សុខ អាន ដៃ​ស្ដាំ ហ៊ុន សែន ទទួល​មរណភាព

លោក សុខ អាន ដែលមានតំណែង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី និងតួនាទីជាច្រើន​ទៀត នៅ​ក្នុង​រដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃពុធនេះ នៅក្នុង​ប្រទេស​ចិន។ រដ្ឋាភិបាល​កម្ពុជា បាន​ស្នើសុំថវិកា ចំនួន៣០០កោដិរៀល (ប្រមាណជា ៧សែន ៥ម៉ឺនដុល្លារ) ដើម្បីយក​មក​រៀបចំ​ពិធី​បុណ្យ​សព​លោក សុខ អាន ដែល​គេ​ស្គាល់ កាល​ពី​​ពេល​​លោក​នៅមានជីវិត ថាជា​«ដៃ​ស្ដាំ»​ដ៏​រឹងមាំ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
សុខ អាន ដៃ​ស្ដាំ ហ៊ុន សែន ទទួល​មរណភាព
លោក សុខ អាន មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលមានមុខតំណែងយ៉ាងច្រើន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 16, 2017
  • ប្រធានបទ: មរណៈទុក្ខ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជីវិត នៅលើវាលវដ្ដ​សង្សារ ពិតជាមិនទៀងឡើយ... នៅក្នុងអាយុ៦៦ ឆ្នាំ លោក សុខ អាន ដែល​គេ​ស្គាល់​ថា ​ជា​«ដៃ​ស្ដាំ»​ដ៏​រឹងមាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្លាក់ខ្លួនឈឺជាទម្ងន់ មុននឹងធ្វើមរណភាព នៅ​ល្ងាច​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ លិខិតជាផ្លូវការ ចេញផ្សាយដោយរដ្ឋាភិបាលកម្ពុជា បាន​សរសេរ​ថា ​លោក សុខ អាន បាន​ផុត​ដង្ហើម នៅវេលាម៉ោង ១៨ និង៣២នាទី នៅក្នុងមន្ទីរពេទ្យមួយ នៃរដ្ឋធានីប៉េកាំង ​ប្រទេស​ចិន ខណៈ​នៅ​មុននេះ​ប៉ុន្មានថ្ងៃ លោក សុខ អាន ត្រូវបានមន្ត្រីរដ្ឋាភិបាល​អះអាងថា លោកត្រូវ​បាន​ដឹក​ចេញ ពីការព្យាបាល នៅក្នុងប្រទេសបារាំង យកទៅព្យាបាល នៅក្នុង​ប្រទេស​សាំងហ្គាពួរ​វិញ។

នៅលើបណ្ដាញសង្គម ពាក្យចចាមអារាមជាច្រើន បានលើកឡើង ពីសភាពធ្ងន់ធ្ងរ នៃជំងឺ​របស់​លោក ដែល​បាន​ទៅ​ព្យាបាល​ជាបន្ទាន់ អស់ជាច្រើនសប្ដាហ៍ នៅក្នុងប្រទេសបារាំង ហើយការចាកចេញ ពី​ប្រទេស​បារាំង​នេះ ដោយ​ហេតុ​ថា ជំងឺរបស់លោក បានឈានដល់ដំណាក់កាលចុងក្រោយ។ ពាក្យចចាមអារាមខ្លះ​ទៀត បាន​លើក​ឡើង​រហូត​ដល់​ថ្នាក់​ថា លោកបានធ្វើមរណភាព​បាត់ទៅហើយ តាំងពីនៅក្នុងមន្ទីរពេទ្យ នៃ​ប្រទេស​បារាំង​នោះ​ម្លេះ។

ប៉ុន្តែពាក្យចចាមអារាម ទាំងប៉ុន្មាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ នៃទីស្ដីការគណៈរដ្ឋមន្ត្រីបដិសេធ ដោយ​ចាត់​ទុក​ថា ជា​ពាក្យ​ចចាមអារាម ដែលប្រមាថម៉ាក់ងាយ ទៅដល់អាយុ​ជីវិតនៃថ្នាក់ដឹកនាំ និងបានពន្យល់​ថា ការ​បញ្ជូ​ន​លោក​មក​ព្យាបាល នៅ​ជិត​ប្រទេសកម្ពុជាវិញ គឺដើម្បីងាយស្រួល ឲ្យមន្ត្រីនៅក្រោមឱវាទ​ងាយ​ស្រួល ទៅ​ទទួល​យក​យោបល់​ពី​លោក សុខ អាន មុន​សម្រេច​​ការងារ​អ្វី​មួយ។

