ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ

ខាងក្រោមនេះ ជាថ្ងៃខែដ៏សំខាន់ៗបំផុត ដែលមួយជីវិត​របស់ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះនរោត្ដម សីហនុ ជា​​​ព្រះ​​​មហា​វីរក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គបានឆ្លងកាត់ បើទោះជានៅក្នុងថ្ងៃខែទាំងនេះ មានថ្ងៃខែ​ខ្លះ ជាថ្ងៃខែ​ដ៏​អាក្រក់ ​របស់ព្រះអង្គ​ក៏​ដោយ។ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ទ្រង់បានសោយ​ទីវង្គត ក្នុង​​ព្រះ​​ជន្នា​យុ ៨៩​ព្រះ​វស្សា នៅព្រឹក​ថ្ងៃច័ន្ទ​ទី១៥​តុលាឆ្នាំ​២០១២ នៅមន្ទីពេទ្យនៃរដ្ឋធានីប៉េកាំង ប្រទេស​​ចិន​កន្លង​​មក​នេះ ដែល​ជា​ហេតុ ធ្វើឲ្យថ្ងៃខែចងជា​ប្រវត្តិសាស្ត្រ​​របស់ទ្រង់ បាន​បញ្ចប់​តែ​ត្រឹម​ប៉ុណ្ណេះ។
ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ
ស្នាមញញឹមនៃព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ។ (រូបថតព្រះបរមរាជវាំង)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី១៦ តុលា ២០១២
  • កែប្រែចុងក្រោយ: October 15, 2013
  • ប្រធានបទ: សម្ដេចឪ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីទ្រង់បានសោយទីវង្គត សៀវភៅ​ឯកត្តកម្ម​ពិភព​លោក​ បាន​កត់​ត្រា​ទុក​ភ្លាម​ដែរ ពី​ព្រះ​នាម​ព្រះអង្គ ជា​​មេ​ដឹក​នាំ​ប្រទេស​ដែល​ទទួល​បាន​តំណែង និង​ចាក​ចេញ​ពី​តំណែង​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ ចង់​ដឹង​​ថា​​​យ៉ាង​​ណា​នោះ សូម​អាន​នូវ​រាល់​ថ្ងៃ​ខែ​ឆ្នាំ​សំខាន់ៗ​ទាំង​ឡាយ (*) ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​ទ្រង់ ដូច​ខាង​​ក្រោម។

រេជ្ជកាល​របស់​ព្រះ​បាទ​​សម្ដេច​​ ព្រះ​នរោត្ដម សីហនុ៖

  • ៣១ តុលា ១៩២២៖ ទ្រង់​ប្រសូត នៅ​ភ្នំពេញ។ ព្រះ​នាម​ព្រះ​បីតា នរោត្ដម សុរាមរិត និង​ព្រះ​មាតា ស៊ីសុវត្ថ កុសមះ។
  • ២៥ មេសា ១៩៤១៖ ទ្រង់បានឡើងសោយរាជ្យសម្បតិ ជាលើកដំបូង ក្នុងព្រះជន្នាយុ ១៨ព្រះវស្សា ក្រោមការផ្ដួច​ផ្ដើម​របស់ អាណានិគមបារាំង។
  • ១៨ មិនា ១៩៤៥៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីមួយ នៃព្រះរាជណាចក្រកម្ពុជា តែព្រះអង្គបាន​ចាក​ចេញ​ពី​​តំណែង​នេះ តែប៉ុន្មានខែក្រោយមកទៀត គឺនៅថ្ងៃទី១៣ សីហា ១៩៤៥។
