ស៊ិក ប៊ុនហុក គម្រាម រ៉ុង ឈុន ដោយអំណាចបក្ស?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 07, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីឃើញវត្តមាន លោក រ៉ុង ឈុន សមាជិកថ្មី គ.ជ.ប ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភានេះ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះលោក រ៉ុង ឈុន។ បន្តិចក្រោយមក លោក ស៊ិក ប៊ុនហុក ប្រធានថ្មីរបស់ គ.ជ.ប បានធ្វើប្រតិកម្ម តាមក្រោយភ្លាមៗ នៅតាមបណ្តាញសារព័ត៌មាន ទាំងស្ថាប័ន គ.ជ.ប នៅមិនទាន់មានបទបញ្ញតិ្តត្រឹមត្រូវ ក្នុងការហាមឃាត់ ឬយ៉ាងណា ចំពោះសមាជិកទាំង៩របស់ខ្លួន នៅឡើយនោះ។
ឆ្លើយតបនឹងប្រតិកម្មខាងលើ សកម្មជនគណបក្សសង្គ្រោះជាតិ ដ៏ល្បីឈ្មោះ និងស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ លោក មាជ សុវណ្ណរ៉ា បានលើកឡើង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា នោះមិនមែនជាកំហុសអ្វី របស់លោក រ៉ុង ឈុន ឡើយ ព្រោះថ្ងៃនោះ ជាទិវាពលកម្មអន្តរជាតិ ដែលពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងពេលឈប់សំរាក ពីការងារ និងអាចចូលរួម ក្នុងពិធីនោះ (សង្គម) បានគ្រប់ៗគ្នា ដោយមិនគិត ពីនិន្នាការនយោបាយ។
ផ្ទុយទៅវិញ លោក សុវណ្ណារ៉ា បានអះអាងថា ប្រតិកម្មរបស់ប្រធាន គ.ជ.ប. អាចទទួលយកបាន បើ គ.ជ.ប ថ្មី ដែលមានសមាជិក ត្រឹមតែ៩រូបនេះ បានបង្កើតឡើង នូវបទបញ្ជាផ្ទៃក្នុង ឬក្នុងលក្ខខន្តិកៈរបស់ខ្លួន ធ្វើការដាក់កំហិត ឬហាមឃាត់ ចំពោះសមាជិកទាំង៩រូប របស់ខ្លួន មិនឲ្យចូលរួម ក្នុងកម្មវិធីសង្គមណាមួយនោះ។ លោកបន្តថា ករណីនេះ លោក ស៊ិក ប៊ុនហុក អាចធ្វើការព្រមាន ការដាក់ទោស ការពិន័យ ឬក្រើនរំលឹក បានត្រឹមកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
តែនេះ មិនទាន់ទាំងមានច្បាប់ផង ក៏បានប្រើប្រាស់ នូវអំណាច ក្នុងនាមខ្លួន ជាអតីតមន្រ្តី មកពីគណបក្សកាន់អំណាច យកមកគម្រាមកំហែងគេ ទៅវិញ។ លោក សុវណ្ណារ៉ា បានបន្ថែមទៀតថា៖ «នេះ យើងមិនទាន់ដំណើរការ បានស្រួលបួលផង យើងទៅថា គេហ្នឹងអត់ឯករាជ្យ ទៅចូលរួមអញ្ចឹង (ទិវាពលកម្មអន្តរជាតិ) អត់បាន វាអត់ត្រូវ! ព្រោះការចូលរួមនោះ ចំថ្ងៃកណ្តាល ថ្ងៃឯករាជ្យ ថ្ងៃឈប់សំរាក ពីការងារ អ្នកណា ក៏អាចចូលរួមបាន ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់។»
ទង្វើរបស់លោក ស៊ិក ប៊ុនហុក ដែលប្រកាសជាសាធារណៈ តាមសារព័ត៌មាន ក្នុងការព្រមាន និងក្រើនរំលឹកដល់លោក រ៉ុង ឈុន នាដំណាក់កាលនេះ វាហាក់ដូចជាជ្រុល និងមានសភាពអាក្រក់មើលណាស់។ លោក សុវណ្ណារ៉ា ដែលទើបនឹងរួចពីពន្ធនាគារ តែស្ថិតនៅក្រោមការឃ្លាំមើល របស់តុលាការនៅឡើយនេះ បានយល់ឃើញថា ត្រឹមសមាជិកតែ៩នាក់ប៉ុណ្ណោះ តើមានអ្វី ដែលមិនអាចធ្វើការនិយាយ ដោះស្រាយ ឬសម្រុះសម្រួលគ្នាបាន?
លោក បានពន្យល់ទៀតថា៖ «កុំឲ្យយើងបង្ហាញភាពសំញែង ជាប្រធាន គ.ជ.ប និងជាអតីតមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្ត ទៅទៀតនោះ មិនបានយកការដោះស្រាយ ដោយសន្តិវិធី ឬផ្លូវច្បាប់មកជជែកគ្នា បែរជាទៅបរិហារតាមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ នោះជាការខុសឆ្គងគន្លងសីលធម៌ក្នុងភាពជាអ្នកដឹកនាំ។ (...) សំខាន់នៅត្រង់ថា យើងចេះធ្វើការជាមួយគ្នា ឲ្យតម្លៃគ្នា និងមានបញ្ញត្តិច្បាប់ ជាគោលសម្រាក់ការអនុវត្ត និងការដាក់ពិន័យទាំងអស់គ្នា។»
មិនអាចទាក់ទងមន្រ្តីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីពន្យល់ពីហេតុការណ៍ទាំងនេះ និងឆ្លើយតបទល់ នឹងការលើកឡើងខាងលើ បានទេ នៅពេលនេះ៕