ឧក្រិដ្ឋកម្មរបស់របបកូរ៉េខាងជើង ដូចក្នុងរបបខ្មែរក្រហម នៅកម្ពុជា
- ដោយ: កេសរ កូល ដោយ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៤
- កែប្រែចុងក្រោយ: March 20, 2014
- ប្រធានបទ: របបកុម្មុយនីស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របបកុម្មុយនីស - ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិដោយ របបក្រុមព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង មានលក្ខណៈប្រៀបបានទៅទៅ ឧក្រិដ្ឋកម្មប្រព្រឹត្តិដោយពួក ណាហ្សី ហ៊ីត្លែ និងរបបប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះជាសេចក្ដីសន្និដ្ឋាយ៉ាងម៉ឺងម៉ាត់ របស់លោក ម៉ៃឃើល គៀប៊ី (Michael Kirby) នាយកគណកម្មាធិការស៊ើបអង្កេតមួយ របស់អង្គការសហប្រជាជាតិ (អ.ស.ប)។
លោក ម៉ៃឃើល គៀប៊ី បានថ្លែងនៅមុខក្រុមប្រឹក្សាសិទ្ធមនុស្ស របស់ អ.ស.ប យ៉ាងច្បាស់ៗថា «ប្រយុទ្ធប្រឆាំង នឹងអំពើយង់ឃ្នង របស់ពួកណាហ្សីនិយម ប្រកាន់ពណ៌សម្បុរ និងដូចពួកខ្មែរក្រហម ទាមទារឲ្យមានភាពខិតខំប្រឹងប្រែង ពីសំណាក់ប្រទេសមហាអំណាចធំៗក្នុងលោក»។ លោកបានបន្ថែមថា វាគឺជាកតព្វកិច្ចរបស់មនុស្សទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងសាធារណរដ្ឋប្រជាមានិតកូរ៉េ (ឈ្មោះជាផ្លូវការ របស់ប្រទេសកូរ៉េខាងជើង)។
លោកបានថ្លែងបរិហាយ៉ាងធ្ងន់ៗទៀតថា «ថ្ងៃនេះ យើងបានចូលមកដល់សតវត្សទី២១ហើយ តែយើងនៅតែប្រឈមមុខទៅនឹង អំពើយង់ឃ្នងដ៏គួរឲ្យខ្មាសអៀន ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយពិភពលោក។ យើងមិនអាចឈរអោបដៃ មើលដោយភ្នែកទទេ បានតទៅទៀតនោះទេ។»
ប្រទេសកូរ៉េខាងជើង រងការចោទប្រកាន់ថា បានប្រព្រឹត្តិ«ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»
អ្នកច្បាប់ទាំងនេះដែលទទួលសិទ្ធិអំណាចពី អ.ស.ប បានបង្កើតឲ្យមានជាលើកទីមួយ នូវសំនុំរឿងមួយ ផ្សាយកាលពីថ្ងៃទី១៧ ខែមីនាកន្លងមកនេះ ដែលមានលក្ខណៈចោទប្រកាន់ និងមានហេតុផលច្បាស់លាស់ ដាក់បន្ទុកលើរបបកូរ៉េខាងជើង ដោយបានចោទរបបនេះ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដ៏ធំធេងហួសពីការស្មាន។
របាយការណ៍នោះសរសេរថា «គណកម្មាធិការស៊ើបអង្កេត បានបញ្ជាក់ថា ការរំលោភដែលមានលក្ខណៈជាប្រព័ន្ធ លាតសន្ធឹង និងគ្រោតគ្រាត ទៅនឹងសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងដាកឲ្យអនុវត្តន៍ ដោយសាធារណរដ្ឋប្រជាមានិតកូរ៉េ ហើយនៅករណីជាច្រើន ការរំលោភទាំងនេះ បានបង្កឲ្យមានឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
កាលពីខែមុន អតីតទាហានមួយរូបរបស់របបនេះ បានរត់ភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ហើយបានថ្លែងរៀបរាប់ នូវហេតុការណ៍ជាច្រើន ដ៏មហារន្ធត់ ជាពិសេសទាក់ទងនឹងករណីមួយ ដែលកងទាហានបានបណ្ដោយឲ្យហ្វូងឆ្កែ ខាំស៊ីកុមារជាច្រើននាក់ នៅពេលដែលកុមារទាំងនោះ ចេញពីសាលារៀន៕