ចាន់ ពុទ្ធិស័ក្ក៖ កុមារ៥០នាក់ ឬច្រើនជាងនេះ ត្រូវកំព្រាម្តាយ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 16, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ក្នុងមួយគ្រួសារ អ្នកខ្លះមាន៤នាក់ អ្នកខ្លះមាន៥នាក់ ហើយអ្នកខ្លះ មានរហូតទៅដល់៧ -៨នាក់។ អញ្ចឹងទេ ប្រហែលជិត៥០នាក់ ឬ៥០នាក់ជាង ដែលត្រូវកំព្រាម្តាយ ដោយសារតែការចាប់ខ្លួន ដោយគ្មានយុត្តិធម៌ យកទៅដាក់ក្នុងពន្ធនាគារ» នេះជាការលើកឡើងរបស់លោក ចាន់ ពុទ្ធិស័ក្ក ពីទុក្ខលំបាកនានារបស់កុមារៗ នៅក្នុងសហគមន៍បឹងកក់ បន្ទាប់ម្តាយត្រូវបានចាប់ខ្លួន។
ធ្លាប់តែរាល់ថ្ងៃ មានម្តាយនៅថែរក្សា ដាំបាយឱ្យញ៉ាំ ជូនទៅសាលារាល់ថ្ងៃ ប៉ុន្តែពេលនេះ បែរជាត្រូវឃ្លាតពីម្តាយ វាជារឿងដ៏លំបាកណាស់សម្រាប់កុមារទាំងនោះ។ លោក ចាន់ ពុទ្ធិស័ក្ក បានបន្ថែមថា បើទោះជាស្រ្តី ដែលត្រូវបានចាប់ខ្លួនទាំងនោះ មិនបានរកប្រាក់ចំណូល ជួយផ្គត់ផ្គង់គ្រួសារក៏ដោយ ប៉ុន្តែពួកគាត់មានការងារជាច្រើនជំពូក ក្នុងការមើលថែទាំគ្រូសារ។
លោកថា ការចាប់ការខ្លួនស្រ្តីទាំងនោះ គឺជារឿងមួយអយុត្តិធម៌ណាស់ ដោយគ្រាន់តែសំអាងលេស នៃការកក់ស្ទះចរាចរណ៍សោះ ពួកស្ត្រីៗទាំងនោះត្រូវមានទោស និងចាប់ដាក់ពន្ធនាគារឃុំឃាំង ដែលពីមុនៗមក មិនដែលមានបញ្ហានេះទាល់តែសោះ។ លោកបន្តថា វាជារឿងមួយដែលមិនសមហេតុផល ព្រោះថា ដោយសារប្រជាពលរដ្ឋទ្រាំមិនបាន នឹងក្លិនស្អុយ ពីទឹកដែលផុសចេញពីលូលិចផ្ទះរបស់ពួកគាត់ ទើបធ្វើឱ្យគាត់ចេញតវ៉ា រកដំណោះស្រាយ។
គួររម្លឹកថា ស្រ្តីអ្នកភូមិបឹងកក់៧នាក់ ត្រូវបានអាជា្ញធរចាប់ខ្លួន និងត្រូវបានតុលាការរាជធានីភ្នំពេញ ចេញសាលក្រមផ្តន្ទាទោស ជាប់ពន្ធនាគារម្នាក់មួយឆ្នាំ និងពិន័យជាប្រាក់ម្នាក់ពីរលានរៀល។ ស្ត្រីទាំង ៧ នាក់នោះ ត្រូវបានចាប់ខ្លួន ខណៈពួកគាត់ធ្វើការតវ៉ា និងបានឈានទៅធ្វើការបិទផ្លូវមួយកំណាត់ផ្លូវព្រះមុនីវង្ស ដើម្បីទាមទារឱ្យសាលារាជធានី ដោះស្រាយបញ្ហាទឹកលិច ក្នុងតំបន់បឹងកក់។ រីឯស្ត្រីបីនាក់ផ្សេងទៀត មកពីសហគមន៍ដែលរងគ្រោះ នឹងបញ្ហាដីធ្លីផ្ទះសម្បែង ក៏ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនដែរ ក្រោយបទចោទ«រំខានកិច្ចការរបស់មន្ត្រីរាជការសាធារណៈ» ខណៈដែលពួកគាត់ទាំងនេះ បានទៅតវ៉ាទាមទារឲ្យតុលាការរាជធានីភ្នំពេញ ដោះលែងស្ត្រីទាំង៧នាក់៕