«ពលរដ្ឋជាង២០០នាក់ ត្រូវបានក្រុមហ៊ុនពីរ បោកក្នុងម្នាក់ៗ៤០០ដុល្លា»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 08, 2015
- ប្រធានបទ: ពលករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) កាលពីព្រឹកថ្ងៃទី៧ ខែឧសភានេះ បានបង្ហាញនូវឈ្មោះ ក្រុមហ៊ុនចំនួនពីរ ដែលមានចេតនា«ឆបោក» លុយប្រជាពលរដ្ឋ ជាង២០០នាក់។ ក្រុមហ៊ុនទីមួយឈ្មោះ ស៊ិនឆឺរី (Century) និងក្រុមហ៊ុនទីពីរឈ្មោះ រ៉ាយនេតឆរ៉ល (Rice Natural)។ ក្រុមហ៊ុនទាំងពីនេះ ត្រូវបានបិទទ្វា និងទម្លាក់ «ស្លាកយីហោរ» របស់ខ្លួនភ្លាមៗ និងគេចខ្លួនបាត់ស្រមោល បន្ទាប់ពីប្រមូលលុយ របស់ពលរដ្ឋ ដែលមានបំណងទៅធ្វើការ នៅប្រទេសជប៉ុន បានគ្រប់ចំនួន។
ដោយសារតែមូលហេតុនេះ ទើបពលរដ្ឋទាំងអស់ បាននាំគ្នាមកកាន់សមាគមអាដហុក និងស្នើឲ្យសមាគមមួយនេះ ជួយជាវិធានការផ្លូវច្បាប់ ទៅក្រសួងពាក់ព័ន្ធនានា ដើម្បីបានទទួលប្រាក់ ដែលក្រុមហ៊ុនទាំងពីរ បានឆបោកនៅ យកទៅសងបំណុល ដែលបានខ្ចីគេវិញ និងក៏ស្នើ ឲ្យមានការដាក់ទោសជនល្មើស តាមផ្លូវច្បាប់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្នាក់ការសមាគម អាដហុក អ្នកស្រី កាន់ ស៊ីចាន់ ដែលអះអាងថា ជាជនរងគ្រោះ បានលើកឡើងថា ដើមហេតុដែលនាំឲ្យដឹងថា ក្រុមហ៊ុននេះឆបោក ព្រោះក្រោយពីការបិទទ្វាហើយ គ្រប់បុគ្គលិក នៃក្រុមហ៊ុនទាំងអស់ មិនអាចទាក់ទងបានឡើយ ពិសេសតាមទូរស័ព្ទ ត្រូវបានបិទចោលទាំងអស់។ មានទីលំនៅពីខេត្តកំពង់ឆ្នាំង អ្នកស្រីបានលើកឡើងថា មកទល់នឹងពេលនេះ មានរយៈពេលប្រាំខែ កន្លងទៅហើយ ក្រោយពីក្រុមហ៊ុន បានទទួលយកលុយពីអ្នកស្រី។
ពលរដ្ឋម្នាក់ទៀត លោក ជា វុត្ថា ដែលបានអះអាង ជាជនរងគ្រោះដែរនោះ បានលើកឡើងថា ដើម្បីឲ្យក្រុមហ៊ុនទាំងពីរខាងលើ បានធ្វើការផ្សព្វផ្សាយតាមវិទ្យុ ជ្រើសរើសពលករ ទៅធ្វើការនៅប្រទេសជប៉ុន ហើយលោក ក៏បានសម្រេចចិត្ត មកដាក់ពាក្យតែម្តង។ លោកបានបន្តថា ក្រុមហ៊ុនបានអះអាងថា ក្រោយការដាក់ពាក្យ ចាប់ពីបីខែ ទៅប្រាំខែ នឹងមានឈ្មោះធ្លាក់ ទៅប្រទេសជប៉ុន។
លោក ជា វុត្ថា បានអះអាងទៀតថា រយៈពេលជិតមួយឆ្នាំហើយ មកទល់នឹងពេលក្រុមហ៊ុនទាំងពីរ បានបិទទ្វានេះ សម្រាប់លោក នៅតែគ្មានឈ្មោះ ទៅធ្វើការនៅជប៉ុនដដែល។ លោកបានថ្លែងឲ្យដឹងថា៖ «ក្រុមហ៊ុនចេះតែសន្យាថាថ្ងៃនេះ ថ្ងៃនោះជាប់រហូត និងឲ្យរង់ចាំ។ ភាសាជប៉ុនក៏មិនបានរៀន ថាថ្ងៃនេះរវល់ ថ្ងៃនោះរវល់ដល់ឥឡូវ។ (…) គេយកលុយខ្ញុំ ៤០០ដុល្លា អាមេរិក មិនបានធ្វើអ្វីឲ្យខ្ញុំទាំងអស់។»
