ចល័ត​កងទ័ព​ចូល​ក្រុង​បង្ក​ការ​ព្រួយ​បារម្ភ ខណៈ​មេ​បក្ស​ប្រឆាំង​ថា​«ជា​ឱកាស​មាស»

រថពាសដែកជាច្រើនគ្រឿង និងទាហាន នៅតាមខេត្តមួយចំនួន ត្រូវបានចល័តចូលមករាជធានីភ្នំពេញ ដែលបង្ករឲ្យពលរដ្ឋ មានព្រួយបារម្ភពីសុវត្ថិភាពក្រោយការបោះឆ្នោត បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើមហាបាតុកម្ម។ ប្រតិកម្មបានធ្លាក់ចុះមកភ្លាម ទាក់ទងនឹងវត្តមានកងទ័ពចូលរាជធានីនេះ ជាពិសេសមេដឹកនាំគណបក្សប្រឆាំង។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: August 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ រថពាសដែកជាច្រើនគ្រឿង និងទាហាន នៅតាមខេត្តមួយចំនួន ត្រូវបានចល័តចូលមករាជធានីភ្នំពេញ ដែលបង្ក​ឲ្យពលរដ្ឋ មានព្រួយបារម្ភពីសុវត្ថិភាពក្រោយការបោះឆ្នោត បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ប្រកាសធ្វើមហាបាតុកម្ម។ ប្រតិកម្មបានធ្លាក់ចុះមកភ្លាម ទាក់ទងនឹងវត្តមានកងទ័ពចូលរាជធានីនេះ ជាពិសេសមេដឹកនាំ​គណបក្សប្រឆាំង។


រូបភាពចល័តទ័ពនៅជាប់រាជធានីភ្នំពេញ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃទី០៨ខែសីហា។

ពលរដ្ឋម្នាក់រស់នៅខេត្តកណ្តាល សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា គាត់បានឃើញរថពាសដែក និងរថយន្ត​ដឹក​ទាហាន​ជាច្រើនគ្រឿងបាន ធ្វើដំណើរចូលរាជធានីភ្នំពេញ ឆ្លងកាត់ផ្ទះរបស់លោក តែលោកពុំដឹងថាទាហាននោះ បានដឹកមកពី​ខេត្តណានោះទេ។

លោកបានឲ្យដឹងទៀតថា ៖«ខ្ញុំព្រួយបារម្ភណាស់ថា តើប្រទេសយើងនឹងមានសង្គ្រាមកើតឡើង ឬមួយយ៉ាងណា? បើសិន​ជាបោះឆ្នោតហើយ មានរឿងដូច្នេះ ខ្ញុំមិនបោះឆ្នោតឲ្យអ្នកណានោះទេ។»

លោកបានឲ្យដឹងទៀតថា ការបោះឆ្នោតលើកនេះ គឺខុសពីការបោះឆ្នោតលើកមុនៗ ពីព្រោះលើកមុនៗ គ្រាន់តែជាប់​គាំង​នយោបាយ១ខែរឺ២ខែ ក៏ស្វែងរកដំណោះស្រាយបាន។ តែលើកនេះ មិនទាន់ចេញលទ្ធផលផ្លូវការផង ក៏ស្រាប់តែមាន​ការ​ចល័តទ័ពបែបនេះ។ លោកបានឲ្យដឹងទៀតថា ៖ «ខ្ញុំសូមឲ្យអ្នកនយោបាយ ធ្វើការចចារគ្នា ដើម្បីបញ្ចៀសនូវអំពើហឹង្សា។ យើងមិនចង់លឺ សំលេងគ្រាប់ទៀតទេ»។

លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថាពិតជាមានការចល័តកម្លាំងមែន ប៉ុន្តែការចល័តកម្លាំងនេះ មិនមែនសម្រាប់ធ្វើសង្គ្រាមអ្វីនោះទេ។ លោកបានឲ្យដឹងទៀតថា ៖«ខ្ញុំគិតថាគេរៀបចំដើម្បីទប់ស្កាត់ ឬក៏ថែរក្សា​សណ្តាប់​ធ្នាប់ នៅពេលមានការបាតុកម្មធំ មិនមែនទៅធ្វើសង្គ្រាមទេ»។

លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងថា ការដាក់កម្លាំងទ័ពនិងអាវុធ អាចធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងអាចឲ្យមានចលាចល ប្រសិនបើរដ្ឋាភិបាលមិនចេញមុខបកស្រាយលើបញ្ហានេះទេ។ លោកបានឲ្យដឹងទៀតថា ៖ «ពលរដ្ឋភ័យខ្លាច ហើយអាចមានចលាចល ម្យ៉ាងទៀតក៏ធ្វើឲ្យទំនិញឡើងថ្លៃផងដែរ រដ្ឋាភិបាល​គួរតែបកស្រាយ ប្រាប់ពលរដ្ឋអំពីចំនុចនេះ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិបានមានប្រសាសន៍ថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋ​មានការភ័យ​ខ្លាចនេះ ដោយសារតែគណបក្សកាន់អំណាច ផ្សាយព័ត៌មានពីភាពអវិជ្ជមានបន្ទាប់ការបោះឆ្នោតរួច។ លោកបានឲ្យ​ដឹង​ទៀតថា ៖ «ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ ព្រោះខ្ញុំគិតថាមិនមានអ្វីកើតឡើង ដែលធ្វើឲ្យប៉ះពាល់​ដល់សន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋឡើយ»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល ជាតិ លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ចាប់ពីមុនបោះឆ្នោតរហូតមកដល់​ពេល​នេះ កងកម្លាំងប៉ូលិស មិនមានចល័តទ័ពខុសប្រក្រតីនោះទេ គឺចល័តតាមភារកិច្ចរៀងៗខ្លួនធម្មតា មិនមានអ្វីប្រែប្រួល​ខុសប្រក្រតីនោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងជឿទុកចិត្តលើ​សមត្ថកិច្ច មិនមានអ្វីគួរឲ្យព្រួយបារម្ភអ្វីទេ សភាពការណ៍យើងធម្មតាទេ អត់មានអីត្រូវជម្លៀសខ្លួនទៅណាទេ»។

ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា ពេលនេះមិនមាន​ការចល័ត​កងកម្លាំងប្រដាប់អាវុធអ្វីនោះទេ ពោលសភាពការណ៍ មានលក្ខណៈធម្មតា។ លោកបានបកស្រាយដោយខ្លីថា៖ «សភាពការណ៍នៅធម្មតាទេ សុំពលរដ្ឋកុំមានការភ័យខ្លាច»។ តែផ្ទុយទៅវិញ នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នក​នាំ​ពាក្យរូបនេះ បានបង្ហោះ រូបភាពនៃសេចក្ដីរំឮករបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ទៅគណបក្សសង្គ្រោះជាតិ ពីបញ្ហា​បាតុកម្ម ជាមួយនឹងវាចារបស់លោកយ៉ាងដូច្នេះថា ៖ «មិនហាមឃាត់ទេ ការធ្វើបាតុកម្មដោយសន្តិវិធី តែបើ​ប្រែ​ក្លាយ​ជាហឹង្សា សមត្ថកិច្ចបង្រ្កាបហើយណា កុំថាមិនបានប្រាប់ »។

ដោយឡែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោក ថារាល់សកម្មភាព​ចល័តទ័ពទាំងអស់ ត្រូវបានធ្វើឡើង តាមបញ្ជារបស់«បុគ្គល»កាន់អំណាចម្នាក់ប៉ុណ្ណោះ។ លោកបានធ្វើការអំពាវ​នាវ​ទៅកាន់ កងកម្លាំងប្រដាប់អាវុធទាំងនោះថា «នៅពេលនេះ ជាឱកាសមាសរបស់បងប្អូន ក្នុងការរួមគ្នាក្រោកឡើង ជាមួយ​ប្រជាពលរដ្ឋ យើង និងជាមួយយុវជនសង្រ្គោះជាតិរបស់យើង ដើម្បីទាមទារ អោយមានការផ្លាស់ប្តូរ ឆ្ពោះទៅរកការបង្កើត​រដ្ឋាភិបាលថ្មីក្នុង ឆ្នាំ២០១៣នេះអោយទាល់តែបាន»៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...