ត្រាំ អ៊ីវតឹក៖ ២០១៥ តភ្ជាប់ផ្លូវទឹកពាណិជ្ជកម្ម កម្ពុជា-វៀតណាម
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 07, 2015
- ប្រធានបទ: ដឹកជញ្ជូន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ផ្លូវទឹកអន្តរជាតិកម្ពុជា-វៀតណាម ដែលជាមធ្យោបាយ ដឹកជញ្ជូនមួយ ដែលមានតម្លៃ«ឈ្នួល»ថោក ជាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវអាកាសនោះ នឹងត្រូវបង្កើតឡើងក្នុងឆ្នាំ២០១៥នេះ។
ថ្លែងក្នុងសិក្ខាសាលាមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ លោករដ្ឋមន្រ្តីបានអះអាងទៀតថា ក្រៅពីបង្កើត មធ្យោបាយដឹកជញ្ជូន តាមផ្លូវទឹកកម្ពុជា-វៀតណាមនេះ លោកក៏នៅចង់ ឲ្យការប្រើប្រាស់«កំពង់ផែភ្នំពេញ» មានភាពកាន់តែទាក់ទាញ និងប្រើប្រាស់ ការដឹកជញ្ជូនដោយផ្ទាល់ នូវទំនិញពីបរទេស ចូលមកក្នុងរាជធានីតែម្តង។
យ៉ាងណា ចំពោះបញ្ហា នៃការបង្កើតផ្លូវទឹកពាណិជ្ជកម្មនេះ ក្រុមការងាររបស់ក្រសួង នៅមិនទាន់សម្រេចថា ត្រូវជ្រើសរើសផ្លូវទឹកណាមួយនៅឡើយ។ លោកត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ព្រោះផ្លូវទឹកកម្ពុជាមានពីរ មួយជាផ្លូវទឹក តាមទន្លេមេគង្គ (ក្រោម) និងផ្លូវទឹកតាមទន្លេបាសាក់។ ឯការសម្រេចចិត្តថា តើត្រូវជ្រើសរើសផ្លូវណាមួយនោះ ក៏នៅមិនទាន់ មានការសម្រេចចិត្ត ច្បាស់លាស់នៅឡើយ ដោយរង់ចាំវេលាសម្រាប់សិក្សា ពិភាក្សា និងសម្រេចនាពេលក្រោយទៀត។
ចំពោះផលចំណេញ ចេញ-ចូល តាមផ្លូវទឹកនេះថា ត្រូវបានលោករដ្ឋមន្ត្រី បកស្រាយថា ការដឹកជញ្ជូនពាណិជ្ជកម្ម ដោយផ្ទាល់ ពីប្រទេសទីបី ឆ្លងកាត់ចូលមកដល់ភ្នំពេញ និងមានតម្លៃថោក។ លោកបានបញ្ជាក់ថា៖ «ដើម្បីដឹកជញ្ជូនទំនិញ ពីប្រទេសវៀតណាមក្តី ពីប្រទេសទី៣ ចូលមកភ្នំពេញ ដូចជាពីបណ្តាប្រទេសចិន ស៊ីងហ្គាពួ ពីអឺរ៉ុបជាដើម។ យើងត្រូវការ ឲ្យកប៉ាល់ទាំងនោះ ចូលមកដល់ភ្នំពេញ ហើយមានតម្លៃថោក។ (...) អាចឲ្យកប៉ាល់ ពីសមុទ្រវៀតណាម ចូលមកដល់ភ្នំពេញតែម្តង។»
យ៉ាងណាលោកអះអាងថា បញ្ហានេះ នៅតាមដាន សហការ និងសិក្សាជាបន្តទៀត ជាមួយក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដែលបានជំនួយ ក្នុងផ្នែកខាងផ្លូវទឹកនេះ។ លោកនៅមិនទាន់បង្ហាញ ពីលទ្ធផល ឬទិន្ន័យជាផ្លូវការ បីគម្រោង នៃការតភ្ជាប់ផ្លូវទឹកពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាមនៅឡើយ ដោយរង់ចាំមើល ពីរបាយការដែលនឹងកំពុង បន្តសិក្សា ដោយក្រុមហ៊ុននៃប្រទេសជប៉ុន៕