ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ប្ដឹង​ក្រុម​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ទៅ​តុលាការ ?

ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ចេញឥទ្ធិពលនៃដែនអំណាចរបស់ខ្លួនតាមផ្លូវច្បាប់ នៅថ្ងៃទី១២ខែកញ្ញានេះ ដើម្បីឲ្យមានការអនុវត្តន៍តាម នូវសេចក្ដីសម្រេចជាធរមាន ដែលស្ថាប័ននេះខ្លួនឯងបានកាត់ ឲ្យគណបក្សប្រឆាំង«ចាញ់»ទាំងមិនអស់ចិត្ត ទៅលើបណ្តឹងទាំង១៥ ដែលបានប្តឹងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោត។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ចេញឥទ្ធិពលនៃដែនអំណាចរបស់ខ្លួនតាមផ្លូវច្បាប់ នៅថ្ងៃទី១២ខែកញ្ញានេះ ដើម្បីឲ្យ​មានការអនុវត្តន៍តាម នូវសេចក្ដីសម្រេចជាធរមាន ដែលស្ថាប័ននេះខ្លួនឯងបានកាត់ ឲ្យគណបក្សប្រឆាំង«ចាញ់»​ទាំងមិន​អស់ចិត្ត ទៅលើបណ្តឹងទាំង១៥ ដែលបានប្តឹងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោត។


ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងវិមានរដ្ឋចំការមន រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងែទី១២ ខែកញ្ញានេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ខ្លួនធ្វើការដោយផ្អែកលើ​មូលដ្ឋានគតិយុត្តិទាំងស្រុង និងរក្សាភាពឯករាជ្យ និងរក្សាអាណាគតិយ៉ាងខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនោះបានបញ្ជាក់ថា តាមបញ្ញត្តិមានត្រា៣៦ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញចែងថា «ជនណាដែលមិន​គោរព​តាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សា ឬរារាំងដល់កិច្ចប្រតិបត្តិការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាការ ពីមួយខែ ដល់មួយឆ្នាំ និងត្រូវពិន័យជាប្រាក់ពីដប់ម៉ឺនរៀល ដល់ហុកសិបម៉ឺនរៀល ឬផ្តន្ទាសទោសមួយក្នុង​ចំណោម​ទោសទាំងពីរ។»

ក្រុមអ្នកវិភាគនិងតាមដានស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា បានចាត់ទុកថាសេចក្ដីជូនដំណឹងនេះ ដូចជា​ការ​ព្រមានទុកជាមុន សម្រាប់និតិវិធីណាមួយ ដែលស្ថាប័នច្បាប់ដ៏កំពូលនេះ អាចនឹងចាត់ការក្នុងថ្ងៃខាងមុខ ប្រឆាំងនឹង​ក្រុម​ដែលមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់ខ្លួន ដែលក្នុងនោះ មានទាំងក្រុមអង្គការសង្គមស៊ីវិលផង។

សូមរំឮកថា កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងមកនេះ អង្គការសង្គមស៊ីវិលមួយឈ្មោះខុមហ្រ្វែល (COMFREL) បានចេញ​សេចក្តី​ថ្លែង​ការណ៍មួយរបស់ខ្លួន ស្តីពីការអង្កេត និងដំណោះស្រាយបណ្តឹងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលទាក់ទង​នឹង​បណ្តឹងតវ៉ា លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តសម្រាប់ខេត្តក្រចេះ សៀមរាប បាត់ដំបង និងកណ្តាល ដែលអង្គការនេះទំនងជាបានវាយតម្លៃ ទៅលើសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថាមិនមាន​គតិយុត្តិពិត​ប្រាកដ។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរថា «ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានឧត្តមភាព ក្នុងការ​សម្រេច​ចិត្ត​មិនត្រូវ បានសន្មតថាអព្យាក្រិត ដោយសារជាមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា។ សេចក្តីសម្រេចរបស់ក្រុម​ប្រឹក្សាធម្មនុញ្ញ (…) មិនបានផ្អែកលើអង្គច្បាប់ និងអង្គហេតុដែលមិនបានពិចារណាអំពីហេតុផល ទាក់ទិននឹងកម្នវត្ថុ នៃ​បណ្តឹងអំពីភាព​មិនប្រក្រតី និងផលប៉ះពាល់លើលទ្ធផលបោះឆ្នោត។»

