សំនុំ​​រឿង​​វ៉ាលីយ៉េ៖ ចៅក្រម​នឹង​សាក​សួរ​មនុស្ស​ថ្មី​ម្នាក់​ទៀត

ការស៊ើបអង្កេតរបស់ តុលាការខេត្តកំពង់ស្ពឺ បានបោះជំហានទៅមុខ មួយដំណាក់កាលទៀត ដោយ​ពួកគេ​នឹង​ចុះ​ទៅ​ធ្វើ​ការ​​សាកសួរ មនុស្សម្នាក់ទៀត ដែលត្រូវជាសាច់ថ្លៃ របស់លោកឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) បន្ទាប់​ពី​ពួកគេ​បាន​ហៅ​​បង​ប្អូន​សាច់​ថ្លៃ​ម្នាក់មុន មកសាកសួរកាលពីសប្តាហ៍កន្លងទៅ។
សំនុំ​​រឿង​​វ៉ាលីយ៉េ៖ ចៅក្រម​នឹង​សាក​សួរ​មនុស្ស​ថ្មី​ម្នាក់​ទៀត
ការស្រង់រថយន្ដពីក្នុងត្រពាំង ដែលជាទស្សនីយភាព​របស់មនុស្សច្រើននាក់៖
Loading...
  • ដោយ: លោក គិន ដោយ ៖ គិន ងុយ - ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: April 01, 2013
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចៅក្រមស៊ើបអង្កេតនៅសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានចូលរួមស៊ើបអង្កេតឡើងវិញ ជាមួយភាគីបារាំង លោក ឆែម រិទ្ធី បាននិយាយប្រាប់ កាលពីថ្ងៃច័ន្ទទី០១ ខែមេសា ឆ្នាំ២០១៣ថា លោកមានផែនការទៅជួប និង​សាកសួរប្អូនថ្លៃម្នាក់ទៀត ដែលត្រូវជាប្អូនថ្លៃរបស់ប្រពន្ធលោកវ៉ាលីយ៉េ ដែលកំពុង​ជាប់ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម។

មន្រ្តីតុលាការរូបនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពីការកំណត់កាលបរិច្ឆេទ ក្នុងការចុះទៅជួប​ជន​សង្ស័យ​រូបនេះ ដែលលោកសាកសួរក្នុងនាមជាសាក្សី។

ទាក់ទងនឹងការវិវត្តពីលទ្ធផលថ្មី នៃការស៊ើបអង្កេតបន្ថែម របស់ភាគីចៅក្រមបារាំង លោក ឆែម រិទ្ធី នៅ​មិន​ទាន់​បានទទួល នូវព័ត៌មានថ្មីណាមួយ ពីក្រុមបារាំងដែលបានចុះមកស្រុកខ្មែរ ដើម្បីធ្វើការ​ស៊ើប​អង្កេត​ករណី​ស្លាប់ របស់លោកវ៉ាលីយ៉េ ទៀតនៅឡើយ។

លោក បានថ្លែងថា «ខ្ញុំមានគម្រោងរបស់ខ្ញុំ គឺចុះទៅពន្ធនាគារខត្តកំពង់ចាម នៅថ្ងៃណាមួយដើម្បីជួបបុរស ដែលជាប្អូនថ្លៃ​របស់ជនរងគ្រោះ»។

លោក ឆែម រិទ្ធី បានបន្ថែមទៀតថា លោក មិនទាន់បានស្គាល់ឈ្មោះ អត្តសញ្ញាណច្បាស់នៅឡើយ ពីប្អូន​ថ្លៃ​របស់​លោក​វ៉ាលីយ៉េនោះ ប៉ុន្តែលោកគ្រាន់តែបានដឹងថា បុរសម្នាក់នេះបានជាប់ពន្ធនាគារ ពាក់ព័ន្ធនឹង​បទ​ល្មើស​គ្រឿងញៀន។ លោក បានថ្លែងបន្តថា «ខ្ញុំនឹងទៅជួបគាត់ ដើម្បីធ្វើការសាកសួរ ក្នុងនាមគាត់ជា​សាក្សី​ក្នុង​ករណី​ម្នាក់»។

សាកសពរបស់បុរសពោះម៉ាយវ៉ាលីយ៉េ និងកូនតូច៤នាក់របស់លោក ត្រូវបានគេរកឃើញក្នុងរយន្ត SUV ដែលលិចទឹក​កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ រយៈពេល៤ខែ ក្រោយពីពួកលោកត្រូវ​បានគេ​ឃើញ​លើក​ចុង​ក្រោយ ពេលនៅ​មាន​ជីវិត។

កាលពីចុងខែមុន សេចក្ដីថ្លែងប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានសម្រេចថា ការ​ស្លាប់​ជាអំពើ​ឃាតកម្ម មិនមែនអត្តឃាតនោះទេ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលមានសរសេរជាបី​ភាសា គឺ​ភាសាបារាំង អង់គ្លេស និងខេមរភាសានោះ លោកស្រី ក្លូឌីន អង់ហ៊្វូ ចៅក្រមស៊ើបសួរ ទទួល​បន្ទុក​ស្រាវជ្រាវ ករណី​នៃការស្លាប់របស់គ្រួសារលោក វ៉ាលីយ៉េ បានសរសេរថា ការផ្លាស់ប្តូរវត្ថុតាង និងនិតិវិធី ការស្រាវជ្រាវដ៏ស្រួចស្រាល់ របស់នគរបាលបច្ចេកទេស និងការ​សាកសួរជាច្រើន ធ្វើឲ្យការស្រាវជ្រាវ​មាន​ការ​វិវត្ត​យ៉ាង​ខ្លាំង ដែលលទ្ធផលបង្ហាញថា ករណីនេះមិនមែនជាការធ្វើ​អត្តឃាត​នោះឡើយ។

ក្រុមបច្ចេកទេសបារាំង ដែលមកពីក្រុងប៉ារីសដែលមាន នគរបាល និងចៅ៤ក្រម បានមកដល់​កម្ពុជា​កាល​ពីថ្ងៃ១០ ខែមិនាឆ្នាំ២០១៣។ នៅព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០១៣ ក្រុមអ្នកបច្ចេកទេសទាំងនេះ ក៏បានចុះ​មក​ត្រួតពិនិត្យផ្ទាល់ នៅក្នុងលំនៅដ្ឋានលោក វ៉ាលីយ៉េ ដែរ ហើយការស្រាវជ្រាវនឹងគ្រោងធ្វើ រយៈពេល​២​សប្តាហ៍។

» នគរបាលខ្មែរ នៅពេលរកឃើញ សាកសព នៅក្នុងរថយន្តមួយ ដែលត្រាំទឹកជិត៤ខែកន្លងមក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...