អាដហុក​រិះ​គន់​ការ​ចាប់​ជន​ភៀស​ខ្លួន ថា​រំលោភ​សិទ្ធិ​មនុស្ស

សមាគមការពារសិទ្ធិមនុស្សអាដហុក បានរិះគន់អាជ្ញាធរខេត្តរតនគិរី ថាបានរំលោភសិទ្ធិមនុស្ស នៅក្នុងសំនុំរឿង ម៉ុងតាញ៉ា បន្ទាប់ពីអាជ្ញាធរខេត្តមួយនេះ បានចាប់ខ្លួនជនភៀសខ្លួនមួយគ្រួសារ មានគ្នា៥នាក់ កាលពីថ្មីៗ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 03, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគីរី បាន​លើក​ឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​រតនៈគីរី បាន​ប៉ុនប៉ង​ចាប់​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន​៩​នាក់ ប៉ុន្តែ​ចាប់​បាន​តែ​៥នាក់​ប៉ុណ្ណោះ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ រួម​មាន​ឪពុក ម្ដាយ និង​កូន​ប្រុស​ស្រី​បី​នាក់។ ចំណែក​ឯ​ជន​ភៀស​ខ្លួន​៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​រត់​គេច​ខ្លួន ពី​ការ​តាម​ប្រម៉ាញ់ របស់​សមត្ថកិច្ច​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​មក​នេះ។

តាម​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី២ ខែ​កុម្ភៈ​ម្សិល​ម៉ិញ​នេះ របស់​សមាគមការពារសិទ្ធិមនុស្សអាដហុក បាន​អំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការ​ចាប់​ខ្លួន ការ​ធ្វើ​ទុក្ខ​ទោស​ទៅលើជនភៀសខ្លួន ម៉ុងតាញ៉ា ដែល​កំពុង​រស់នៅលាក់ខ្លួនក្នុងព្រៃជាដើម។ សមាគម​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់កិច្ចសហការ ជាមួយទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​ថា ក្រុម​ជន​ជាតិ​ម៉ុងតាញ៉ា​ទាំងនោះ មិនត្រូវបាន​គំរាម​កំហែង គ្មានការរំលោភសិទ្ធិពួកគេ និង​ទទួល​បាន​នូវ​កិច្ច​ការពារ​យ៉ាង​ល្អ ពីរដ្ឋាភិបាលស្រមតាម​កិច្ចព្រម​ព្រៀង​អន្តរជាតិ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី នៃ​ពិធី​សារ​ស្តី​ពី​សិទ្ធិ​ជន​ភៀស​ខ្លួន។

លោក ឆាយ ធី មន្រ្តី​សមាគម​អាដហុក ប្រចាំ​នៅ​ខេត្ត​រតនៈគីរី​នៃ​ភូមិ​ភាគ​ឦសាន បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់ នា​ខ្ទម​ចម្ការ​មួយ​ក្នុង​ព្រៃ ស្ថិត​នៅ​ភូមិ​សោមគល់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ បច្ចុប្បន្ន​ជន​ភៀស​ខ្លួន ដែល​បាន​ចាប់​ខ្លួន​ទាំង​នោះ មិន​ដឹង​ជាត្រូវ​បាន​គេ​យក​ទៅ​ណា​នៅ​ឡើយ បើ​ទោះ​ជា​ក្រុម​ការងារ​នៃ​សមាគម​របស់​លោក បាន​ព្យាយាម​ស្វែង​រក​ និង​ស៊ើប​សួរ​ព័ត៌មាន​ក៏​ដោយ។

លោក ឆាយ ធី បានថ្លែងអះអាងថា៖ «ការចាប់ខ្លួននេះ មានការរំលោភទៅលើសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ (…) រំលោភទៅលើអនុសញ្ញា ស្តីពីសិទ្ធិជនភៀសខ្លួន ឆ្នាំ១៩៥១។»

