សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើ​ឲ្យ​ដក ហោ ណាំហុង ​ពី​តំណែង

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បានចោទប្រកាន់ លោក ហោ ណាំហុង ថាមានជំហរ មិនបម្រើឲ្យប្រយោជន៍ជាតិ ប្រយោជន៍​ប្រជា​ពលរដ្ឋ ដែលបានរំលោភទាំងស្រុងនឹងរដ្ឋធម្មនុញ្ញ និងបានអំពាវនាវទៅលោក ហ៊ុន សែន ឲ្យដកលោក ហោ ណាំហុង ចេញ​ពី​តំណែង ប្រមុខការទូតកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 07, 2015
  • ប្រធានបទ: ទឹកដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីលិខិត ចុះថ្ងៃទី៤ ខែឧសភា របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង ដែលបានឆ្លើយតប ទៅរដ្ឋសភា​ជាតិ ថាមានពលរដ្ឋកម្ពុជា រំលោភបំពានយកទឹកដីវៀតណាមនោះមក ប្រតិកម្មជាច្រើន បានធ្លាក់ចុះមកជាបន្តបន្ទាប់។ នៅ​ព្រឹកថ្ងៃទៅ៧ ខែឧសភានេះ សហព័ន្ធមួយឈ្មោះ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលមានលោក ម៉ៅ ពិសេស ជា​ប្រធាន បានចេញសេចក្តីថ្លែងការណ៍ ជាបន្ទាន់ ស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដកតំណែងលោក ហោ ណាំហុង ពីរដ្ឋមន្ត្រីក្រសួងការបរទេស ដោយសហព័ន្ធនេះ បានយល់ឃើញថា លោក ហោ ណាំហុង មិនបានគោរពច្បាប់រដ្ឋធម្មនុញ្ញ និងអសមត្ថភាព ក្នុងការងារ។

ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បានធ្វើការពន្យល់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយ​លំអិត​លើពាក្យ «មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ» និង«អសមត្ថភាព»ក្នុងការងារ ឲ្យដឹងថា ក្នុងនាមជាមន្រ្តីរាជការរបស់រដ្ឋ ជាអ្នកបំរើឲ្យជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលបានចែង ដាក់ឲ្យមន្រ្តីរដ្ឋពាក់ព័ន្ធទាំងអស់ ប្តេជ្ញារក្សាការពារ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ពិសេស បានលើក យកមាត្រា៥២ នៃរដ្ឋធម្មនុញ្ញ មករំលឹកទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាការពារ​ឯករាជ្យ អធិបតេយ្យបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារ​ឯកភាព​ជាតិ រក្សាការពារទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានា​សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និង សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។»

ប៉ុន្តែផ្ទុយទៅវិញ លិខិតផ្លូវរដ្ឋ ដែលលោក ហោ ណាំហុង ឆ្លើយតប ទៅកាន់រដ្ឋសភា កាលពីថ្ងៃទី៤ ខែឧសភា នោះ ត្រូវ​បានលោក ម៉ៅ ពិសេស ចាត់ទុកថា ផ្ទុយទៅនឹងមាត្រាខាងលើ នៃរដ្ឋធម្មនុញ្ញជាតិ។ ប្រធានសហព័ន្ធ បានថ្លែងឡើងថា៖ «គាត់(ហោ ណាំហុង) មិនខ្វល់ពីទុក្ខវេទនា របស់ប្រជាពលរដ្ឋដែលរងទុក្ខ និងរស់នៅ លើទឹកដីកេរ្តិ៍ដំណែល ពីដូនតាតាម​ព្រំដែនហ្នឹង ត្រូវបានវៀតណាម ប្រើថ្នាំបំពុលផលដំណាំទៀតនោះ រឹតតែរងទុក្ខវេទនា។ (…) ចឹងបើគាត់ឆ្លើយតប ដោយ​រុញ​ច្រានបែបហ្នឹង មានន័យថា គាត់មិនខ្វល់ទេ ប្រជាពលរដ្ឋនោះវេទនាយ៉ាងណា ក៏វេទនាទៅ។»

ចំពោះការចោទ ពី«អសមត្ថភាព»ក្នុងការងារនោះ ត្រូវបានលោក ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបកស្រាយថា ក្នុង​នាម​ជាប្រមុខការទូតកំពូល របស់កម្ពុជា លោក ហោ ណាំហុង មិន បានបំរើឲ្យប្រជាជាតិកម្ពុជាខ្លួនឯងទេ តែបែរជាការពារ ផលប្រយោជន៍ របស់បរទេសនោះទៅវិញ។ លោកបញ្ជាក់ថា៖ «មិនបំរើផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរ បែរជាបំរើផល​ប្រយោជន៍ របស់ប្រទេសវៀតណាមទៅវិញ។ (…) គាត់គួតែរកពិធីសាស្រ្តណា ដើម្បីបំរើផលប្រយោជន៍របស់ខ្មែរ ព្រោះ​គាត់ ជាប្រមុខការទូតរបស់ខ្មែរ មិនមែនជាប្រមុខការទូតរបស់យួនទេ។»

លិខិតចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់ទៅកាន់រដ្ឋសភាថា បញ្ហា​ទំនាស់ព្រំដែន រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ទាហានវៀតណាមនោះ ព្រោះតែពលរដ្ឋកម្ពុជាខ្លួនឯង ជា​អ្នកឈ្លានពាន ចូលទៅដាំដំណាំ ក្នុងទឹកដីរបស់វៀតណាម បានធ្វើឲ្យវៀតណាម មានប្រតិកម្ម និងយកថ្នាំមកបាញ់ បំពុល​ផលដំណាំទាំងនោះ។ លិខិតនោះ សរសេរថា៖ «ពលរដ្ឋ (កម្ពុជា) យើង បានដាំដំណាំ ចូលទឹកដីវៀតណាម ចំនួន១៦.៦​ហិកតា​​ថែមទៀត»។

បន្ថែមតាមអត្ថន័យ លើលិខិតខាងលើនេះ ត្រូវបានលោក ម៉ៅ ពិសេស វាយតម្លៃថា ជាការដែលមិនអាច ទទួលយកបាន។ លោក បានចាត់ទុកថា ប្រមុខការបរទេសកម្ពុជា កំពុងចេញមុខការពារ ឲ្យប្រជាពលរដ្ឋ និងផលប្រយោជន៍ នៃប្រទេស​វៀតណាម ហើយថា រដ្ឋមន្រ្តីរូបនេះ មិនគួចេញសេចក្តីប្រកាស ព័ត៌មានផ្លូវរដ្ឋបែបនេះឡើយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងលោក កុយ គួង ពីអ្នកនាំពាក្យក្រសួងការបរទេស ដើម្បីប្រតិកម្ម នឹងការ​លើក​ឡើង ខាងលើនេះបានទេ ព្រោះពុំមានអ្នកទទយលទូរស័ព្ទ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...