«រឿង​ក្ដី កឹម សុខា ជា​រឿង​នយោបាយ»

ផ្ទុយពីការគ្រោងទុក សវនាការជំនុំជម្រះ របស់សភាស៊ីបសួរ នៃសាលាឧទ្ធរណ៍ នៅព្រឹកនេះ គ្មានវត្តមានចូលរួម ពីសំណាក់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ បានប្រតិកម្មទៅនឹងអវត្តមាននេះ ដោយហៅថា រឿងក្ដីនេះ គ្រាន់តែជារឿងនយោបាយប៉ុណ្ណោះ។
«រឿង​ក្ដី កឹម សុខា ជា​រឿង​នយោបាយ»
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងការថ្លែងមួយ នៅចំពោះអ្នកគាំទ្រ កាលពីខែឧសភា ឆ្នាំ២០១៦។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: March 27, 2018
  • ប្រធានបទ: សវនាការ កឹម សុខា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទៅបំផុតទៅ សវនាការជំនុំជម្រះ របស់សភាស៊ីបសួរ នៃសាលាឧទ្ធរណ៍កម្ពុជា បានប្រព្រឹត្តិទៅ ដោយគ្មានវត្តមាន​របស់ប្រធានគណបក្សសង្គ្រោះជាតិ  លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ ហើយមន្ត្រីសាលាឧទ្ធរណ៍ អះអាងថា សវនាការនៅតែបន្តដំណើរការរបស់ខ្លួន ដោយគ្មានអ្វីរារាំងឡើយ។

តាំងពីច្រើនថ្ងៃមុន រហូតមកដល់ថ្ងៃម្សិលម៉ិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានស្រង់សំដី របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ មកបញ្ជាក់ថា សវនាការក្នុងថ្ងៃនេះ នឹងធ្វើឡើង ដោយមានវត្តមានរបស់លោក កឹម សុខា។ មេដឹកនាំ​​គណបក្សប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ ពីបទ​ «ក្បត់​ជាតិ» និង​ «ឃុប​ឃិត» ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​​រំលំ ​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់។ លោកត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានី សម្រេចបន្តឃុំខ្លួន បន្ថែម៦ខែទៀត កាលពីដើមខែមីនានេះ។

យ៉ាងណា បើទោះជាគ្មានវត្តមានរបស់លោក កឹម សុខា ក៏ដោយ នៅផ្នែកខាងក្រៅតុលាការវិញ ក្រុមប្រជាពលរដ្ឋច្រើនសិបនាក់ បានព្យាយាមប្រមូលគ្នា នៅតាមដងផ្លូវ ចូលទៅកាន់សាលាឧទ្ធរណ៍ ខណៈកងកម្លាំងអាជ្ញាធរ និងរនាំងបាំងផ្លូវជាច្រើន ត្រូវបានដាក់ពង្រាយ នៅជុំវិញនោះ ដើម្បីរារាំង មិនឲ្យមានការជួបជុំគ្នា របស់ប្រជាពលរដ្ឋនោះទេ។។

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើទំព័រលោក សម រង្ស៊ី គេឃើញក្រុមមន្ត្រីរបស់អាជ្ញាធរ បានប្រើអំពើហិង្សា ដោយការវាយតប់ទៅលើបុរសម្នាក់ ដែលព្យាយាមឈរនៅខាងមុខរនាំងរបស់កងកម្លាំង។

 

វត្តមានរបស់ជនសង្ស័យ ត្រូវបានក្រុមមន្ត្រីប្រឆាំង លើកឡើងព្រមៗគ្នា បរិហារ​ពីសវនាមួយ របស់សាលាឧទ្ធរណ៍ ដែលគ្រាន់តែធ្វើឡើង ដើម្បីការបង្គ្រប់កិច្ចប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា៖ «រឿងក្តីលោកប្រធាន កឹម សុខា ជារឿងនយោបាយ។ ដូច្នេះ រឿងក្តីនេះ មិនអាចដោះស្រាយចេញ តាមរយៈតុលាការទេ»។

 

លោក មុត ចន្ថា មន្ត្រីជំនិត និងធ្លាប់ជានាយកខុទ្ទកាល័យ របស់លោក កឹម សុខា បានសំដែងការខកចិត្ត នៅចំពោះអវត្តមានរបស់លោក កឹម សុខា ដោយចាត់ទុកប្រព័ន្ធច្បាប់ នៅប្រទេសកម្ពុជា ថា«មិនអាចគួរឲ្យទុកចិត្ត» បានទេ។

 

នៅប៉ុន្មានរយម៉ែត្រ ពីសាលាឧទ្ធរណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញ បានសំដែងការជឿជាក់ថា សាលាឧទ្ធរណ៍នឹងមិនដោះលែង លោក កឹម សុខា ឲ្យនៅក្រៅឃុំទេ។ លោកថា៖ «ខ្ញុំអត់ជឿថា សាលាឧទ្ធរណ៍នៅព្រឹកនេះ ដោះលែងអាមេក្បត់ជាតិនោះទេ រឺក៏ធានានៅក្រៅឃុំនោះទេ (...) តែយ៉ាងណា ខ្ញុំគោរពការសម្រេចចិត្ត របស់តុលាការ ព្រោះស្ថិតនៅក្នុងដៃតុលាការ»។

រីឯកញ្ញា កឹម មនោរវិទ្យា កូនស្រីលោក កឹម សុខា និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានពន្យល់ពីក្ដីអស់សង្ឃឹមរបស់កញ្ញា នៅចំពោះសវនាការថ្ងៃនេះថា៖ «គាត់ [លោក កឹម សុខា] មិនត្រូវបានបញ្ជូនមកតុលាការទេ។ យើងអាចព្យាករណ៍បានយ៉ាងងាយស្រួល ពីសាលក្រមសម្រេច របស់សាលាឧទ្ធរណ៍ នៅថ្ងៃនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...