ឌុយតែតេ ចង់​ដាក់​គុក​កុមារ តាំង​ពី​អាយុ​៩ឆ្នាំ

នៅហ្វីលីពីន សង្គ្រាមប្រឆាំងនឹងគ្រឿងញៀន មិនអនុគ្រោះដល់នរណាម្នាក់ឡើយ បើ​សូម្បី​តែ​កុមារ​អាយុ​៩ឆ្នាំ។ នេះ​បើ​តាម​គម្រោង របស់លោកប្រធានាធិបតី រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ដែលចង់យកកុមារ ដែលជាប់ពាក់ព័ន្ធ នឹងចរាចរណ៍ថ្នាំញៀន មកកាត់ទោស និង​ដាក់​ពន្ធនាគារ។
ឌុយតែតេ ចង់​ដាក់​គុក​កុមារ តាំង​ពី​អាយុ​៩ឆ្នាំ
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន កំពុងកាន់កាំភ្លើង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៦
  • កែប្រែចុងក្រោយ: January 04, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ដែលបានឡើងមកកាន់អំណាច បាន​ប្រមាណ​ជា៦ខែ មាន​បំណង​​​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បីបន្ថយអាយុទាបបំផុត នៃការទទួលខុសត្រូវ ផ្នែក​ទោស​ព្រហ្មទណ្ឌ ពី១៦ឆ្នាំ មកនៅ​ត្រឹម​តែ៩ឆ្នាំ។ បុរស​ខ្លាំង​ថ្មី​របស់​ប្រទេស នៅតំបន់​អាស៊ីប៉ាស៊ីភិករូបនេះ បាន​គិត​ថា ជនរត់​គ្រឿង​ញៀន បានប្រើប្រាស់កុមារ កាន់តែច្រើនឡើងៗ នៅ​ក្នុងការជួញដូរថ្នាំស្រវឹង ឬ​ម្សៅញៀន​របស់​ពួក​គេ។

នោះ គឺដោយសារតែកុមារៗទាំងនោះ មានអាយុមិនទាន់ដល់កម្រិត ដែលត្រូវទទួលទោសតាមច្បាប់។ រហូត​មកដល់ថ្ងៃនេះ ចំពោះ​កុមារ​ដែលប្រព្រឹត្តិល្មើស ពួកគេត្រូវបានដាក់ នៅក្នុងមជ្ឈមណ្ឌលអប់រំមួយ ដើម្បី​បណ្ដុះ​បណ្ដាល ឲ្យត្រឡប់​មក​ធ្វើ ជាពលរដ្ឋល្អវិញ។

នយោបាយរបស់លោកប្រធានាធិបតី មិនត្រូវបានសាទរ ដោយក្រុមអ្នកធ្វើការ ផ្នែកសង្គមកិច្ច ទាក់ទង​នឹង​កុមារ​រង​គ្រោះ​ទាំងនោះ​ឡើយ។ អ្នកស្រី «April Amistoso» អ្នកបង្ហាត់បង្រៀនមួយរូប នៅក្នុង​មជ្ឈមណ្ឌល​អប់រំ បាន​ថ្លែង​ឡើងថា៖ «បើយើងដាក់​ទណ្ឌកម្ម ទៅលើកុមារ ដែលគ្នាមានអាយុទើបតែប៉ុណ្ណឹង នៅពេល​ដែល​កុមារ​នោះ​ធំ​ឡើង វានឹង​មាន​លទ្ធផល​ដដែល។ យើងដាក់​ទណ្ឌកម្ម​កុមារ ដោយសារយើងចាត់ទុកគ្នា ថាជា​ជន​ឧក្រិដ្ឋ។ តែបើ​យើង​ជួយ​កុមារទាំងនោះ ពួកគេអាចនឹងក្លាយ ជាពលរដ្ឋល្អវិញ សម្រាប់​សង្គម​ជាតិ។»។