កាលពីប៉ុន្មានថ្ងៃមុននេះ លោក សុខ អាន ទើបនឹងត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច ព្រះ​នរោត្ដម សីហមុនី ប្រោស​​​ព្រះ​រាជ​ទាន​​គោរមងារ​ ទៅ​ជា «សម្ដេច​វិបុល​បញ្ញា»។ ការ​ព្រះរាជទាន​​គោរមងារ ជា​«សម្ដេច»​​នេះ ធ្វើឡើងដោយសារ​លោក សុខ អាន បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​​រដ្ឋធម្មនុញ្ញ​​នៃ​​​ប្រទេស​​​កម្ពុជា ឆ្នាំ​​១៩៩៣ កសាង​បាន​​នូវ​សន្តិភាព​ជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ច​ជាតិ ការ​អភិវឌ្ឍ​ជាតិ​​លើ​​គ្រប់​​វិស័យ ការពារ​​លទ្ធិប្រជាធិបតេយ្យ និង​មាន​ស្ថិរភាព​សន្តិសុខ​​សង្គម​បាន​ល្អ​ប្រសើរ។ នេះ បើតាម​ព្រះរាជ​ក្រឹត្យ​ ​ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​​ទី​១៣ ខែ​មីនា ឆ្នាំ២០១៧។

មន្ត្រីស្មោះស្ម័គ្រ ដែលមានដៃមួយរយ...

នៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារ ចូលរួមមរណទុក្ខ និងបាន​ហៅ​មរណភាព របស់លោក សុខ អាន ថា«ជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់បំផុតម្នាក់ របស់កម្ពុជា»។ លោក ហ៊ុន សែន បាន​សរសេរ​ថា៖ «សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមតស៊ូលះបង់ បម្រើប្រទេសជាតិ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ ដែលបានធ្វើអោយកម្ពុជា មានការរីកចម្រើនមកទល់សព្វថ្ងៃ»។

នៅពេលលោកមានជីវិត លោក សុខ អាន ត្រូវបានគេស្គាល់ថា ជាមនុស្សដ៏សំខាន់ ដែលនៅស្និត​នឹង​លោក ​ហ៊ុន សែន រាប់​ចាប់​តាំង​ពី​លោក ហ៊ុន សែន ឡើងធ្វើជារដ្ឋមន្ត្រីការបរទេស នៃរបបសាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ក្នុង​ឆ្នាំ១៩៨១​មក។ រហូតមកដល់ពេលនេះ លោកជាសមាជិករដ្ឋសភា (តំណាងរាស្ត្រ) ជា​ឧប​នាយក​រដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​គ្រប់​គ្រង​ពីលើរដ្ឋមន្ត្រី និងនៅមានតំណែង ជាប្រធាន (និងអនុប្រធាន)​ស្ថាប័ន​សំខាន់ៗ មិន​តិច​ជាង​១០ស្ថាប័ន​ជាតិ ផ្សេងទៀត ដែលធ្វើឲ្យលោក ក្លាយជាមនុស្សដែលមាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ប៉ុន្តែស្នាដៃដ៏សំខាន់មួយ ដែលគេត្រូវនិយាយពីលោក គឺលោកបានដឹកនាំ ការចុះបញ្ជីប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក របស់អង្គការ អ៊ុយណេស្កូ (UNESCO) កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០០៨ ខណៈ​ពេល​​ដែល​ប្រាសាទខ្មែរ ដ៏ស្កឹមស្កៃ ស្ថិតនៅលើខ្នងភ្នំដងរែក មួយនេះ ស្ថិតក្រោម​ការ​ប្រទាញប្រទង់ ពី​សំណាក់​ប្រទេសថៃ នៅក្នុង​ជម្លោះ​ទឹកដី ដែលស្ថិត​នៅជុំវិញ​ប្រាសាទ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...