បារាំងទៅរស់នៅកំពត និយាយពីជីវិតខុសប្លែកពីស្រុកខ្លួន ៩យ៉ាង
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើជនជាតិបារាំង ដែលបានប្ដូរស្ថានភាពជីវិតរបស់ខ្លួន ចូលមករស់នៅក្នុងប្រទេសកម្ពុជា គិតឃើញថាជីវភាព និងជីវិតប្រចាំថ្ងៃក្នុងប្រទេសនេះ ខុសប្លែកពីប្រទេសដើមកំណើតរបស់ខ្លួន បែបណា? ក្នុងចម្លើយខាងក្រោម យ៉ាងហោចណាស់ ក៏មានចំនួន៩ករណីដែរ។
ហាមជាន់ដោយប្រើជើងពីរ តែត្រូវអង្គុយ។ សូមអរគុណ។
ពីនេះពីនោះ - ប្រពៃណីទំនៀមទំលាប់ របស់ស្រុកមួយៗមិនដូចគ្នាទេ។ ហើយជារឿងធម្មតាទេ ដែលការធ្វើចំណាកស្រុក ពីទីកន្លែងស្រុកកំណើត ទៅតាំងទីរស់នៅស្រុកផ្សេង បង្កឲ្យមានភាពចម្លែកៗ នៅក្នុងការសម្របខ្លួនទៅតាមបែបផែនថ្មី នៃជីវិតដែលជនចំណាកស្រុក ដែលត្រូវជួបដំបូងនោះ។
លោក សេឌ្រិក ព័រ៉េ (Cédric Poret) ជាតិបារាំងមានដើមកំណើតពីទីក្រុង អាវ្រ៍ (Havre - ផ្នែកខាងលិចនៃប្រទេសបារាំង) បានសរសេរនៅលើគេហទំព័រផ្ទាល់ខ្លួន ពីភាពខុសប្លែក៩យ៉ាង ដែលលោកបានមើលឃើញនៅខេត្តកំពត បើប្រៀបធៀបទៅនឹងស្រុកកំណើតរបស់លោក ដើម្បីបង្ហាញប្រាប់ទៅជនជាតិបរទេសទាំងឡាយ ដែលមានបំណងចង់មករស់នៅ ក្នុងប្រទេសកម្ពុជា ដូចលោកដែរនោះ។
១- រឿងចម្លែកបំផុត ដែលទេសចរណ៍មកពីលោកខាងលិច បានឃើញភ្លាមៗ នៅពេលដែលពួកគេបានមកដល់ប្រទេសកម្ពុជានោះ ដោយសារនៅទីនេះ ពលរដ្ឋខ្មែរច្រើននាក់ នាំគ្នាជក់បារី «អាឡាំង ឌឺឡុង» មានតម្លៃ៥ដុល្លា ក្នុងមួយសុង។ «អាឡាំង ឌឺឡុង» ជាតួកុនបារាំងដ៏ល្បី ដែលមានអាយុ៧៨ឆ្នាំហើយ។ ផ្ទុយពីចរាចរណ៍ផលិតផលថ្នាំជក់ នៃបារីប្រភេទនេះ ដែលមាននៅពាសពេញប្រទេសកម្ពុជានោះ តែនៅទ្វីបអ៊ឺរ៉ុប ឬនៅប្រទេសបារាំងតែម្ដង គេមិនដែលឃើញបារីប្រភេទនេះ មានដាក់លក់នៅតាមហាងបារីនានាឡើយ។
២- នៅក្នុងគេហដ្ឋានរបស់លោក នៅទីក្រុង អាវ្រ៍ លោកក៏មានដាំដើមចេកមួយដើមដែរ។ តែនៅទីនោះ ដើមចេករបស់លោក មានដុះស្លឹកតែមួយគូរប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលខុសប្លែកពីប្រទេសកម្ពុជា ដែលចំការចេកមានដុះដូចព្រៃស្ដុក ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។