  • ២៨ មេសា​ ១៩៥០៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីដប់មួយ តែព្រះអង្គបានចាកចេញពីតំណែងនេះ តែ​ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត គឺនៅថ្ងៃទី៣០ ឧសភា ១៩៥០។
  • ១៦ មិថុនា ១៩៥២៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីដប់ប្រាំ តែព្រះអង្គបានចាកចេញពីតំណែងនេះ តែ​ប៉ុន្មាន​ខែក្រោយ​មកទៀត គឺនៅថ្ងៃទី២៤ មករា ១៩៥៣។
  • ០៩ វិច្ឆិកា ១៩៥៣៖ ទទួលឯករាជ្យពីអាណានិគមបារាំង ជូនប្រទេសកម្ពុជា តែឯករាជ្យភាព​ពេញលេញ កម្ពុជា​ត្រូវរងចាំ​មួយ​ឆ្នាំក្រោយ​មក​ទៀត ពោលគឺរហូតដល់អង្គប្រជុំស្ដីពីកម្ពុជា ត្រូវបានរៀបចំធ្វើ នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស។
  • ០៧ មេសា​ ១៩៥៤៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីដប់ប្រាំបី តែព្រះអង្គបានចាកចេញពីតំណែងនេះ តែ​ប៉ុន្មានថ្ងៃ​ក្រោយ​មកទៀត គឺនៅថ្ងៃទី១៨ មេសា ១៩៥៤។
  • ០២ មិនា ១៩៥៥៖ ដាក់រាជ្យថ្វាយទៅព្រះបិតាព្រះអង្គ ដើម្បីទ្រង់យាងចុះទៅប្រឡូកក្នុងនយោបាយ ឲ្យ​បាន​ពេញ​ទំហឹង ដើម្បីធានាអោយបាន​អំពីភាពមិនលំអៀង មិនចូលបក្សសម្ព័ន្ធ របស់ប្រទេស​កម្ពុជា ដែល​ពេលនោះស្ថិតក្នុង​ការប្រទាញប្រទង់ នៃសង្រ្គាមត្រជាក់។
  • ០៣ តុលា ១៩៥៥៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីម្ភៃមួយ តែព្រះអង្គបានចាកចេញពីតំណែងនេះ តែ​ប៉ុន្មាន​ខែ​ក្រោយ​​មកទៀត គឺនៅថ្ងៃទី០៥ មករា ១៩៥៦។
  • ២៤ កុម្ភះ ១៩៥៦៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីម្ភៃបី តែព្រះអង្គបានចាកចេញពីតំណែងនេះ តែ​ប៉ុន្មាន​ខែក្រោយ​មកទៀត គឺនៅថ្ងៃទី២៤ មិនា ១៩៥៦។
  • ០៩​ មេសា ១៩៥៧៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីម្ភៃប្រាំពីរ តែព្រះអង្គបានចាកចេញពីតំណែងនេះ តែ​ប៉ុន្មាន​​ខែ​​ក្រោយ​​មកទៀត គឺនៅថ្ងៃទី១៧ កក្កដា ១៩៥៧។
  • ១០ កក្កដា ១៩៥៩៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីសាមសិបពីរ តែព្រះអង្គបានចាកចេញពីតំណែងនេះ តែ​ប៉ុន្មានខែ​ក្រោយ​មកទៀត គឺនៅថ្ងៃទី ១៩ មេសា ១៩៦០។
  • ០៣ មេសា ១៩៦០៖ ព្រះបិតាព្រះបាទ នរោត្ដម សុរាមរិត បានសោយទីវង្គត ធ្វើអោយព្រះរាជា​ណា​ចក្រ មិនមាន​ព្រះមហាក្សត្រសាជាថ្មី។ ក្រោយពីបានលាលែងពីនាយករដ្ឋមន្ត្រី នៅថ្ងៃទី ១៩ មេសា ១៩៦០ ព្រះ​​បាទ​នរោត្ដម សីហនុ ទ្រង់បានក្លាយខ្លួន ត្រឹមជាប្រមុខរដ្ឋ តែទ្រង់មិន​បានឡើងធ្វើ ជា​ព្រះ​មហាក្សត្រ​វិញទេ។