អ្នកស្រីមួរ សុខហួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង មកពីគណបក្សសង្ក្រោះជាតិ បានលើកឡើងថា បើមានករណីបែបនេះកើតឡើង ក្រសួងការងារត្រូវមានវិធានការ និងចាត់ការ ទៅលើក្រុមហ៊ុននោះ ជាបន្ទាន់។ អ្នកស្រីបានចាត់ទុកថា ទង្វើរបស់ក្រុមហ៊ុនទីបី ឬភាគីទីបី (ក្រសួងការងារ ជាភាគីទីមួយ ក្រុមហ៊ុនទទួលអាជ្ញាបណ្ណផ្ទាល់ ពីក្រសួងការងារ ជាភាគីទីពីរ និងក្រុមហ៊ុនទទួលបន្ត ពីក្រុមហ៊ុនទីពីរ ជាភាគីទីបី) បាននឹងកំពុង«ឆបោក»ពលកកម្ពុជា តាមរយៈមធ្យោបាយធ្វើការ ឬធ្វើកម្មករ នៅក្រៅប្រទេស។ ការនាំពលករចេញ ដោយក្រុមហ៊ុនខុសច្បាប់នេះ អាចចាត់ទុកថា ជាការជួញដូរមនុស្ស ឬជួញដូរកម្លាំងពលកម្មជាដើម។
បើយោងតាមតួលេខ របស់ក្រសួងការងារ ក្រុមហ៊ុនដែលបានចុះបញ្ជី មានចំនួន៦០ ដែលមានសិទ្ធិ ក្នុងការនាំពលករ ទៅក្រៅប្រទេស។ ក្រុមហ៊ុនទាំងនោះ អាចនាំពលករ ទៅកាន់ប្រទេសមួយចំនួន ដូចជាប្រទេសថៃ ម៉ាឡេស៊ី សិង្ហបូរី កូរ៉េខាងត្បូង និងជប៉ុនជាដើម។
ទស្សនាវដ្តីមនោរម្យ.អាងហ្វូ មិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ជុំវិញករណីខាងលើបានទេ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។ តាមសេចក្តីថ្លែងការណ៍ របស់សមាគមអាដហុក ចេញផ្សាយក្នុងថ្ងៃទី៧ ខែឧសភានេះ បានធ្វើការរំលឹកថា កាលបីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង ធ្លាប់បានប្រាប់ ទៅអគ្គនាយកក្រុមហ៊ុន ឲ្យផ្អាកសកម្មភាព ជ្រើសរើសពលករថ្មី រហូតដល់មានដំណោះស្រាយ ជាមួយពលករ មិនឲ្យលើសពី៤៥ថ្ងៃ។
សេចក្តីថ្លែងការណ៍របស់សមាគមអាដហុក បានសរសេរទៀតថា ករណីខាងលើនេះ សមាគមបានស្នើទៅក្រសួងការងារ និងអគ្គស្នងការនគរបាលជាតិ រួចរាល់ហើយ។ ជាមួយនឹងសំណើរនេះ ក៏បានតម្រូវឲ្យក្រសួង ដកប្រាក់ធានា របស់ក្រុមហ៊ុន ទូទាត់សងមកប្រជាពលរដ្ឋវិញ និងស្នើឲ្យស្វែងរកជនល្មើស មកផ្តន្ទាទោសតាមច្បាប់។
ដោយឡែក អ្នកស្រី មួរ សុខហួរ បានព្រមានទៅក្រសួងការងារថា បើមិនមានវិធានការដោះស្រាយ តាមផ្លូវច្បាប់ ពីក្រសួងការងារជូនពលករដែលរងគ្រោះ និងមិនមានចំណាត់ការ តាមផ្លូវច្បាប់ ក្នុងការដាក់ទោស ទៅលើក្រុមហ៊ុនទាំងនោះទេ ក្នុងនាមអ្នកស្រីជាតំណាងរបស់រាស្រ្ត នឹងស្នើទៅគណកម្មការទី៨ នៃរដ្ឋសភា ធ្វើការកោះហៅរដ្ឋមន្រ្តីរុបនោះ មកឆ្លើយចំពោះមុខ គណកម្មការទីប្រាំបី និងអាចឈានទៅដល់ការ ឆ្លើយចំពោះមុខរដ្ឋសភាទាំងមូល។
អ្នកស្រីបានលើកផ្លូវច្បាប់ មកបញ្ជាក់ថា «មិន»អនុញ្ញាតិឲ្យក្រុមហ៊ុនមួយ ដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងការងារ បន្តជួល លក់ ឬប្រគល់ អាជ្ញាប័ណ្ណនេះ ទៅឲ្យក្រុមហ៊ុនណាមួយ ផ្សេងទៀតឡើយ។ ប្រាក់ក្រុមហ៊ុន ដែលមានតំកល់នៅក្រសួង ត្រូវយកមកធ្វើការទូទាត់ជាបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់។ អ្នកស្រី បានថ្លែងឲ្យដឹងថា៖ «ការឆរបោកនេះ ខាងក្រសួង(ការងារ) ជាអ្នកទទួលខុសត្រូវ។ (...) លុយចំនួន១០ម៉ឺនដុល្លា ដែលក្រុមហ៊ុននោះដំកល់ ត្រូវយកមកដោះស្រាយជូនជនរងគ្រោះ... និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុននោះជាដាច់ខាត។»៕