កងទ័ពខ្មែរ-សៀម ព្រមព្រៀងឲ្យមានខ្សែទូរស័ព្ទ«ក្រហម»មួយ
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មេសា ២០១៧
- កែប្រែចុងក្រោយ: April 01, 2017
- ប្រធានបទ: ព្រំដែនខ្មែរ-សៀម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងព័ត៌មានផ្លូវការ ដែលផ្សាយចេញដោយគេហទំព័រ របស់ក្រសួងការពារជាតិកម្ពុជា គេមិនឃើញមានការអះអាង ពីការបង្កើតឲ្យមាន នូវទូរស័ព្ទ«ក្រហម»មួយខ្សែនេះទេ តែគេឃើញមានការលើកឡើង ដូចរៀងរាល់ជំនួបមុនៗ ទាក់ទងនឹងការថែរក្សាសន្តិភាព ស្ថេរភាពតាមបណ្តោយព្រំដែន និងការពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ តែប៉ុណ្ណោះ។
ផ្ទុយទៅវិញ ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម «VNA» បានផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែមីនាម្សិលម៉ិញ ថាជំនួបលើកទី១២នេះ បានសម្រេចឲ្យភាគីកងទ័ពទាំងសងខាង បង្កើតនូវខ្សែទូរស័ព្ទ«ក្រហម»មួយឡើង។ ទីភ្នាក់ងារព័ត៌មានវៀតណាម បានស្រង់សំដីរបស់អ្នកនាំពាក្យ ក្រសួងការពារជាតិថៃ លោក «Kongcheep Tantrawanit» មកបញ្ជាក់ថា ខ្សែទូរស័ព្ទ«ក្រហម»ខាងលើ នឹងជួយសម្រួល ដល់ការសម្រេចចិត្ត ឲ្យបានឆាប់រហ័ស នៅក្នុងប្រតិកម្ម ឬប្រតិបត្តិការណាមួយ ពីសំណាក់កងទ័ពនៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧នេះ ក្រសួងការពារជាតិកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១២ ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារ «សុខាអង្គរ» ខេត្តសៀមរាប ដោយមានការចូលរួម ពីថ្នាក់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ៖ កម្ពុជាតំណាងដោយ លោក ទៀ បាញ់ និងថៃតំណាងដោយ លោក ប្រាវីត វង្សស៊ូវណ្ណ (Prawit Wongsuwon)។
គម្រោងបង្កើតខ្សែទូរស័ព្ទរបៀបនេះ ត្រូវបានលើកឡើងម្ដងរួចហើយ នៅក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃទី១៩-២០ ខែមិថុនា របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅកាន់ប្រទេសថៃ។ សេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅពេលនោះ ដោយក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ខ្សែទូរស័ព្ទទាក់ទងបន្ទាន់ (Hotline) នោះ ត្រូវបានបង្កើតឡើង ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងការបទេស នៃប្រទេសទាំងពីរ ទាក់ទងគ្នាដើម្បីដោះស្រាយបញ្ហាបន្ទាន់ ដែលកើតឡើង។ ក្រសួងការបរទេសកម្ពុជា នៅបានអំពាវនាវ ឲ្យភាគីថៃបន្តឥរិយាបទមនុស្សធម៌យោគយល់ ដោយចាត់វិធានការផ្លូវច្បាប់ ជំនួសការប្រើអាវុធ ចំពោះជនល្មើសទាំងឡាយ ជាពិសេសពលករខ្មែរខុសច្បាប់ នៅប្រទេសថៃ។
ទីភ្នាក់ងារព័ត៌មាន «VNA» នៅបានស្រង់សំដី របស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ មករាយការណ៍បន្ថែមថា លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអះអាងពីទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានឈានដល់ដំណាក់កាលដ៏ប្រសើរបំផុតមួយ។ នៅក្នុងកិច្ចប្រជុំលើកទី ១២ នេះ ភាគទាំងពីរបានជជែកគ្នាយ៉ាងច្រើន អំពីការថែរក្សាសន្តិសុខ និងកិច្ចប្រតិបត្តិការ នៃកងទ័ពកម្ពុជា-ថៃ ក្នុងការដើរល្បាតមើល ព្រំដែនរួម«ខ្មែរ-សៀម»៕