  • ១៧ វិច្ឆិការ ១៩៦១៖ ព្រះអង្គបានចុះ មកធ្វើជានាយករដ្ឋមន្ត្រី ​លើកទីសាមសិបប្រាំម្ដងទៀត តែ​ព្រះអង្គ​បាន​ចាកចេញ ពីតំណែងនេះ តែប៉ុន្មានខែក្រោយមកទៀត គឺនៅថ្ងៃទី១៣ កុម្ភះ ១៩៦២។
  • ១៥ មិថុនា ១៩៦២៖ ក្នុងព្រះបរមនាមជាមេដឹកនាំនៃព្រះរាជណាចក្រ ទ្រង់បានដណ្ដើមជ័យជំនះ លើ​ប្រទេស​ថៃ តាមផ្លូវ​តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេប្រទេសហូឡង់ ស្ដីពីសំនុំរឿងនៅ​ប្រាសាទ​ព្រះវិហារ។
  • ពីឆ្នាំ ១៩៦៥​ ដល់ ១៩៦៩៖ ទ្រង់បានផ្ដាច់ទំនាក់ទំនងផ្លូវរដ្ឋ ជាមួយនឹងសហរដ្ឋអាមេរិក ដោយ​ហេតុ​តែ​ព្រះអង្គ​បានធ្វើសម្ព័នភាព ជាមួយនឹងវៀតណាមខាងជើង ដែលជាប្រទេសកុម្មុយនីស នៅអាស៊ី​អាគ្នេយ៍។ រយះពេលនេះ ព្រះអង្គបានអនុញ្ញាតឲ្យ ទាហានយៀកកុងជាច្រើនសិប ដាក់​មូលដ្ឋាន​សម្ងាត់​របស់​ខ្លួន ក្នុងភាគខាងកើត នៃទឹកដីកម្ពុជា។
  • សីហា-កញ្ញា ១៩៦៦៖ ព្រះអង្គទទួលប្រធានាធិបតីបារាំង ឌឺហ្គោល ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវរដ្ឋ​ទៅ​ប្រទេស​កម្ពុជា។ ថ្ងៃទី០១ កញ្ញា ១៩៦៦ ប្រធានាធិបតី ឌឺហ្គោលបានថ្លែងសុន្ទរកថា នៅពហុ​កីឡា​ដ្ឋាន​អូឡាំពិក ហើយលើក​ទឹកចិត្ត​ឲ្យប្រទេសកម្ពុជា ប្រកាន់ជំហរមិនចូលបក្សសម្ព័ន្ធជាបន្ត។
  • ១៨ មិនា ១៩៧០៖ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ឧត្ដមសេនីយ លន់ ណុល មេទ័ពរបស់ព្រះអង្គ បានធ្វើ​រដ្ឋប្រហារ​ទំលាក់​ព្រះអង្គ ចេញពីអំណាច ខណៈព្រះអង្គកំពុងធ្វើទស្សនកិច្ច នៅសហភាពសូវៀត។ ក្រោយ​មក​ ព្រះអង្គ​បានភៀសព្រះកាយ ទៅប្រទេសចិន ដើម្បីរៀបចំកម្លាំង​ រកផ្លូវត្រឡប់​ចូលប្រទេស​វិញ។
  • ២៣ មិនា ១៩៧០៖ ព្រះអង្គបានក្លាយជាប្រធានរណសិរ្យរួបរួមជាតិ នៃកម្ពុជា (Front uni national du Kampuchéa - Funk) ហើយព្រះអង្គបានចូលទៅជិត​នឹងចលនាកុម្មុយនីស របស់តំបន់ នឹងក្រោយមក ទៅ​ជិត​នឹង​ចលនា​​ខ្មែរក្រហម។ សូមបញ្ជាក់ថា នៅពេលព្រះអង្គកាន់អំណាច មុនរដ្ឋប្រហារ​ឆ្នាំ១៩៧០ ពួកខ្មែរក្រហម​ជា​សត្រូវ​ជួរ​មុខមួយ ​​របស់ព្រះអង្គ ដែលទ្រង់មិនដែលអត់អោនឲ្យ ម្ដងណាឡើយ។
  • ១៧ មេសា ១៩៧៥៖ កងទ័ពប្រជាជន ដើម្បីររំដោះជាតិ (ឬកងទ័ពខ្មែរក្រហម និយាយឲ្យខ្លី) ដណ្ដើម​អំណាច​បានជាស្ថាពរ ហើយកាន់កាប់រាជធានីភ្នំពេញ។ របប«កម្ពុជាប្រជាធិបតេយ្យ» ត្រូវ​បាន​បង្កើត ហើយ​ព្រះអង្គបានក្លាយ​​ជាប្រធានាធិបតី (ឬប្រមុខរដ្ឋ)។
