ផៃ ស៊ីផាន ថាអូស្រ្តាលីមិនមែនចៅហ្វាយកម្ពុជា ខណៈសម រង្ស៊ី ស្នើឲ្យដាក់គំនាប
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថារដ្ឋាភិបាល ឬសភារបស់ប្រទេសអូស្រ្តាលី មិនមែនជាចៅហ្វាយនាយ របស់ប្រទេសកម្ពុជាទេ ហើយកម្ពុជា ក៏មិនមែនជាកូនចៅរបស់អូស្រ្តាលីដែរ។ តែផ្ទុយទៅវិញភាគីទាំងពីរ គឺជាដៃគូរល្អ ឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្មើភាព។
លោក សម រង្ស៊ី នៅពេលជួបជាមួយលោក ព្រឹទ្ធសមាជិកអូស្ត្រាលី លោក ឌីម ស្មីត (Dean Smith) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
នយោបាយកម្ពុជា - ការលើកឡើងរបស់លោក ផៃ ស៊ីផាន គឺបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ លោក សម រង្ស៊ី ដែលកំពុងធ្វើទស្សនកិច្ចទៅប្រទេសអូស្រ្តាលី បានជំរុញឲ្យសមាជិកព្រឹទ្ធសភាអូស្រ្តាលីមួយរូប ជួយជំរុញរដ្ឋាភិបាលអូស្ត្រាលី ឲ្យដាក់គំនាបលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេត អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងមក។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ក្នុងកិច្ចសម្ភាស ជាមួយវិទ្យុអូស្ត្រាលី នៅថ្ងៃទី១៨ មីនា បានបញ្ជាក់ថា៖ «យើងត្រូវតែផ្ញើសារមួយច្បាស់លាស់ទៅកាន់ អតីតអ្នកដឹកនាំបក្សកុម្មុយនីស្ត។ យើងត្រូវតែប្រាប់ពួកគេថា នៅសប្ដាហ៍ក្រោយនេះ ប្រសិនបើ (ការចរចា) មិនអាចរកឃើញផលប្រយោជន៍សំខាន់ណាមួយទេ យើងនឹងចាប់ផ្ដើមធ្វើបាតុកម្ម ហើយប្រកាសបរិហារជាឱឡារិក ចំពោះបក្សកាន់អំណាចដែលមិនមានឆន្ទៈពិតប្រាកដ»។
ចំពោះគោលជំហររបស់លោក សម រង្ស៊ី ត្រូវបានលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៩ ខែមីនានេះថា លោកសម រង្ស៊ី មានសិទ្ធិសម្រេចតាមការយល់ឃើញរបស់ខ្លួន និងគណបក្សរបស់ខ្លួន តែសម្រាប់ទំនាក់ទំនងរវាងប្រទេសអូស្រា្តលី និងប្រទេសកម្ពុជាគឺជារឿងដោយឡែក ដែលមិនអាចប្រទេសណាមួយ លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយបានទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបន្ថែមទៀតថា បញ្ហាការបោះឆ្នោតត្រូវបានដោះស្រាយជាបន្តបន្ទាប់ ក្រោយការបង្ហាញឆន្ទៈ របស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៣។ លោកផៃ ស៊ីផាន បញ្ជាក់ថា៖ «លោក សម រង្ស៊ី កំពុងហៅបរទេស ឲ្យមកកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជា(...)។ កម្ពុជាមិនមែជាប្រទេស"ខ្ញុំ"របស់អូស្រ្តាលីទេ ហើយអូស្រ្តាលីក៏មិនមែនជាចៅហ្វាយរបស់កម្ពុជាដែរ។ កម្ពុជាមានឯករាជ្យ អធិបតេយ្យ និងអព្យាក្រិត្យគ្រប់គ្រាន់។»
រហូតមកដល់ពេលនេះ ប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក និងប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ដែលជាបណ្តាប្រទេសផ្តល់ជំនួយ ច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា មិនទាន់ទទួលស្គាល់ជាផ្លូវការ ចំពោះលទ្ធផលបោះឆ្នោត ដ៏ចម្រូងចម្រាស នៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៣នៅឡើយទេ តែប្រទេសទាំងនោះបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គម្បីដោះស្រាយបញ្ហាបោះឆ្នោត ដោយសន្តិវិធី រវាងភាគីខ្មែរ និងខ្មែរ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៤