នៅថ្ងៃ​ទី១១ ខែកញ្ញាដដែល ក្រសួង​មហាផ្ទៃក៏បាន​ចេញ​ផ្សាយ​លិខិត​មួយដែរ ដោយបានចោទអង្គការ​សង្គម​ស៊ីវិល សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ ថាកំពុង​តែ​គាំទ្រ​ដល់​បុគ្គល និង​គណបក្ស​នយោបាយ​មួយ តាម​រយៈ​ការធ្វើ​សកម្មភាព​នានា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជា​សេចក្តី​ថ្លែងការណ៍ ឬ​ជា​សេចក្តី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​មួយ ឬ​ធ្វើ​ការ​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា ប្រឆាំង​ទៅ​នឹង​បុគ្គល ឬ​គណបក្ស​នយោបាយ​មួយ ឬ​ស្ថាប័ន​ជាតិ ឬ​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោក ព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ការចេញសេចក្តី​ប្រកាសនេះ មិនសំដៅទៅលើជនណាម្នាក់នោះឡើយ ជាការប្រកាសព័ត៌មានសម្រាប់ពលរដ្ឋទូទៅ បានដឹងទាំង​អស់​គ្នា។ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នាល្ងាចថ្ងៃទី១២ ខែកញ្ញា អ្នកនាំពាក្យរបស់ស្ថាប័នកំពូល​រូប​នេះ​ បានបកស្រាយថា អ្វីដែលសំខាន់លើសេចក្តីប្រកាសនេះ ជាការពិន័យសម្រាប់មនុស្សទូទៅ មិនសំដៅតែទៅលើ​ថ្នាក់​ដឹកនាំណា ស្ថាប័នណា ឬអង្គការណាមួយឡើយ។ ជាពិសេស«មេគំនិត» ដែលនឹងត្រូវទទួលទោសតាមច្បាប់ ក្នុងនោះ​លោក ព្រហ្ម ញាណវិចិត្រ បាន«រួមបញ្ចូល» ទាំងមន្រ្តី​នៃអង្គការសង្គមស៊ីវិលនោះផង។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅអ្នកណាធ្វើ អ្នកនោះខុសហើយ។ តែទោះជាអ្នកនោះសារភាពថា ធ្វើតាមការ​បង្គាប់បញ្ជា ហើយនីតិវិធីច្បាប់នឹងស្រាវជ្រាវ រកអ្នកបង្គាប់បង្គាប់បញ្ជា ឯអ្នកដែលទទួលបញ្ជាពីគេ ក៏នឹងត្រូវមាន​ទោស​តាមនីតិវិធីច្បាប់ដែរ។ (…) យើងនឹងចាត់ការតាមនីតិវិធីច្បាប់ ទៅតុលាការ។»

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ស្រប​តាមនិងសម្ដែងនូវការគាំទ្រ ដោយលោកបានបញ្ជាក់ថា ស្ថាប័ននេះជាស្ថាប័នច្បាប់កំពូល ដូច្នេះរាល់សេចក្តី​សម្រេច​របស់​ស្ថាប័ននេះ គេត្រូវតែគោរពទាំងអស់គ្នា។ តែលោកក៏បានបញ្ជាក់ដែរថា ធ្វើយ៉ាងណាឲ្យស្ថាប័នកំពូលមួយនេះ ត្រូវមាន​ភាពឯករាជ្យ និងធ្វើការងារឲ្យបានម្មត់ចត់។ រាល់ការសម្រេចសេចក្តីទាំងអស់នៃស្ថាប័ននេះ ធ្វើយ៉ាងណា ឲ្យភាគីទាំង​សង​ខាងទទួលយកបាន។

នៅក្នុងព្រឹត្តិការណ័នេះដដែល គេសង្កេតឃើញថា សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្លាក់ចុះមក បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹងក្នុងថ្ងៃទី១១ ខែកញ្ញានេះ ប្តឹងមន្ត្រីជាន់ខ្ពស់មួយចំនួន នៃស្ថាប័ន គ.ជ.ប ទៅតុលាការរាជធានីភ្នំពេញ ពីបទ«ក្លែងឯកសារនិងប្រើប្រាស់ឯកសារក្លែង»។

លោក អ៊ូ​ វីរៈ បានពន្យល់ពីករណីនេះ ថាជារឿងដាច់ដោយឡែកពីគ្នា យ៉ាងដូច្នេះថា «ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយ តែលើជម្លោះ ឬវិវាតនៃការបោះឆ្នោតប៉ណ្ណោះ ឯករណីវិវាទរឿងព្រហ្មទណ្ឌ ដូចជាការចោទប្រកាន់ក្នុង​បទក្លែងឯកសារ​នោះ បទព្រហ្មទណ្ឌ ដែលជាសមត្ថកិច្ចតុលាការព្រហ្មទណ្ឌ មិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ»៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ កញ្ញា ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...