គ.ជ.ប. បដិសេធ ចំពោះសំណើរក្នុងញត្តិរបស់បក្សប្រឆាំង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ គ.ជ.ប បានច្រាន ចោលជាផ្លូវការនូវ «ញត្តិ»របស់គណបក្សសង្គ្រោះជាតិ លើសំណើរសុំ សើរើបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មី និង ការវិលត្រឡប់របស់ លោក សម រង្សី ដោយគ្មានលក្ខណ្ឌ ដើម្បី បានចូលរួម ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ សេចក្តីប្រកាសបានធ្វើឡើងក្នុងសន្តិសិទការសែត មួយកាលពីព្រឹក ទី២៦ មេសា ២០១៣ នៅទីស្នាក់ការ គ.ជ.ប គឺបីថ្ងៃ បន្ទាប់ពីសំណើររបស់លោក គឹម សុខា។
សន្និសិតការសែត នៅទីស្នាក់ការ គ.ជ.ប. ថ្ងៃទី២៦ មេសា ២០១៣ ។ (រូបថត O.Vary / MONOROOM.info)
ក្នុងសេចក្តីថ្លែងការណ៍ខាងលើ អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានលើកឡើងថា «ញ្ញត្តិ» នោះមានសំណើរ ខ្លះស្រប ហើយគ.ជ.ប ក៏បានអនុវត្តរួចរាល់ដែរ។ ប៉ុន្តែ សំណើទាំងពីរ ខាងលើ មិនមែនជាសម្ថកិច្ចរបស់គ.ជ.ប ទេ ព្រោះវាផ្ទុយនឹងច្បាប់។ ដូច្នេះ គ.ជ.ប ក៏មិនអាចនឹងយកមកអនុវត្តបាននោះដែរ។ គ.ជ.ប បានបញ្ជាក់ថា នៅឆ្នាំ២០១២ ស្ថាប័នរបស់ខ្លួន បានចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទទួលបានលទ្ធផលកាន់តែល្អ ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងតាមគោលការណ៍ស្តីពីភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពនៃបញ្ជីបោះឆ្នោត។
សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងពីរបាយការណ៍អង្គការខុមហ្វ្រែល (COMFREL)ថា បញ្ជីបោះឆ្នោតឆ្នាំ២០១២ មានភាពល្អប្រសើរ បើប្រៀបជាមួយបញ្ជីបោះឆ្នោត ឆ្នាំ២០០៨ និង២០១១។ របាយការណ៍នេះបានបន្តថា អ្នកមានសិទ្ធិបោះឆ្នោត ៩៨,២៦ % ពុំមានការភ័យខ្លាចជុំវិញការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទេ និងមានអ្នកមានសិទ្ធិ បោះឆ្នោត ៩៦,៨ % ឆ្លើយថា មិនមានការលំបាកទាល់តែសោះ និងមិនលំបាក។ អ្នកមានសិទ្ធិបោះឆ្នោត ៩៧,៧ % បានចុះឈ្មោះបោះឆ្នោត។
ចំណែកឯរបាយការណ៍ របស់វិទ្យាស្ថានជាតិ ដើម្បីលិទ្ធិប្រជាធិបតេ្យ (NDI) វាយតម្លៃថា មានការជឿជាក់លើដំណើរការ ចុះឈ្មោះបោះឆ្នោត ៩១,៣ %។ នីតិវិធីចុះឈ្មោះសាមញ្ញ និងមានភាពងាយស្រួល ៩៧,១ %។ ស្របគ្នានេះដែរអង្គការ GALLUP POLL ក៏បានវាយតម្លៃថា ប្រជាពលរដ្ឋ ៩២ % មានសេរីភាពជ្រើសរើសក្នុងការរស់នៅរបស់ខ្លួន។ តាមការបង្ហាញខាងលើ លោក ទេព នីថា បានបញ្ជាក់ថា « បញ្ជីបោះឆ្នោតឆ្នាំ២០១២ មិនអាចមានកំហុសច្រើនដូចការសន្និដ្ឋាន របស់អង្គការខុមហ្វ្រែល (COMFREL) និង NDI នោះឡើយ។ ទោះជាយ៉ាងណាក៍ដោយក៍អនុសាសន៍ មួយចំនួនរបស់អង្គការខុមហ្វ្រែល និងវិទ្យាស្ថានជាតិ ដើម្បី លិទ្ធិប្រជាធិបតេ្យ(NDI) ត្រូវបាន គ.ជ.ប ទទួលយក និងអនុសាសន៍ខ្លះទៀត មាននៅក្នុងបទបញ្ជា និងនីតិវិធីរួចទៅហើយផងដែរ។ »
លោក ទេព នីថា បានបញ្ជាក់បន្ថែមថា «ករណីធ្វើបញ្ជីឈ្មោះបោះឆ្នោត ជាថ្មីឡើងវិញ គ.ជ.ប មិនអាចទទួលយកបានទេ ពីព្រោះលក្ខខណ្ឌច្បាប់ ក្រោយពីបញ្ជីបោះឆ្នោត ផ្តល់សុពលភាពរួចហើយ ពុំអាចធ្វើការចុះឈ្មោះឡើងវិញបានឡើយ។ ម្យ៉ាងទៀត ក្នុងក្របខណ្ឌច្បាប់ គ.ជ.ប ក៏ពុំមានសមត្ថកិច្ច ពន្យារពេលការបោះឆ្នោតបាននោះទេ»។ លោកបានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទីប្រាំនេះ គ.ជ.ប បាន និងកំពុងអនុវត្ត ភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ជាធរមាន និងនីតិវិធីសម្រាប់ការបោះឆ្នោតប្រកបដោយតម្លាភាព។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ប្រតិកម្មតមថា សេចក្តីប្រកាសខាងលើ របស់គ.ជ.ប គ្រាន់តែជាលេសដោះសារមួយប៉ុណ្ណោះ និងការឆ្លើយតមទាំងនេះ មិនមានអ្វីថ្មីឡើយ។ « វាមិនមែនជារឿងធម្មតាទេ ដែលឈ្មោះ អ្នកបោះឆ្នោត ជាង១,៥ លាននាក់ បានបាត់ ពីបញ្ជីបោះឆ្នោត។ គ.ជ.ប គួរតែផ្តល់ចំលើយណាមួយឲ្យចំចំណុច» នេះបើតាមការបញ្ជាក់ របស់លោកយឹម សុវណ្ណ។ អ្នកនាំពាក្យរូបនេះ បង្ហាញថាគណបក្សសង្គ្រោះជាតិ នឹងពិចារណាបន្តធ្វើបាតុកម្ម នៅថ្ងៃខាងមុខទៀត នៅមុនថ្ងៃបោះឆ្នោតខិតជិតមកដល់៕
---------------------------------------------------------
ដោយៈអ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖មនោរម្យព័ងអាំងហ្វូ