ក្មេងប្រុសម្នាក់នៅឥណ្ឌូនេស៊ី មានការចង់ចាំខ្លាំងក្លា ដូចសត្វដំរី
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: October 02, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្មេងប្រុសម្នាក់មកពីកោះបាលី បានទទួលជោគជ័យ ក្នុងការចងចាំតួលេខ ចំនួន៨៤លេខ ក្នុងរយៈពេលតិចជាងមួយនាទី ប៉ុន្តែ ភាពអស្ចារ្យរបស់ក្មេងប្រុសនេះ នៅមិនទាន់ត្រូវបានសៀវភៅកំណត់ត្រាឯកតទគ្គៈកម្ម ហ្គីនណែសប៊ុក (Guinness Book) កត់ទុកជាផ្លូវការនៅឡើយ។
កុមារ ដូមីនីក ប្រៀន ហ៊ីនដាកតូ។
កាសែត ចាកាតាគ្លប (Jakarta Globe) បានសេរសេរថា កាលពីថ្ងៃទី១៤ ខែកញ្ញា កុមារ ដូមីនីក ប្រៀន ហ៊ីនដាកតូ (Dominic Brian Hindarto) បានបំបែកឯតទគ្គៈកម្មផ្ទាល់ខ្លួន ដែលបានធ្វើនៅឆ្នាំ២០០៩កន្លងមក នៅចំពោះមុខមហាជន ប្រមាណជា២០០០នាក់ ដោយអាចចងចាំលេខសេសចំនួន៧៦ខ្ទង់ បានក្នុងរយៈពេលតិចជាងមួយនាទី ដែលនេះជា ការប្រឹងប្រែងលើកទី ៣ នៅ ដែនប៉ាសា (Denpasar) លើកោះបាលី (Bali)។
ប៉ុន្តែគួរអោយស្ដាយសំរាប់ក្មេងប្រុសតូចនេះ ដោយពុំមានអ្នកតំណាងណាម្នាក់ មកពីសៀវភៅកំណត់ត្រាឯតទគ្គៈកម្ម ពិភពលោក ហ្គីនណែសប៊ុក បានចូលរួមនៅទីនោះឡើយ បើទោះជាគេឃើញមានសាក្សីពីរនាក់ មានវត្តមានក្នុង បន្ទប់សំដែងនេះក៏ដោយ។ «ហ្គីនណែសប៊ុក» ជាសៀវភៅមួយកំរិតអន្តរជាតិ សំរាប់កត់ត្រាអំពីអ្វី ដែលទាក់ទងនឹង ឯតទគ្គៈកម្មពិភពលោក។
លោក ហ្ស៊ីដុង ហ៊ិនដាកតូ (Gideon Hindarto) ជាឪពុករបស់ក្មេងប្រុសដ៏អស្ចារ្យនេះ បានអះអាងថា «ការប្រឹងប្រែង ទាំងអស់ត្រូវបានធ្វើឡើង ដោយគោរពតាមអនុសាសន៍របស់ហ្គីនណែស។ អនុសាសន៍មួយ ក្នុងចំនោមអនុសាសន៍ ទាំងនោះ តំរូវអោយមានយ៉ាងតិច សាក្សីឯករាជ្យ រឺ ក៏សារការីពីរនាក់»។ អ្នកតំណាងម្នាក់មកពីសៀវភៅនេះ បាន ថ្លែងតាមរយះការសែតដដែលថា ការខំប្រឹងប្រែងរបស់ក្មេងប្រុស មកពីកោះបាលីនេះ អាចនឹងត្រូវបានបញ្ជាក់ ដោយ «ហ្គីនណែសប៊ុក» ដែលជាស្ថាប័នមួយ នៅក្នុងប្រទេសអង់គ្លេស។ លោកបានពន្យល់ប្រាប់ទៀតថា «បើទោះជាគ្មាន ចៅក្រមរបស់យើងណាម្នាក់ មានវត្តមានក្នុងថ្ងៃនោះក៏ដោយ ក៏ពួកយើងអាចនឹងសំរេច យល់ព្រមឯតទគ្គៈកម្មនេះដែរ ដោយយោងទៅតាមពស្តុតាងជាក់ស្តែង ភស្តុតាងរបស់សាក្សី និងខ្សែវីដេអូមួយប្រសិនបើមាន។»
ដូមីនីក ប្រៀន ហ៊ីនដាកតូ (Dominic Brian Hindarto) បានចាប់ផ្តើមអោយគេស្គាល់ ពីបញ្ញា និងភាពចងចាំរបស់គេ តាំងពីអាយុ៥ឆ្នាំ ហើយបានក្លាយជាជនជាតិឥណ្ឌូនេស៊ីក្មេងជាងគេបំផុត ដែលអាចចង់ចាំលេខ ចំនួន១០០លេខ ក្នុង រយៈពេល១២នាទី។ ភាពជោគជ័យនេះ បានធ្វើអោយគេនិយាយពី ក្មេងប្រុសនេះ នៅក្នុងសារៈមន្ទីរឯតទគ្គៈកម្មមួយ របស់ប្រទេសឥណ្ឌូនេស៊ី។
ដូមិនីក ក៏ត្រូវបានគេស្គាល់ដោយ ឯតទគ្គៈកម្មរបស់ ហូលឌើរសាធារណៈ (Record Holders Republic) ដូចគ្នាដែរ សំរាប់ ការចងចាំបានដល់ទៅ ៩០លេខ ក្នុងរយៈពេលមួយនាទី និង មានសមត្ថភាពសូត្រលេខទាំងនោះ តាមលំដាប់លំដោយ ដោយបញ្ច្រាស និង ដោយស្មានៗ។ នៅក្នុងឆ្នាំ ២០១១ ដូមិនីកបានឈ្នះក្នុងចំណាត់ថ្នាក់ទី៣ ការដណ្តើមយកជើងឯក ទូទាំងពិភពលោកមួយ ខាងផ្នែកចងចាំ នៅទីក្រុង កង់តុង ប្រទេសចិន ដែលនៅទីនោះ រូបគេតំណាងអោយប្រទេស ឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះដែរ ដូមិនីកបានជួបជាមួយនឹង តូនី ប៊ុយហ្សង់ (Tony Buzan) ដែលជាអ្នកចិត្តសាស្រ្ត ជនជាតិអង់គ្លេសម្នាក់ ដែលល្បីខាង វិធីសាស្រ្តក្នុងការ«ចងចាំសរុប» មានកំណើតពី «ផែនទីបញ្ញា (Carte mental)»។ ប៊ុយហ្សង់ បានផ្តល់ងារកិត្តិយសដល់ដូមីនីក ថា ជា«ព្រឹទ្ធាចារ្យនៃការចងចាំ» ។
-------------------------------------------
ដោយ៖ សុជារស្មី-ភ្នំពេញថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖មនោរម្យព័ងអាំងហ្វូ