៣- បើកូនៗមិនមានថ្នាក់ចូលរៀន មិនមែនបណ្ដាលមកពីគ្រូៗ ធ្វើកូដកម្មមិនបង្រៀន ដូចនៅក្នុងប្រទេសបារាំងនោះទេ តែមកពីក្រុមគ្រូបង្រៀនទាំងនោះ ដាច់លុយនៅចុងខែ ហើយមួយចំនួនត្រូវបង្ខំចិត្ត ទៅរត់ម៉ូតូឌុប ដើម្បីមកទប់ទល់ជីវភាពរបស់ខ្លួុន។
៤- នៅភោជនីយដ្ឋាន បើអ្នកទទួលទានអាហារមិនអស់ អ្នកបម្រើនៅទីនោះ នឹងខ្ចប់អាហារទាំងនោះ ឲ្យអ្នកយកទៅផ្ទះដោយស្វ័យប្រវត្តិ។ សេវាកម្មនេះ មិនតម្រូវឲ្យអ្នកបង់ថ្លៃបន្ថែមទេ។ ដូច្នេះ បើអ្នកផឹកស្រានៅក្នុងភោជនីយដ្ឋាន មិនទាន់អស់មួយដប កុំភ្លេចយកវាមកបង្ហើយតាមផ្លូវ ឬនៅផ្ទះក៏បានដែរ។
៥- នៅខេត្តកំពត កណ្ដុរមានចំនួនប្រហាក់ប្រហែល ដូចគ្នានឹងនៅក្រុង អាវ្រ៍ ដែរ ព្រោះនៅទីនេះ មានពស់សម្លាប់កណ្ដុរ ជាអ្នកកំណត់ពីចំនួនរបស់សត្វកណ្ដុរទាំងនោះ។ តើបើអ្នកចង់មានការងារធ្វើ នៅប្រទេសកម្ពុជា អ្នកអាចមកប្រកបរបរជាអ្នកប្រមាញ់កណ្ដុរ នៅរាជធានី ភ្នំពេញ។
៦- នៅកំពត រថយន្ដឈ្នួល យកថ្លៃឈ្នួលតែ៥ដុល្លារប៉ុណ្ណោះ ក្នុងចំងាយផ្លូវ១៥០គីឡូម៉ែត្រ សម្រាប់អ្នកដំណើរម្នាក់។ តែអ្នកឯងត្រូវត្រៀមខ្លួន«ប្រជ្រៀត» ឡើងណែនដូចកន្តំ ព្រោះក្នុងរថយន្ដនោះ មានអ្នកដំណើររហូតដល់ទៅ៩នាក់ទាំងអ្នកបើក។
៧- នៅកំពត មិនមានប្រអប់សំបុត្រ នៅមុខផ្ទះទេ។ ដូច្នេះអ្នកនឹងមិនងាយទទួលបាន នូវដំណឹងអាក្រក់ ឬការផ្សាយពាណិជ្ជកម្មតែពាស ដែលមកតាមរយៈប្រអប់សំបុត្រទាំងនេះ ដូចក្នុងប្រទេសបារាំងទេ។ តែផ្ទុយទៅវិញ វិក័យប័ត្រភ្លើង នឹងមានមនុស្សជិះម៉ូតូ យកមកឲ្យដល់ផ្ទះ។
៨- សម្ភារៈ ធ្វើទឹកក្ដៅសម្រាប់ងូត ឬសម្រាប់កំដៅផ្ទះដូចនៅបារាំង មិនមាននៅប្រទេសកម្ពុជាទេ។ ក្នុងរដូវក្ដៅ លែងមានទឹកសឹងតែទាំងស្រុង។ តែបើនិយាយពីរដូវភ្លៀងវិញ ទឹកមានច្រើនជ្រុល រហូតដល់ក្លាយជាភក់ នៅគ្រប់កន្លៀតក្រហែង។
៩- នៅពេលខែកក្ដិកមកដល់ (ខែមករា) សីតណ្ហភាពធ្លាក់មកនៅ ត្រឹមតែ២៥អង្សាសេប៉ុណ្ណោះ តែកូនប្រុសខ្ញុំទារភួយបន្ថែមទៀតរួចទៅហើយ (ព្រោះនៅកម្ពុជា ជាប្រទេសក្ដៅ។ បើធ្លាក់សីតណ្ហភាពតែបន្ដិច នោះនឹងក្លាយជាត្រជាក់ហើយ ផ្ទុយពីនៅបារាំង ដែលគេនិយាយពីភាពត្រជាក់ នៅពេលដែលសីតណ្ហភាពធ្លាក់ ចាប់ពី៥អង្សាសេចុះទៅ។)៕
ស្ទឹងកំពត ពេលថ្ងៃរៀបលិច ក្នុងខេត្តកំពតផ្នែកនារតីនៃប្រទេសកម្ពុជា។