។ នេះបើតាមសេចក្ដីរាយការណ៍ របស់បណ្ដាញផ្សព្វផ្សាយជាច្រើន ទាំងក្នុងតំបន់ ទាំងសារព័ត៌មានធំៗ របស់ចក្រភព។
អ្នករស់នៅក្នុងសង្កាត់នោះ ដែលបានឃើញផ្ទាល់ភ្នែក នូវសកម្មភាពនេះ បាននិយាយថា បុរសប្រមឹកបានបង្កបញ្ហាជាមួយស្ត្រីមួយរូប ដែលដើរកាត់តាមនោះ។ បន្ទាប់មក បុរសដ៏អស្ចារ្យបានទម្លាក់ខ្លួនដេក នៅលើកៅអីវែងសាធារណៈ មុននឹងងើបមកវិញ ហើយស្រាតខោរបស់ខ្លួនគ្រវាត់ទៅលើបង្គោលភ្លើងនៅក្បែរនោះ។ មិនដឹងថា តើអារម្មណ៍និងភ្នែករបស់គាត់ គិតស្មានថាជាទេពធីតាដ៏ស្រស់ស្អាត នៅចំពោះមុខក៏មិនដឹង ព្រោះលោក ផូល ប៊េណេត បានបើកការរំលោភសេពសន្ធវៈទៅលើធុងប្រអប់សំបុត្រ រួចបានញាក់មុខធ្វើកាយវិការ ដាក់កញ្ចក់ហាងលក់ដូរមួយ នៅក្បែរនោះទៀត។
នគរបាលមួយក្រុមបានមកដល់ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះធុងប្រអប់សំបុត្រ តែលោក ផូល ប៊ែណេត មិនបណ្ដោយឲ្យគេចាប់ខ្លួនគាត់ដោយស្រួលនោះទេ ព្រោះគាត់បានរើបម្រះ និងថែមទាំងបានជេរបញ្ចោរយ៉ាងចាស់ដៃ ទៅលើភ្នាក់ងារនគរបាលទាំងនោះផង។
ករណីរបស់បុរសដ៏អស្ចារ្យម្នាក់នេះ ទើបនឹងត្រូវបានតុលាការអង់គ្លេសសម្រេចក្ដី កាលពីចុងសប្ដាហ៍មុន។ តុលាការបានកំណត់ឲ្យបុរសវ័យ៤៥ឆ្នាំរូបនេះ ត្រូវព្យាបាលរោគញៀនស្រារបស់គាត់ ក្នុងរយៈពេល១២ខែ ក្រោយការត្រួតពិនិត្យពីនគរបាលជាប្រចាំ។ លោកត្រូវបង្ខំឲ្យបង់ប្រាក់២៦០លីវ ជាការពិន័យនិងជាថ្លៃសំណុំរឿង ឡើងសវនាការ។ ប៉ុន្តែរឿងដែលគួរឲ្យរំខានជាងនេះ គឺលោក ផូល ត្រូវបានកត់ត្រាឈ្មោះ ចូលក្នុងបញ្ជី«ជនល្មើសល្មោភកាម»នៃប្រព័ន្ធយុត្តិធម៌អង់គ្លេស៕