CPP បញ្ជា​ឲ្យ​​ឃ្លាំ​មើល​ជំនួប​អ្នក​គាំទ្រ​ CNRP នៅ​តាម​ខេត្ត

បើទោះជា មានការព្យាយាមពន្យល់ ពីការរក្សាវប្បធម៌សន្ទនា ពីសំណាក់មេដឹកនាំ គណបក្សសង្គ្រោះជាតិក៏ដោយ តែសម្រាប់គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាគ្មានជំនឿ និងបង្ហាញថា ខ្លួនមិនទុកចិត្ត នូវរាល់ការសន្យា ឬស្បថស្បែរ របស់ថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិ ទាំងនោះឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 07, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ នេះ លោក សាយ ឈុំ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់​លិខិត​ណែនាំ​មួយច្បាប់ ទៅកាន់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា តាមខេត្តរាជធានី ក្នុងការចាត់កម្លាំងតាមដាន និង​ឃ្លាំ​មើល តាមដានស្តាប់ និងកត់ត្រា រាល់ការរិះគន់នានា របស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន មកលើគណបក្ស​ប្រជាជនកម្ពុជា ជាពិសេស បានផ្តោតសំខាន់ទៅលើ ការនិយាយរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទីមួយនៃរដ្ឋសភា ថាបានបន្តរំលោភ លើវប្បធម៌សន្ទនា នៃគណបក្សទាំងពីរ។

លិខិតដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានលើកឡើងថា៖ «យោងសភាពការណ៍បច្ចុប្បន្ន ដែលគណបក្សទាំងពីរ (CPP និង CNRP) បាននឹងកំពុងជំរុញអនុវត្តន៍ វប្បធម៌សន្ទនា ឲ្យបានល្អប្រសើរ ដើម្បីប្រយោជន៍​រួម​របស់ជាតិ និងប្រជាជនយើងនោះ ក៏នៅមានថ្នាក់ដឹកនាំ CNRP ខ្លះ ពិសេសឯកឧត្តម កឹមសុខា នៅបន្តវាយប្រហារ ជេរ​ប្រមាថ​គណបក្ស និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នៅតាមវេទិកានានា យ៉ាងអសុរោះបំផុត ផ្ទុយពីវប្បធម៌សន្ទនា ដែល​គណបក្ស​ប្រជាជនកម្ពុជា ពុំអាចទទួលយកបានឡើយ។»

ក្នុងថ្ងៃទី៥ ខែឧសភាដដែល លោក សម រង្ស៊ី បានផ្ញើសារជូនលោក ហ៊ុន សែន មួយច្បាប់ ដោយបានសរសេរ និងអះអាង​ថា លោកគោរពជានិច្ច នូវស្មារតី នៃវប្បធ៌មសន្ទនានេះ យ៉ាងស្មោះត្រង់ឥតខ្ចោះ ហើយមានបំណង គោរពស្មារតី នៃវប្បធ៌ម​សន្ទនានេះជារៀងរហូត។ លោក រង្ស៊ី បានសរសេរបញ្ជាក់ថា៖ «នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ នៅមន្ទីរព្រឹទ្ធសភា សម្តេច និង រូបខ្ញុំ ដែលពីអតីតកាល ធ្លាប់ជាគូបដិបក្ស យើងបានចាប់ដៃគ្នា ហើយបានក្លាយទៅជា សហស្ថាបនិក នៃវប្បធ៌ម​សន្ទនា។ តាំងពីថ្ងៃនោះមក ខ្ញុំបានគោរពជានិច្ច នូវស្មារតីនៃវប្បធ៌មសន្ទនានេះ យ៉ាងស្មោះត្រង់ឥតខ្ចោះ ហើយ​មាន​បំណង​គោរព​ស្មារតី នៃវប្បធ៌មសន្ទនានេះ ជារៀងរហូត។»

តែការថ្លែងបង្ហាញពីភាពស្មោះត្រង់ របស់លោក សម រង្ស៊ី ទំនងជា មិនត្រូវបានគណបក្សប្រជាជនកម្ពុជា ជឿទុកចិត្ត​នោះ​ឡើយ តែផ្ទុយទៅវិញ គណបក្សកាន់អំណាចបានបញ្ជា ទៅមន្រ្តីមូលដ្ឋានរបស់ខ្លួន ឲ្យធ្វើរបាយការណ៍ ជាលាយលក្ខណ៍​អក្សរ មកកាន់គណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល បានឆាប់បំផុត ក្នុងករណីមានការជេរ​ប្រមាថ​នានា។

«អាក្បាលយួនខ្លួនខ្មែរ, ពួកកុម្មុយនីស្តផ្តាច់ការ, អាយ៉ងយួន, ពួកអាក្បត់ជាតិ, ពួកអាលក់ជាតិ, អាមេចោរ»!

ក្នុងលិខិតដដែលនោះ បានសរសេរថា៖ «គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សូមឯកឧត្តមប្រធាន គណៈ​កម្មាធិការ​គណបក្សគ្រប់ខេត្តរាជធានី ចាត់ចែងឲ្យមន្ត្រីយើង តាមដានស្តាប់ និងកត់ត្រាឲ្យបានច្បាស់លាស់ នូវការបំពាន​ដោយ​បន្ត​ជេរប្រមាថ វាយប្រហារ មកលើគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូចជាការប្រើពាក្យ អាក្បាល​យួនខ្លួនខ្មែរ, ពួកកុម្មុយនីស្តផ្តាច់ការ, អាយ៉ងយួន, ពួកអាក្បត់ជាតិ, ពួកអាលក់ជាតិ, អាមេចោរ, និងពាក្យជេរប្រមាថ​ផ្សេង​ទៀត។»

គេក៏ឃើញនៅក្នុងលិខិត នូវកថាខណ្ឌមួយ ដែលបានស្រង់សំដី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែឧសភា ក្នុងខេត្តពោធិ៍សាត់ មកបញ្ជាក់ថា៖ «វប្បធម៌សន្ទនា គឺត្រូវចេះគោរពគ្នា ចេះស្មោះត្រង់នឹងគ្នា មិនជេរប្រមាថគ្នា មិនគំរាម​កំហែង​គ្នា ហើយក៏ចេះឲ្យតម្លៃគ្នាផងដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...