អ្នក​​បើក​​រថយន្ត​ក្រុង​សាធារណៈ ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ

អ្នកបើករថយន្តក្រុងសាធារណៈ ឲ្យរដ្ឋាករស្វ័យ័ត ជាង ៦០នាក់ បានធ្វើកូដកម្មមិនបើកបររថយន្តក្រុងទេ នៅព្រឹកថ្ងៃ ទី ០៣ ខែ កុម្ភៈនេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ០៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 03, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នក​ដំណើរ ដែល​ធ្លាប់​តែ​រង​ចាំ​ជិះ​រថយន្ត​ក្រុង​សាធារណៈ ជា​រៀង​រាល់​ថ្ងៃ​នៅ​ព្រឹក​នេះ បាន​ខក​ខាន​ដំណើរ ព្រោះ​គ្មាន​រថយន្ត​ក្រុង​មក​ប្រមូល​ពួក​គាត់ ដូច​សព្វ​មួយ​ដង​នោះ​ទេ បន្ទាប់​ពី​តៃកុង​ឡាន​ទាំង​នោះ បាន​នាំ​គ្នា​ទៅ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សន៍​ចាប់​ពី ២៨០ ដុល្លា ទៅ​៣០០​ដុល្លា​វិញ នៅ​ស្ថានីយ៍​ចំណត​រថយន្ត របស់​រដ្ឋាករ​ស្វ័យ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង ជិត​ផ្សា​រាត្រី។

យ៉ាង​ណា​ក៏​ដោយ ក៏​ខាង​រដ្ឋាករ​ស្វ័យ័ត​មិន​បាន​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ដំណើរ ខក​ខាន​ដំណើរ​គ្រប់​ជើង​របស់​ពួក​គាត់​ដែរ។ រដ្ឋាករ​បាន​បញ្ជូន បុគ្គលិក​ដែល​កំពុង​បើកបរ​សាកល្បង ទៅ​បើក​រថយន្ត​ជំនួស​ជា​បណ្តោះ​អាសន្ន​សិន។

ជុំវិញការធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនសាធារណៈ លោក ទៀង គឹមសាន ជាតៃកុង​បើកបរមួយរូប តាំងពីជាង ៥ ខែកន្លងមកហើយ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា ការដែល​លោក​នាំគ្នាមកធ្វើកូដកម្មនេះ ដោយសាររដ្ឋមិនគោរពកិច្ចសន្យា ដែលធ្លាប់បានប្រាប់ពួកគាត់ថា នឹងដំឡើង​ប្រាក់​ខែ​ឲ្យ។ ប៉ុន្តែផ្ទុយពីអ្វី ដែលបានសន្យានោះទៅវិញ អស់រយៈពេល ៥ខែ មកហើយដែលលោក គឹមសាន បាន​បើក​ឡានក្រុងបម្រើសាធារណៈជនទាំងអត់ធ្មត់ ដោយគេមិនបានដំឡើងប្រាក់ខែ ឲ្យដូចអ្វីដែលបានសន្យា​នៅពេលខាងដើមនោះទេ។

លោកបញ្ជាក់ដូច្នេះថា កាលពីមុនពេលដែលលោកដាក់ពាក្យមកធ្វើការជាមន្ត្រីរដ្ឋាករស្វ័យ័ត ប្រាក់ខែអ្នក​បើកបររថយន្តក្រុងក្នុងមួយខែ ទទួលបានចាប់ពី ២៨០ដុល្លា ទៅ ៣០០ដុល្លា។ នៅពេលដែលលោក​ធ្វើការ​បានមួយខែ លោកទទួលបានប្រាក់ខែត្រឹមតែ ៧២០០០០រៀលប៉ុណ្ណោះ ដោយមន្ត្រីរដ្ឋាករប្រាប់ពួកគាត់ថា រដ្ឋទើបតែដំណើរការណ៍ មិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយ ដូច្នេះប្រាក់ខែរបស់ពួកគាត់​មិនទាន់​ទទួលបាន ចាប់ពី ២៨០ដុល្លាឡើងទៅនោះទេ ដោយចាំមើលខែក្រោយៗទៀត។ លោកគឹម សាន និងអ្នក​បើកបររថយន្តដទៃទៀត ក៍សុខចិត្តខំមាត់សង្កត់ចិត្ត ទ្រាំយកប្រាក់ខែប៉ុណ្ណឹងសិន ព្រោះចង់ជួយរដ្ឋ និង​សាធារណៈជន ព្រមទាំងជួយសម្រួលដល់ចរាចរណ៍រាជធានីផង ទើបរងចាំបន្តទៀត ដោយសង្ឃឹមថា​ខែ​ក្រោយៗនឹងបានឡើងប្រាក់ខែ។