  • មេសា ១៩៧៦៖ ព្រះអង្គបានលាលែង ពីតំណែងជាប្រមុខរដ្ឋ តែព្រះអង្គត្រូវគេបង្ខាំង នៅក្នុងព្រះ​រាជ​វាំង​ជារៀង​រហូតមក។ សូមបញ្ជាក់ថា បុត្ររបស់ព្រះអង្គចំនួន ៥នាក់ ត្រូវបានរបបនេះ​យកទៅ​សម្លាប់។
  • ០៧ មករា ១៩៧៩៖ កងទ័ពរបស់ប្រទេសវៀតណាមបាន វាយ​«ឈ្លានពាន» ចូលកាន់កាប់ប្រទេស​កម្ពុជា ក្រោម​ផ្លាកជា«អ្នករំដោះ» ប្រទេសកម្ពុជា ពីរបប«កម្ពុជាប្រជាធិបតេយ្យ»។ ព្រះអង្គត្រូវ​បាន​ខ្មែរ​ក្រហមជន្លៀសចេញ​ ពីព្រះបុរមរាជវាំង ហើយបានភៀសព្រះកាយជាថ្មីទៀត ទៅកាន់ប្រទេស​កូរ៉េខាង​ជើង។
  • ឆ្នាំ១៩៨១៖ ព្រះអង្គបាន​បង្កើតចលនាមួយទៀត ឈ្មោះរណសិរ្យរួបរួមជាតិ ដើម្បីកម្ពុជាមួយ ឯករាជ្យ អព្យាក្រិត្យ សន្តិ និងសហប្រតិបត្តិ (Front uni national pour un Cambodge indépendant, neutre, pacifique et coopératif - FUNCINPEC)។ ហើយនៅឆ្នាំ១៩៨២ ព្រះអង្គបានរៀបចំអោយមាន ជា​រដ្ឋាភិបាលស្រមោលមួយ ​នៅក្រៅប្រទេស ជាមួយនឹងចលនាតស៊ូផ្សេងទៀត ដើម្បីកំណត់ពីទិសដៅ ​នៃចលនាតស៊ូមួយ ហើយបានបង្ខំអោយ របបកុម្មុយនីស «សាធារណរដ្ឋប្រជាមានិតកម្ពុជា» លើក​បន្តុប​ដោយវៀតណាម ធ្វើការចរចារជាមួយខ្លួន។
  • ១៧ កក្កដា ១៩៩១៖ ព្រះអង្គបានលាលែងចេញ ពីប្រធានចលនាអ្នកតស៊ូខ្មែរ ហើយក្លាយជាប្រធាន​​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​​កម្ពុជា ដែលមានសមាជិក ចំនួន១២នាក់ មកពីគ្រប់ភាគីជម្លោះ​កម្ពុជា​ទាំង​អស់។
  • ២៣ តុលា ១៩៩១៖ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានសម្រេច ដោយ​បានចុះ​ហត្ថាលេខា​ដោយ ភាគីជម្លោះ​កម្ពុជា និងប្រទេសពាក់ព័ន្ធ ចំនួន១៨ផ្សេងទៀត។ កិច្ចព្រមព្រៀងនេះ នឹង​អនុញ្ញាត​​ឲ្យគ្រប់​ភាគី​​​ជម្លោះ​កម្ពុជា​​​ទម្លាក់អាវុធ ហើយទុកប្រទេស​នៅក្រោម​ការ​គ្រប់គ្រង​ជា​បណ្ដោះ​អាសន្ន នៃ​កង​កម្លាំងរក្សាសន្ដិភាព នៃ​អង្គការ​សហប្រជាជាតិ ដើម្បីរៀបចំ​ឲ្យមាន​ការ​​បោះឆ្នោត​មួយ​ឡើង។ ក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់កម្ពុជា បាន​កំណត់យកភ្នំពេញ សម្រាប់​ដាក់​ទី​ស្នាក់ការ​កណ្ដាល​​របស់​ខ្លួន។