គម្រោងធ្វើវិសោធនកម្មច្បាប់នោះ កំពុងត្រូវបាន យកមកជជែកនៅឡើយ នៅក្នុងរដ្ឋសភាជាតិ របស់​កោះ​ហ្វីលីពីន ប៉ុន្តែ​លោក​ប្រធានាធិបតី ឌុយតែតេ កំពុងខិតខំជំរុញច្បាប់នេះ ឲ្យឆាប់ត្រូវបានអនុម័ត។

ជាការរំលឹកឡើងវិញ លោក រ៉ូឌ្រីចូ ឌុយតែតេ បានជាប់ឆ្នោត ដោយសារភាពល្បីល្បាញរបស់លោក នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹងក្រុមអ្នកប្រើប្រាស់ និងជួញគ្រឿងញៀន នៅក្នុងទីក្រុង ដាវ៉ៅ (Davao - ភាគខាង​ត្បូង​ហ្វីលីពីន) ក្រុងដែលលោកបានកាន់តំណែង ធ្វើជាអភិបាល ក្នុងរយៈពេលជាង២០ឆ្នាំ។ នៅអំឡុង​ពេល​នោះ និងដើ​ម្បី​បោស​សំអាត​ក្រុងមួយនេះ ដែលល្បីថា ជាក្រុងនៃឧក្រិដ្ឋកម្ម ដ៏ខ្លាំងជាងគេ នៅហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ បានធ្វើ​មិនដឹង​មិនឮ ទាក់ទងនឹងការសម្លាប់មនុស្ស ច្រើនជាង១០០០នាក់ ភាគច្រើន​ជាជន​សង្ស័យ នៅក្នុង​សំនុំរឿង​គ្រឿងញៀន ពីសំណាក់ជនប្រដាប់អាវុធច្រើននាក់។ លោក ឌុយតែតេ ខ្លួនលោក​ធ្លាប់​បង្ហើប​ថា លោក​បាន​នៅ​ពី​ក្រោយ ជនប្រដាប់អាវុធទាំងនោះ មុននឹងបានច្រានចោល ការលើកឡើងនេះ នៅពេល​ក្រោយ​វិញ។

រាប់ចាប់​តាំង​ពីការស្បថ ចូលមកកាន់តំណែង ជាប្រធានាធិបតីហ្វីលីពីន រហូតមកដល់ថ្ងៃនេះ នយោបាយ​បង្ក្រាប​គ្រឿងញៀន របស់​លោក បានបណ្ដាលឲ្យមនុស្សជាង ៦០០០នាក់ ត្រូវបានសម្លាប់ ក្នុងនោះមនុស្ស​ជាង​២០០០នាក់ ត្រូវបានសម្លាប់ ដោយកង​កម្លាំង​អាជ្ញាធរ។ ប៉ុន្តែមនុស្សស្លាប់ ច្រើនជាង​៣០០០នាក់​ផ្សេង​ទៀត ភាគច្រើនសុទ្ធសឹង​ជាករណី ដែលគ្មាន​ការពន្យល់​ច្បាស់លាស់។ នយោបាយ​របស់​លោក ឌុយតែតែ ទទួលបានការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់​អង្គការសហប្រជាជាតិ សហគមន៍អ៊ឺរ៉ុប និងជា​ពិសេស​​សហរដ្ឋ​​អាមេរិក ដែលជាសម្ព័ន្ធមិត្ត​ចាស់វស្សា របស់ប្រទេសហ្វីលីពីន។

យ៉ាងណាក៏ដោយ ក៏ប្រជាប្រិយភាពរបស់លោក រ៉ូឌ្រីចូ ឌុយតែតេ មិនបានរងការប៉ះពាល់អ្វីឡើយ។ តាម​ការ​ស្ទង់​មតិ​មួយ របស់​វិទ្យាស្ថាន «Philippine Social Weather Stations» បានអះអាងថា ប្រជាជនហ្វីលីពីនភាគ​ច្រើន នៅ​តែ​ស្រឡាញ់​ចូលចិត្ត​​​ប្រធានាធិបតី​ របស់ពួកគេដដែល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...