លោកបានពន្យល់ថា មានជនជាតិម៉ុងតាញ៉ាប្រមាណ៣២នាក់ បានភៀសខ្លួន ពីការធ្វើទុក្ខបុម្នេញ​ពី​អាជ្ញាធរ​នៃប្រទេសវៀតណាម។ ហើយពួកគេបានមកលាក់ខ្លួន នៅក្នុងព្រៃនៃខេត្តរតនគីរី ចាប់តាំងពីដើមខែមករា រហូតមកដល់ដើមខែកុម្ភៈនេះ។ ក្រោយមកសមត្ថកិច្ច បានតាមចាប់៩នាក់ តែរត់រួច៤នាក់។ ដូច្នេះនៅសល់​២៧នាក់ទៀត ក៏កំពុងតែសំងំលាក់ខ្លួនក្នុងព្រៃនៅឡើយដែរ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីស្នងការនគរបាលខេត្តរតនគីរី លោក នួន កឿន បាន​ទេ។ យ៉ាងណាក៏ដោយ តាមការអះអាងរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្មីៗនេះ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា សមត្ថកិច្ចកម្ពុជា មិនបានចាប់បញ្ជូនខ្លួន ជនជាតិ​ម៉ុងតាញ៉ាទេ។ តែលោកទទួលស្គាល់ថា សមត្ថកិច្ចពិតជាបានចាប់​ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ដែលបានមកធ្វើចម្ការនៅក្នុងទឹកដីកម្ពុជា។

លោកបានអះអាងថា ពួកគេមិនមែនជាជនជាតិម៉ុងតាញ៉ា ដែលស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយ ពី​ប្រទេសវៀតណាម មកកាន់កម្ពុជានោះទេ។ លោក បានថ្លែងទៀតថា៖ «អត់មានម៉ុងតាញ៉ាទេ សុំឲ្យ​អាដហុក​បញ្ជាក់ឲ្យច្បាស់។ (...) ហើយបើមិនដូចនេះទេ យើងខ្ញុំនឹងប្តឹងទៅតុលាការ ពីការចោទ​ប្រកាន់ដែលបម្រើ​ហេតុផល​នយោបាយ។»

បើទោះជាមានការកំហែងយ៉ាងនេះ ពីអាជ្ញាធរកម្ពុជាក៏ដោយ សមាគមអាដហុកនៅតែបង្ហាញ​របាយការណ៍​របស់ខ្លួន ស្តីពីការចាប់ខ្លួន ជនភៀសខ្លួនទាំងនោះ ចាប់ពីដើមខែធ្នូ ឆ្នាំ២០១៤ មកដល់ពេលនេះ។ ក្នុង​របាយការណ៍នោះបានសរសេរថា ជនភៀសខ្លួនម៉ុងតាញ៉ាចំនួន៤៥នាក់ បានភៀសខ្លួនមកកម្ពុជា ដើម្បី​សុំ​សិទ្ធិជ្រកកោនខាងនយោបាយ។ ប៉ុន្តែអាជ្ញាធរបានឡោមព័ទ្ធចាប់ពួកគេ បានចំនួន១៣នាក់។ ក្រោមការ​អន្តរាគមរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលក៏បានផ្តល់ឱកាស ដល់ជនភៀសខ្លួនទាំង១៣នាក់ ស្នាក់​នៅរាជធានីភ្នំពេញ។ ឯ៥នាក់ ដែលទើបនិងចាប់កាលពីថ្ងៃទី១ ខែកុម្ភៈនេះ មិនទាំន់ដឹងថា​នៅទីណានោះ​ដែរ។

របាយការណ៍ បានសរសេរបន្តថា៖ «កម្ពុជាជារដ្ឋភាគីនៃពិធីសារ ស្តីពីសិទ្ធិជនភៀសខ្លួន។ អាជ្ញាធរ​កម្ពុជា​ត្រូវតែគោរព រាល់ព័ត៌មាន និងស្ថានភាពជនភៀសខ្លួន។ (...) មិនអាចចាប់បញ្ចូន បំបិទព័ត៌មាន​ដូច្នេះ​នោះ​ទេ។»

បើតាមការអះអាងរបស់លោក ខៀវ សុភ័គ ដដែល បានបន្ថែមឲ្យដឹងទៀតថា ក្រសួងមហាផ្ទៃកំពុង​រង់ចាំ​របាយការណ៍វាយតម្លៃ ពីជនទាំង១៣នាក់នោះថា តើពួកគេជាជនជាតិភាគតិចវៀតណាម ឬជាជនជាតិ​ម៉ុងតាញ៉ាដែលស្វែងរកសិទ្ធិជ្រកកោន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...