រកឃើញគ្រោងឆ្អឺងខ្មោច កំពុងអង្គុយក្នុងស្ទឹង កូឡូរ៉ាដូ (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 07, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោង ១០ព្រឹក ថ្ងៃចន្ទកន្លងមកនេះ អ្នកជ្រមុជទឹកម្នាក់ បានទាក់ទង មកស្នងការនគរបាលតំបន់ ដើម្បីរាយការណ៍ថា ខ្លួនបានរកឃើញ សាកសពដែលនៅសល់តែជាឆ្អឹងខ្មោច នៅបាតស្ទឹង។ ក្រុមអាជ្ញាធរ បានបញ្ជូនកាណូតមួយ ទៅកាន់ទីនោះ ដែលត្រូវបានគេស្គាល់ថា ស្ថិតក្នុងតំបន់ «Cienega Springs»។ សមាជិកអ្នកជួយសង្គ្រោះម្នាក់ ដែលមានជំនាញខាងជ្រមុជទឹក បានចុះទៅកាន់ទីកន្លែង ដែលមានគ្រោងឆ្អឹងនោះ និងបានថតជាវីដេអូ មកបង្ហាញផង។
ប៉ុន្តែនៅទីបំផុត ការិយាល័យនគរបាលតំបន់ បានសរសេរអះអាង នៅតាមបណ្ដាញសង្គមថា៖ «អ្នកជួយសង្គ្រោះ បានចុះទៅដល់ កន្លែងដែលមានគ្រោងឆ្អឹងនោះ ស្ថិតនៅ។ ប៉ុន្តែតាមពិត វាគ្រាន់តែជាគ្រោងឆ្អឹង សិប្បនិមិត្តចំនួនពីរ ដែលត្រូវបានដាក់ឲ្យអង្គុយ នៅលើកៅអីសម្រាកកាយប៉ុណ្ណោះ។»
គ្រោងឆ្អឹងមួយ មានពាក់វែនតាខ្មៅ រីឯគ្រោងឆ្អឺងមួយទៀត មានកាន់ផ្លាកមួយ ដែលសរសេរអក្សរ នូវឃ្លានេះ៖ «ប៊ែរនី សុបិន្តបានរស់នៅ ក្នុងស្ទឹង (Bernie Livin the Dream in the River)» នឹងបានដាក់ថ្ងៃខែថា៖ «ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤»។ មនុស្សមួយចំនួន បានគិតថា នេះអាចជាឈុតឆាកមួយ រៀបចំឡើងវិញ នៃភាពយន្ដ «Bernie Week-end» ដែលចេញបញ្ចាំង នៅឆ្នាំ១៩៨៩។
បើទោះជា ទូរស័ព្ទហៅមក របស់អ្នកជ្រមុជទឹក បានបង្កឲ្យអាជ្ញាធរ បញ្ជូនកម្លាំង និងមធ្យោបាយយ៉ាងច្រើន ទៅទីនោះក៏ដោយ ប៉ុន្តែខាងអាជ្ញាធរវិញ បាននិយាយថា៖ «បានធូរស្រាលក្នុងចិត្ត ដោយគ្រោងឆ្អឹងទាំងនោះ មិនមែនជារបស់មនុស្ស» និងសូមថ្លែងអំណរគុណ យ៉ាងខ្លាំង ទៅដល់អ្នកដែលបានរាយការណ៍ មកអាជ្ញាធរ។
អាជ្ញាធរ បានបញ្ជាក់ទៀតថា ខ្លួននឹងមិនបើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើសំនុំរឿងនេះទេ។ នាយនគរបាលតំបន់ លោក គៀទីស ប៊េប៊ី (Curtis Bagby) បានថ្លែងឲ្យដឹងថា៖ «ខ្ញុំមិនគិតថា គ្រោងឆ្អឺងទាំងនេះ ចង់បង្កការតក់ស្លុត អ្វីមួយនោះទេ។ ប៉ុន្តែខ្ញុំគិតថា វាគ្រាន់តែចង់បង្កើតរឿងមួយ ដែលគួរឲ្យចង់សើចប៉ុណ្ណោះ។»៕