សាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំ របស់ ហុង សុខហួរ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 07, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការអះអាង របស់មេធាវីការពារក្តី លោក ជួង ជូងី ជាមួយអ្នកសារព័ត៌មាន មុខសាលាឧទ្ធរណ័កាលពីថ្ងៃទី២ ខែកញ្ញា នេះ បានលើកឡើងថា លោកបានស្នើដាក់ប្រាក់២០លានរៀល សម្រាប់ការសុំនៅក្រៅឃុំនេះ តែត្រូវបានបដិសេធ។ យ៉ាងណាលោកអះអាងថា លោកនឹងនៅតែបន្ត តាមនីតិវិធីច្បាប់ ជាមួយនឹងការសិក្សា ស្វែងរកការពិភាក្សាគ្នាបន្ថែម នៃក្រុមមេធាវី ថាតើគួរបន្ត ដើម្បីស្នើសុំឲ្យកូនក្តីរបស់លោក បាននៅក្រៅឃុំ រហូតដល់ដំណាក់ការ នៃតុលាការកំពូល ឬយ៉ាងណា។
នាសវនាការនៃសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនមានវត្តមានលោក ហុង សុខហួរ ទេ ក្រៅពីសហភាតា (មានមេធាវីច្រើននាក់) របស់លោក រួមមាន លោក ជូង ជូងី, លោក សំ សុគង់ និងលោក កែត ឃី។ ឯប្រធានក្រុមប្រឹក្សាជំនុំជម្រះ មានលោក ឃុន លាងម៉េង និងតំណាងអយ្យការ លោក ហ៊ាន រិទ្ធ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ សមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី ក៏បានស្នើសុំ ឲ្យមានកិច្ចជួយអន្តរាគម ពីប្រធានព្រឹទ្ធិសភា លោក សាយ ឈុំ ឲ្យលើកលែងទោស លោក ហុង សុខហួរ ដោយផ្អែកលើ កតិសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងនយោបាយ បានអះអាងថា លោក ហុង សុខហួរ មិនមានចេតនាណាមួយ ក្នុងការកោសលុបលើសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាមឡើយ។
លោក ហុង សុខហួរ មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ដែលសកម្ម ក្នុងការទាមទាឲ្យពិនិត្យឡើងវិញ នូវផែនទីសម្រាប់ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាមនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ នូវបទល្មើសចំនួនបី ដោយឡែកៗពីគ្នា។ បទល្មើសទាំងបី រួមមាន បទក្លែងឯកសារសាធារណៈ, ប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រំដែនកម្ពុជា-វៀតណាម។ ករណីនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា រកឃើញតាមរយៈការបង្ហោះ នៅក្នុងវីដេអូមួយរបស់លោក លើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី និងបានចាត់ទុកថា ជាបទល្មើសជាក់ស្តែង។
លោក ហុង សុខហួរ ត្រូវបានកម្លាំងចម្រុះ របស់អាជ្ញាធរគ្រប់គ្រង ដោយរដ្ឋាភិបាលកម្ពុជា ចាប់ឃាត់ខ្លួន កាលពីព្រលឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមាជិកព្រឹទ្ធសភា របស់គណបក្សប្រឆាំង ត្រូវបានចោទប្រកាន់ជាផ្លូវការ និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស នាថ្ងៃទី១៧ ខែសីហា ពោលគឺពីរថ្ងៃ ក្រោយការចាប់ខ្លួន៕