អ្នកបូរីកីឡា ព្រមានមកតវ៉ានៅមុខសាលាដំបូង នៅបីអាទិត្យទៀត
រហូតមកដល់ថ្ងៃនេះ ដោយមិនមានការកោះហៅពីខាងសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះ៧នាក់ ពីការបង្រ្កាបយ៉ាងហិង្សា បានដាក់ពាក្យបណ្តឹងប្តឹងអភិបាលខ័ណ្ឌ៧មករា និងគូកនមួយចំនួនទៀតនោះមក ប្រជាសហគមន៍បូរីកីឡា និងបឹងកក់ បាននាំគ្នាមកតវ៉ា នៅខាងមុខសាលាដំបូង នៅថ្ងៃនេះ។ ក្រុមប្រជាអ្នកតវ៉ាទាំងនេះ បានប្ដេជ្ញាថា ពួកគេនឹងត្រឡប់មកវិញ ប្រសិនណាជាតុលាការមិនឯករាជ្យ ឬមិនចាត់វិធានការលើពាក្យបណ្ដឹងរបស់ក្រុមខ្លួន។
ប្រជាសហគមន៍បូរីកីឡា និងបឹងកក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)
ប្រព័ន្ធយុត្តិធម៌ - នៅម៉ោង ៩ព្រឹកនេះ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យតំណាងម្ចាស់បណ្តឹង នៅសហគមន៍បុរីកីឡា ៤ នាក់ ចូលជួប ខណៈពេលប្រជាសហគមន៍បុរីកីឡា និងបឹងកក់ ប្រមាណជិត១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៤នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារឲ្យតុលាការពន្លឿន ការដោះស្រាយបណ្តឹងរបស់ក្រុមខ្លួន។ ស្រ្តីបូរីកីឡា៧នាក់ ដែលរងអំពើហឹង្សាពីសំណាក់អាជ្ញាធរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ បានប្តឹងអាជ្ញាធរខណ្ឌ៧មករា ពីបទប្រើហិង្សាលើប្រជាសហគមន៍បុរីកីឡា ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្រ្តីទើបសំរាលកូនរួច។
តំណាងសហគមន៏បូរីកីឡា និងជាម្ចាស់បណ្តឹងម្នាក់ ក្នុងចំណោមម្ចាស់ទាំង៧នាក់ អ្នកស្រី ឆាយ គីមហ៊ន បានបញ្ជាក់ក្រោយជំនួបជាមួយ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីថា តុលាការសុំពេលបីអាទិត្យទៀតដើម្បីរៀបចំ និងដោះស្រាយពីពាក្យបណ្តឹងរបស់អ្នកស្រី។ អ្នកស្រីបានអោយដឹងទៀតថា «ឥលូវនេះគាត់កំពុងតែរៀបចំ។ គាត់ថា គាត់នឹងព្យាយាមអោយលឿនបំផុតរយៈពេល ពីសប្តាហ៍ទៅបីសប្តាហ៍ទៀត។ ហើយអ្វីដែលពួកគាត់សរសេរ ទៅក្នុងសំនុំរឿងរបស់ពួកខ្ញុំ ប្រសិនបើខុសពាក្យបណ្តឹងដែលពួកនាងខ្ញុំប្តឹង គាត់ថាអោយពួកខ្ញុំដែលប្តឹងហ្នឹង លើកគ្នាមកជេគាត់ចុះ ប្រសិនបើតុលាការមិនភាពឯករាជ្យ ទោះបីជាជេយ៉ាងម៉េចក៏ដោយក៏គាត់មិនប្រកាន់ទាំងអស់។»
អ្នកស្រីបញ្ជាក់បន្ថែមថា «ប្រសិនបើបីអាទិត្យ នៅតែគ្មានដំណោះស្រាយលើរឿងហ្នឹង ពួកនាងខ្ញុំនឹងលើកគ្នាមកទៀត ខ្ញុំមិនអាចរងចាំគាត់បន្តទៅទៀតទេ។»
យ៉ាងណាក៏ដោយ បើទោះបីជាតំណាងព្រះរាជអាជ្ញា អះអាងយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែម្ចាស់បណ្តឹងរូបនេះ នៅតែបង្ហាញពីការមិនជឿជាក់ ទៅលើតុលាការថា «ទោះបីជាតុលាការនិយាយ អោយពួកខ្ញុំមានភាពទុកចិត្តយ៉ាងណាក៏ដោយ ក៏ពួកខ្ញុំនៅគ្មានភាពជឿជាក់ដែរ»។ អ្នកស្រី ឆាយ គីមហ៊ន បានប្ដេជ្ញាថា នឹងធ្វើការដាក់ពាក្យបណ្តឹង ជាបន្តបន្ទាប់ទៅតាមស្ថានទូត ដើម្បីអោយស្ថានទូតទាំងនោះ ជួយអន្តរាគមន៍។
រីឯលោក ពេជ្រ លឹមឃួន ដែលឈរទាមទារជាមួយប្រជាពលរដ្ឋ នៅមុខសាលាតំបូងនោះ បានអះអាងដែរថា «បើរឿងនេះមិនសម្រេច យើងនឹងធ្វើការទាមទារជាបន្តទៀត យើងនឹងការពាក្យបណ្តឹងទៅ អង្គការសហប្រជាជាតិទៀត អោយលោកជួយរកយុត្តិធម៌»។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនអាចទាក់ទង ព្រះរាជអាជ្ញាសាលាដំបូងរាជធានី ដើម្បីសុំការបកស្រាយបាននៅឡើយ។
គួរម្លឹកថា កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤ ស្រ្តីនៅសហគមន៍បូរីកីឡា៧នាក់ ដែលទទួលរងអំពើហិង្សា ក្នុងពេលបង្រ្កាបកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ បានដាក់ពាក្យប្តឹងអភិបាលខណ្ឌ៧មករា លោកសោម សុវណ្ណ លោកលឹម សុភា អភិបាលរងខណ្ឌ៧មករា លោក ប្រាក់ ហាក់ ប្រធានសន្តិសុខខណ្ឌ៧មករា ព្រមទាំងសន្តិសុខខណ្ឌ៧មករា ប្រមាណជាង៣០នាក់ផ្សេងទៀតនិងបក្សពួក ទៅសាលាដំបូងរាជធានីភ្នំពេញ និងទារសំណងក្នុងម្នាក់២៥០០ដុល្លារ ពីបទប្រើហិង្សាលើប្រជាពលរដ្ឋបុរីកីឡា៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១៩ មិនា ២០១៤