កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​អាច​«មាន​បន្ត» ទោះ​ព្រះ​មហាក្សត្រ​អន្តរាគមន៍

ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា អាចនឹងនៅតែបន្ត ស្របពេលដែលស្ថានភាពនយោបាយ កំពុង​ឡើងកំដៅខ្លាំង ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនៅតែបង្ហាញគោលជំហរ ផ្ទុយគ្នាចំពោះ​ដំណោះស្រាយនយោបាយ បើទោះជាព្រះមហាក្សត្រចេញព្រះភ័ក្រអន្តរាគមន៍ក៏ដោយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា អាចនឹងនៅតែបន្ត ស្របពេលដែលស្ថានភាពនយោបាយ កំពុង​ឡើងកំដៅខ្លាំង ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនៅតែបង្ហាញគោលជំហរ ផ្ទុយគ្នាចំពោះ​ដំណោះស្រាយនយោបាយ បើទោះជាព្រះមហាក្សត្រចេញព្រះភ័ក្រអន្តរាគមន៍ក៏ដោយ។


ទិដ្ឋិភាពទូទៅ នៃដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៣ នាព្រលានយន្ដហោះអន្តរជាតិ​ភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

លោកសម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នេះក្នុងទីរួមខេត្តបាត់ដំបងថា លោកនឹង​ដឹក​នាំថ្នាក់​ដឹកនាំកំពូល របស់គណបក្សសង្រ្គោះជាតិពីររូបរួមមាន លោក កឹម សុខា និងលោកស្រី ជូ ឡុងសូមួរ៉ា ចូលរួម​ប្រជុំ​តបតាមការស្មើររបស់ព្រះមហាក្ស។ ការប្រកាសរបស់លោក បានធ្វើបន្ទាប់ពីព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ បានចេញព្រះរាជសារអញ្ជើញលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ព្រមទាំងសហការីរបស់ពួកគេ ឲ្យចូលរួមប្រជុំក្នុង​ព្រះបរមរាជវាំង​នៅថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បី«ដោះស្រាយ»បញ្ហាប្រទេសជាតិ។

តែមេដឹកនាំគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖ «យើងមិនចរចារអ្វីទាំងអស់ ក្រៅពីការចរចារបង្កើត​គណៈកម្មការចម្រុះ​ស៊ើបអង្កេត ភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត»។ លោក សម រង្ស៊ី បានបន្ថែមថាដរាបណាគ្មាន​ដំណោះស្រាយ​ប្រកបដោយតម្លាភាព និងយុត្តិធម៌ទាក់ទងនឹងលទ្ធផលបោះឆ្នោតនោះទេ ក្រុមរបស់លោកនឹងមិនព្រមដាច់ខាត ចំពោះ​ការបែងចែកអំណាចណាមួយ ព្រោះគ្នានស្ថាប័នណាធំជាងប្រជារាស្រ្តនោះទេ។

ការបន្តការពារគោលជំហរចាស់របស់គណបក្សសង្រ្គោះជាតិនៅពេលនេះ ហើយក៏ជាគោលចំហរដែលធ្លាប់បានបដិសេធ និងទាត់ចោលដោយគណបក្សប្រជាជនកម្ពុជាកន្លងមកនោះ ត្រូវបានមជ្ឈដ្នានទូទៅ យល់បានថាទំនងជាមានការលំបាក ក្នុងការទម្លុះទម្លាយភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោតនេះណាស់ បើទោះជាគេដឹងថានេះជាការចរចារ​កម្រិត​កំពូលរវាមន្រ្តីគណបក្សទាំពីរ ដែលមិនធ្លាប់មានពីមុន ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រក៏ដោយ។

លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈលិខិតមួយ ឆ្លើយតបថ្វាយ​ព្រះមហាក្សត្រ​ចុះថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៣ បានអះអាងថាលោកនឹងដឹកនាំសហការីពីររូប រួមមានលោក សាយ ឈុំ និងលោក ស ខេង ចូលរួមប្រជុំ​តបតាមការស្មើររបស់ព្រះមហាក្សត្រ។ តែលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីចាំផ្ទះផងដែរនោះ មិនបានបង្ហាញ​គោលជំហរណាមួយរបស់គណបក្សប្រជាជនកម្ពុជា មុនការប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ក្រោម​ព្រះរាជធិបតីភាពព្រះមហាក្សត្រនោះទេ។

សញ្ញាមិនល្អត្រូវបានអ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយកម្ពុជា មើលឃើញតាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ មកម្លេះ ដោយសារតែលោក ហ៊ុន សែន និងលោក សម រង្ស៊ី មិនបានបង្ហាញចេតនា បន្ទន់ឥរិយាបថណាមួយដាក់គ្នា​ទៅ​វិញទៅមកឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានឃើញនោះទេ ខណៈពេលដែលក្រុមមេដឹកនាំទាំងនេះ​បានជួប​ទល់​មុខគ្នាជាកម្រ ក្នុងឱកាសទទួលព្រះមហាក្សត្រយាងត្រឡប់ពីប្រទេសចិន។

ទោះយ៉ាងណាក៏ដោយ ក៏ប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានពន្យល់ថា គេមិនត្រូវវាយតម្លៃលឿនពេក​អំពីស្ថានភាពនយោយនៅកម្ពុជា ថាវាមានភាពក្តៅឬត្រជាក់មុនការប្រជុំមេដឹកនាំរបស់គណបក្សទាំងពីរ ក្រោមព្រះរាជា​ធិបតីភាពរបស់ព្រះមហាក្សត្របានទេ។ លោក ព្រាប កុល បន្តថា ចំណុចសំខាន់គឺថាតើមេដឹកនាំគណបក្សទាំងពីរ អាច​សម្បទានឲ្យគ្នាទៅវិញទៅមកបានកម្រិតណា ហើយអាចឆ្លើយតបបានកម្រិតណា ចំពោះឆន្ទះរបស់ប្រជាពលរដ្ឋ ទាក់ទង​នឹងភាព«មិនប្រក្រតី»ក្នុងកំឡុងពេលបោះឆ្នោត។ លោក ព្រាប កុល បញ្ជាក់ថា៖ «យើងសង្ឃឹមថាមេដឹកនាំគណបក្ស​ទាំង​ពីរ តម្កល់ផលប្រយោជន៍ជាតិជាធំ និងអាចរកឃើញចំណុចរួមមួយ សម្រាប់ភាគីទាំងពីរអាចទទួលយកបាន»។

-------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...