សួន សេរីរដ្ឋា ថាបេក្ខជនទី ៩ គ.ជ.ប ថ្មី ជា«សត្វសេក»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៤ មេសា ២០១៥
- កែប្រែចុងក្រោយ: April 24, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលនឹងចូលរួម ការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៨ ខាងមុខនេះ បានសរសេររិះគន់ ក្នុងបណ្តាញព័ត៌មាន យ៉ាងខ្លាំងៗ ទៅលើបេក្ខភាពទី៩ របស់ គ.ជ.ប ថ្មី ដែលចេញពីអង្គការសង្គមស៊ីវិល ថាជាបេក្ខភាពមួយគ្មានន័យ និងគ្មានតម្លៃ សម្រាប់ធ្វើឲ្យ គ.ជ.ប មួយនេះ មានឯករាជ្យភាព និងតុល្យភាព ព្រោះតែខ្លួន បានធ្វើត្រឹមតែជាអ្នកនាំពាក្យ ប៉ុណ្ណោះ។
ប្រធានគណបក្សអំណាចខ្មែររូបនេះ បានធ្វើការប្រៀបប្រដូច អ្នកនាំពាក្យ គ.ជ.ប ថ្មីនេះ ទៅនឹង«សត្វសេក»មួយ របស់ គ.ជ.ប ដែលមានសិទ្ធ និងអំណាច ត្រឹមតែពាំនាំពាក្យនានា របស់ស្ថាប័នថ្មីប៉ុណ្ណោះ។ លោកបានសរសេរថា៖ «បើបេក្ខជនទី៩ ដែលរើស មកពីខាងអង្គការសង្គមស៊ីវិល បានធ្វើត្រឹមតែជា "សត្វសេក" របស់ គ.ជ.ប ថ្មីនោះ តើបេក្ខភាពនេះមានតំលៃអ្វី ?»
ប្រធានគណបក្ស ដែលសម្បូរវោហារស័ព្ទរូបនេះ បានចាត់ទុកថា គ.ជ.ប មិនមានភាពឯករាជ្យនៅឡើយ តែគឺជាឧបករណ៍នយោបាយសម្រាប់ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ លោកបានសរសេរបន្តថា៖ «គ.ជ.ប ថ្មីនេះ គ្រាន់តែជាឧបករណ៍ រៀបចំការបោះឆ្នោតឲ្យ CPP & CNRP សម្រាប់ការបោះឆ្នោតបង្គ្រប់កិច្ច នាឆ្នាំ ២០១៨។ ដូច្នោះ គណបក្សអំណាចខ្មែរ និងពលរដ្ឋខ្មែរ ដែលចង់បានការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ និងចង់បាន គ.ជ.ប ឯករាជ្យនោះ យើងនៅមានការងារច្រើនទៀត ដើម្បីតស៊ូគោលនយោបាយ និងធ្វើការតស៊ូមតិ ទាមទារំលាយ គ.ជ.ប របស់ CPP & CNRP នេះចេញ ហើយបង្កើត គ.ជ.ប ដែលឯករាជ្យពិតប្រាកដ មិនចំណុះឲ្យ គណបក្សនយោបាយ!»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មតប ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យថ្មី របស់ គ.ជ.ប បានទេ ដោយលោកពុំទទួលទូរស័ព្ទ។ តែលោកធ្លាប់បានអះអាង បន្ទាប់ពីលោកបានជាប់ជាបេក្ខភាពទី៩ ថ្មីៗថា លោកនឹងព្យាយាមធ្វើយ៉ាងណា ជម្រុញឲ្យ គ.ជ.ប ថ្មីមួយនេះ មានភាពឯករាជ្យ។ លោកបានថ្លែងនាពេលនោះថា លោកក៏នឹងជម្រុញ ឲ្យការបោះឆ្នោត ក្នុងឆ្នាំ ២០១៨ ខាងមុខ ប្រកបដោយសេរី និងយុត្តិធម៌ ដែលធ្វើឲ្យគ្រប់គណបក្សនយោបាយ ចូលរួមទាំងអស់ អាចទទួលយកបាន។
ដោយឡែកលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ធ្លាប់បានបង្ហាញប្រាប់ទស្សនាវដ្តីថា លោកគាំទ្រនូវបេក្ខភាពលោក ហង្ស ពុទ្ធា ថាជាមនុស្សដែលអាចទុកចិត្តបាន។ លោកបានបន្តថា ព្រោះក្នុងពេលកន្លងមក និងបច្ចុប្បន្ននេះ លោក ហង្ស ពុទ្ធា តែងតែចូលរួម ធ្វើសេចក្តីថ្លែងការណ៍ជាប្រចាំ ជាមួយនឹងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ក្នុងការប្រឆាំង នឹងអ្វីដែលគណបក្ស នយោបាយ ទាំងពីរ តាក់តែងឡើង ដែលមិនស្របនឹងតម្រូវការចាំបាច់ របស់ច្បាប់ និងស្របតាមឆន្ទៈ របស់ប្រជាពលរដ្ឋនោះ។
តែ លោក យ៉ង់ គឹមអេង ហាក់ដូចជាមិនបានផ្តល់ ការទុកចិត្តមួយរយភាគរយ ទៅលើបេក្ខភាពនេះ សម្រាប់ពេលអនាគត ថានឹងឈរក្នុងជំហរអព្យាក្រិត្យនោះឡើយ។ លោកបានបញ្ជាក់ថា៖ «សម្រាប់ទៅអនាគតយ៉ាងណា គ្មាននរណាម្នាក់ទស្សន៍ទាយដឹងទេ»៕