ប៉ុន្តែការរងចាំរបស់ពួកគាត់ ពីមួយខែទៅមួយខែ មិនទទួលបានលទ្ធផលនោះទេ ដោយប្រាក់ខែនៅតែ​ទទួល​បាន ៧២០០០០រៀលដដែល រហូតដល់អត់ទ្រាំលែងបាន ហើយបាននាំគ្នាមកធ្វើកូដកម្មនៅថ្ងៃ ទី ០៣ ខែ​កុម្ភៈនេះ ដើម្បីចង់ដឹងពីដំណើងដែលថា នឹងដំឡើងប្រាក់ខែឲ្យពួកគាត់នោះ។ លោកបន្ថែមថា ការមកសួរនាំ និងធ្វើកូដកម្មរបស់ពួកគាត់ បែជាទទួលបានចំលើយមួយ ដែលពិបាកនឹងទទួលយកទៅវិញ ពីមន្ត្រី​ទាំង​នោះ។ ពួកគេបាននិយាយប្រាប់ថា តៃកុងឡានទាំងនោះថាធ្វើការ ៥ខែ មិនទាន់ក្លាយជាបុគ្គលិក​ពេញសិទ្ធិ​ក្នុងក្របខ័ណ្ឌរដ្ឋនោះទេ និងបាននិយាយមកកាន់លោក គឹមសាន ថា គេមិនជឿថា លោកធ្វើការ​បើកបរ​រថយន្ត​សាធារណៈនេះ ចំនួន ៥ខែមកហើយនោះទេ។ ការឆ្លើយតបដូច្នេះ ធ្វើឲ្យក្រុងអ្នកបើកបរ មានការ​ស្រងាកចិត្ត នឹងមន្ត្រីរដ្ឋាករស្វ័យ័តនោះតែម្តង។

លោក ភី ស៊ីថា ជាអ្នកបើកបររថយន្តក្រុងមួយរូបទៀត បានលើកឡើងដែរថា កូដកម្មនេះមានគោលបំណង​តែមួយគត់ គឺចង់ទទួលបានប្រាក់បៀវត្សចាប់ពី ២៨០ ដុល្លាឡើងទៅ ព្រោះស្ថានប័នផ្សេង រដ្ឋបានដំឡើង​ប្រាក់ខែរួចអស់ហើយ រីឯអ្នកដែលបើកបរឡានក្រុងសាធារណៈនេះវិញ មកទល់ខែមួយនេះ នៅតែមិន​ទាន់​ដំឡើងឲ្យពួកគាត់ទៀត។

លោកបន្ថែមថា លោកស្នើឲ្យមានដំណោះស្រាយ ដើម្បីឲ្យពួកលោកទទួលបានប្រាក់ខែសមរម្យ ព្រោះ​បច្ចុប្បន្ន​នេះ ថ្លៃផ្ទះ ថ្លៃទឹកថ្លៃភ្លើងយ៉ាងថោកបំផុត ក៍ចំណាយអស់ ៣០ ដុល្លាដែរ ហើយការហូបចុក​លោក​ត្បិតត្បៀតបំផុត ដោយទិញបាយម្ហូមនៅតាមរោងចក្រ ១០០០រៀល ទៅ ២០០០រៀលប៉ុណ្ណោះ ក្នុងមួយពេល ហើយបើសិននៅពេលដែលបើកបរ លោកងងុយគេងនោះ លោកត្រូវញុំាកាហ្វេអស់ពីថង់ទៀត។ លោកថា​បើ​ទូទាត់អស់ទៅ លោកមិនបានផ្តល់ឲ្យអ្នកផ្ទះចិញ្ចឹមកូនផង មានពេលខ្លះលោកយកប្រាក់ពីផ្ទះ មកចាយវាយ​បន្ថែម។ លោកបានស្នើរឲ្យមេដឹកនាំខាងលើ ដែលធ្លាប់បានសន្យាថា នឹងបន្ថែមប្រាក់ខែឲ្យពួកគាត់ សូម​ធ្វើការពិចារណាឡើងវិញ ព្រោះពួកលោកបានតស៊ូបើកបររថយន្តនេះ តាំងពីខែដំបូងមក ដោយគ្មាន​សេស​សល់ប្រាក់ជួយអ្នកផ្ទះទេ ដោយគិតថាជួយរដ្ឋសិន ទម្រាំបានឡើងប្រាក់ខែ។

មិនអាចទាក់ទងមន្ត្រីអ្នកទទួលខុសត្រូវរបស់រដ្ឋាករស្វ័យ័ត នៃសេវាដឹកជញ្ជូនសាធារណៈរាជធានី ដើម្បីធ្វើ​ការបកស្រាយបំភ្លឺបាននៅឡើយ នៅពេលនេះ។

ការធ្វើកូដកម្មរបស់ក្រុមតៃកុងឡានក្រុងបម្រើសេវ៉ាកម្មសារណៈនេះ ក៍មានកងសន្តិសុខប្រដាប់អាវុធមក​ឈរ​ចាំមើល ពីសកម្មភាពរបស់ពួកគាត់ដែរ ប៉ុន្តែមិនមានការបង្រ្កាបអ្វីទេ ដោយទំនងជាមកពីក្រុមអ្នកធ្វើកូដកម្ម មិនបានបង្កអ្វីដែលនាំឲ្យមានការប៉ះពាល់ ដល់សណ្តាប់ធ្នាប់ក្រុងឡើយ។ ក្រុមកូដករ បានបញ្ជាក់ពីជំហរ​ពួក​គេថា គ្រាន់តែមកធ្វើការជម្រុញ ឲ្យមានការដំឡើងប្រាក់ខែឲ្យពួកគាត់ និងចង់ដឹងពីដំណើរការ​នៃការដំឡើង​ប្រាក់ខែនេះ ដល់ណាទៅហើយប៉ុណ្ណោះ។ ប្រសិនបើរដ្ឋាករស្វ័យ័តមិនអើពើ នឹងការបញ្ហារបស់ពួកគាត់​នោះ​ទេ ពួកគាត់នឹងធ្វើញត្តិដាក់ទៅថ្នាក់លើបន្តទៀត ដើម្បីឲ្យមានការពិចារណាលើផលលំបាករបស់ពួកគាត់ ដែលរងគ្រោះពីប្រាក់បៀវត្សតិចតួចនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...