សំនុំរឿងអូហ្វេលី៖ ឃាត់ខ្លួនជនជាតិប៊ែលហ្សិកម្នាក់ទៅតុលាការ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: April 27, 2013
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងការស៊ើបអង្កេត ទៅលើសំនុំរឿងមរណភាពរបស់ស្ត្រីបារាំងអាយុ២៥ឆ្នាំ ដែលត្រូវបានសង្ស័យថាជាឃាតកម្មនោះ នគរបាលកម្ពុជាបានប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៥ខែមេសាកន្លងមកនេះ ថាបានធ្វើការឃាត់ខ្លួន បុរសម្នាក់ជនជាតិប៊ែលហ្សិក អាយុ៤០ឆ្នាំ។ ប៉ុន្តែខុសពីការអះអាងរបស់នគរបាល ដែលបានដាក់ការសង្ស័យលើខ្លួននោះ បុរសរូបនេះបានបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធអ្វីនឹងមរណភាពនេះទេ។
នាងអូហ្វេលី ប៊ើនីស (Ophélie Begnis) ជាអ្នករស់នៅក្នុងទីក្រុងលីយ៉ុង (Lyon) បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីការលំហែកាយរបស់នាង និងការស្វែងយល់ពីវប្បធម៌ សិល្បៈ នៅប្រទេសនេះផង។ នាងបានបាត់ខ្លួនជារៀងរហូត បន្ទាប់ពីមានសាក្សីបានឃើញនាង ចាកចេញពីផ្ទះសំណាក់ដែលនាងស្នាក់នៅ ជាមួយនឹងកង់មួយ។ នៅមួយថ្ងៃក្រោយមក ក្រុមប្រជាពលរដ្ឋក្នុងតំបន់ បានប្រទះឃើញរូបនាង«ស្លាប់» នៅបណ្ដែតទឹកក្នុងស្ទឹងកំពត ។
នៅលើសាកសព ដែលមិនមានសម្លៀកបំពាក់នេះ គេបានរកឃើញមានស្នាមរបួសនៅលើក្បាល និងនៅត្រង់ដៃទាំងសងខាង ទំនងជាដោយសារសម្ភារៈមុតស្រួចអ្វីមួយ។ បុរសជនជាតិប៊ែលហ្សិក ដែលត្រូវបានឃាត់ខ្លួន កាលពីថ្ងៃអង្គារមុននេះ នឹងត្រូវបង្ហាញខ្លួននៅថ្ងៃសុក្រនេះ នៅចំពោះមុខចៅក្រមសាលាដំបូងខេត្តកំពត ដើម្បីពិនិត្យមើលពីលទ្ធភាពនៃការចោទប្រកាន់។ នគរបាលបានបន្ថែមថា បុរសជនជាតិប៊ែលហ្សិកនេះ នៅជាជនសង្ស័យ និងមិនទាន់មានការដាក់បន្ទុកណាមួយ ទៅលើរូបគាត់នៅឡើយ។
គេហទំព័រនៃសារព័ត៌មានកោះសន្តិភាព បានផ្សាយនៅថ្ងៃនេះថា ជនជាតិប៊ែលហ្សិកនេះ មានឈ្មោះថា អូលីវិយ៉េ (Olivier) ហើយបានចូលមករស់នៅ ក្នុងទីក្រុងកំពតនេះ តាំងពីច្រើនឆ្នាំមកហើយ។ កាសែតដែលមាននិន្នាការ ទៅខាងរដ្ឋាភិបាលមួយនេះ បានសរសេរបន្ថែមថា «ការចាប់ខ្លួនជនសង្ស័យជាជនបរទេសនេះ បានផ្តល់សញ្ញាល្អមួយសម្រាប់ប្រទេសកម្ពុជា» ហើយកាសែតបានបន្ត ជាមួយនឹងឃា្លនេះថា «សមត្ថកិច្ចកម្ពុជាមិនបណ្តោយ ឱ្យជនដែលបំផ្លាញមុខមាត់កម្ពុជា ដោយអំពើឧក្រិដ្ឋបែបនេះ រួចពីសំណាញ់ច្បាប់នោះឡើយ»។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរប្រទេសកម្ពុជា ធ្លាប់រងការចោទប្រកាន់ថា បានប៉ុនប៉ងបិតសំនុំរឿងមួយផ្សេងទៀត ដើម្បីការពារ«មុខមាត់»ប្រទេសរបស់ខ្លួន នៅបន្ទាប់ពីការស៊ើបអង្កេត ក្នុងរយៈពេលដំបូងមួយ ត្រូវបានធ្វើរួចមក។ សំនុំរឿងដ៏គួរអោយរន្ទត់នោះ បានកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ ទៅលើគ្រួសារលោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) ដែលជាជនជាតិបារាំងដូចគ្នាមករស់នៅក្នុងកម្ពុជា រួមជាមួយនឹងកូនតូចៗបួននាក់។ នៅពេលនោះ នគរបាលបានបកស្រាយថា មរណភាពរបស់ឪពុកនិងកូនទាំងប្រាំនាក់ ជារឿងអត្តឃាត ដែលផ្ទុយទៅនឹងការស៊ើបអង្កេតស៊ើរើជាថ្មីរបស់ចៅក្រមស៊ើបអង្កេតបារាំង ហើយបានរកឃើញបញ្ច្រាសមកវិញ កាលពីខែមិនាមុនថា សំនុំរឿងវ៉ាលីយ៉េស្ថិតនៅ«ឆ្ងាយ»ពីរឿងសម្លាប់ខ្លួន៕