  • ២៤ វិច្ឆិកា ១៩៩១៖ ព្រះអង្គបានយាងត្រឡប់​មកទីក្រុងភ្នំពេញវិញ បន្ទាប់ពីបានចាកចេញ អស់រយះ​ពេលជាង​១២ឆ្នាំ កន្លងមក។ បន្ទាប់មកទៀត​ព្រះអង្គបានក្លាយជា ប្រមុខរដ្ឋបណ្ដោះអាសន្ន​ នៃកម្ពុជា​​ ដែលពេលនោះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និងកងកម្លាំងរក្សា​សន្ដិភាព នៃអង្គការសហប្រជាជាតិ។
  • ២២ ឧសភា ១៩៩៣៖ ក្នុងព្រះបរមនាមជា ប្រមុខរដ្ឋ និងប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ព្រះអង្គបានថ្លែង គាំទ្រការបោះឆ្នោតជាទូទៅមួយ រៀបចំដោយ អ៊ុនតាក (UNTAC) នៅថ្ងៃទី២៣-២៨ ឧសភា ១៩៩៣។
  • ១៤ មិថុនា ១៩៩៣៖ សភាថ្មីដែលចេញពីការបោះឆ្នោត បានកំណត់ភាពគ្មានទោសពៃរបស់ព្រះអង្គ និង​ចាត់ទុក ព្រះអង្គជាជនរងគ្រោះ នឹងរដ្ឋប្រហាថ្ងៃទី១៨ មិនា ១៩៧០ ដោយសម្លេងជាឯកច្ឆ័ន។
  • ២៤ កញ្ញា ១៩៩៣៖ ស្របនឹងថ្ងៃប្រកាសរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជាទីពីរ ព្រះអង្គ​បាន​ឡើង​សោយរាជ្យជាថ្មី ជាព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋរហូត អស់មួយជីវិត។
  • ០៦ តុលា ២០០៤៖ ពីរដ្ឋធានីប៉េកាំង ដោយឈ្វេងយល់ពីព្រះកាយពល និងព្រះរាជសុខភាព ព្រះអង្គ​បាន​ប្រកាស​ដាក់រាជ្យ។
  • ១៤ តុលា ២០០៤៖ ក្រុមប្រឹក្សារាជសម្បត្តិ បានជ្រើសរើសជាឯកច្ឆ័ន ព្រះរាជបុត្រព្រះអង្គម្ចាស់ នរោត្ដម សីហមុនី ទ្រង់ឡើង សោយរាជ្យ ជាព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋកម្ពុជា។ ព្រះបាទ​នរោត្ដម សីហនុ ទ្រង់បានទទួល ព្រះបុរមងារ ជាព្រះមហាវីរក្សត្រ បីតាជាតិខ្មែរ ជាមួយនឹង​អភ័យឯកសិទ្ធិ​ដូចមុន ពី​រដ្ឋ​សភា​ជាតិកម្ពុជា។
  • ១៥ តុលា ២០១២៖ ព្រះអង្គទ្រង់សោយទីវង្គត ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា​ វេលាម៉ោង០១ម៉២០ព្រឹក ដោយ​រោគាពាធ នៅមន្ទីពេទ្យមួយ នៃរដ្ឋធានីប៉េកាំង ប្រទេសចិន។

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ថ្ងៃខែទាំងនេះ ទស្សនាវដ្ដីបានដកស្រង់ និងធ្វើការសិក្សាស្រាវជ្រាវ​ ចេញពីឯកសារ«ឯករាជ្យ»ជាច្រើន ទាក់ទងនឹង​​ប្រវត្តិ​សាស្រ្ត កម្ពុជាទំនើប និងពង្សសាវតា នៃរេជ្ជកាលរបស់ព្រះបាទ នរោត្ដម សីហនុ។ ទស្សនាវដ្ដី នឹង​​ទទួល​​យក​នូវ​រាល់​ការ​កែលំអ ប្រកបដោយការស្ថាបនា ចំពោះការស្រាវជ្រាវទាំងឡាយខាងលើ បើសិនជា​មាន​​ការ​ខ្វះ​ខាត។ សូម​​អរគុណ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...