ការបោះឆ្នោតនៅកម្ពុជា មានការ«គម្រាម និងសម្លុត»?
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មិនា ២០១៧
- កែប្រែចុងក្រោយ: March 21, 2017
- ប្រធានបទ: ការបោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅកម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើង ក្រោមការគម្រាមកំហែង ឬការសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឬ? ទោះមាន ឬគ្មាន ការគម្រាមកំហែង ឬការសម្លុតនោះក៏ដោយ ក៏ព្រះរាជសារ របស់ព្រះរាជាខ្មែរ ព្រះបាទ សម្តេចព្រះនរោត្ដម សីហមុនី បានបញ្ជាក់សារជាថ្មី ថាបណ្ដាពលរដ្ឋអ្នកទៅបោះឆ្នោត មិនត្រូវព្រួយបារម្ភ ពីរឿងនេះទេ។
ព្រះរាជសារ ដែលត្រូវបានចុះព្រះហស្ដលេខា ក្នុងព្រះបរមរាជវាំង តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ និងទើបនឹងយកមកចុះផ្សាយ នៅប៉ុន្មានថ្ងៃមុននេះ បានមានព្រះរាជឱង្ការ អំពាវនាវឲ្យពលរដ្ឋម្ចាស់ឆ្នោតគ្រប់រូប ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ ព្រះរាជាមានបន្ទូលបញ្ជាក់ ពីគោលការណ៍សំខាន់ នៃការបោះឆ្នោតខាងមុខនេះ ថាជាការបោះឆ្នោត«ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។
ព្រះរាជសារបានសរសេរឡើងថា៖ «សូមកុំឲ្យមាន ការព្រួយបារម្ភ ពីការគាបសង្កាត់ ការគម្រាបកកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ។ សូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាព របស់ខ្លួន បោះឆ្នោតទៅតាម សតិសម្បជញ្ញៈ របស់ខ្លួន ម្នាក់ៗ ដែលមានទំនុកចិត្ត ទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយ ណាមួយ។»។
ចុតហ្មាយរបស់ព្រះមហាក្សត្រ បានចេញផ្សាយ នៅចំពេលដែលនយោបាយ នៅកម្ពុជា បានកើនកំដៅឡើង ម្ដងហើយម្ដងទៀត ជាពិសេសជុំវិញ ការលើកឡើងជាសាធារណៈ ចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមានជាញឹកញាប់ ប្រឆាំងនឹង (ឬ មន្ត្រីរបស់) គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែងធំជាងគេ នៅក្នុងព្រះរាជាណាចក្រ។ នាយករដ្ឋមន្ត្រី ដែលស្ថិតក្នុងអំណាច តាំងពីជាង៣០ឆ្នាំមកនេះ បានគម្រាមជារឿយៗ ថាការផ្លាស់ប្ដូរការដឹកនាំ ចេញពីគណបក្សប្រជាជនកម្ពុជារបស់លោក នឹងនាំត្រឡប់មកវិញ នូវសង្គ្រាម ឬអស្ថិរភាពសង្គម សម្រាប់ប្រទេសកម្ពុជា។
យ៉ាងណា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ កាលពីឆ្នាំទី២០១២ កន្លងទៅ ត្រូវបានលោក សូរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជាការបោះឆ្នោត ដែលប្រព្រឹត្តិទៅ ក្នុងសភាពស្ងប់ស្ងៀម និងមានលក្ខណៈបើក ទូលាយ ជាងការបោះឆ្នោតមុនៗ ហើយមានលក្ខណៈអាចទទួលយកបាន។ គេបានសង្កេតឃើញជាទូទៅ នៅក្នុងការបោះឆ្នោត ថ្នាក់មូលដ្ឋាន អាណត្តិទី៣នោះ ថាការសម្លុត គម្រាមកំហែង មានការថយចុះយ៉ាងច្រើន បើទោះជាភស្ដុតាង នៃការទិញទឹកចិត្តអ្នកបោះឆ្នោត តាមរយៈការចែកប៊ីចេង សារ៉ុង ឬប្រាក់កាស បានកើនឡើងយ៉ាងខ្លាំងក៏ដោយ។
សម្រាប់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (ហៅកាត់ គ.ជ.ប) វិញ ដំណើរការនៃការរៀបចំការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងឆ្នាំនេះ កំពុងប្រព្រឹត្តិទៅ ដូចការគ្រោងទុក។ នៅក្នុងសេចក្ដីជូនដំណឹងមួយ ចេញផ្សាយកាលពីថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០១៧ កន្លងមក បានឲ្យដឹងថា រយៈពេលឃោសនា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងធ្វើឡើងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ខណៈថ្ងៃទី៣ ខែមិថុនា នឹងត្រូវចាត់ទុកជាថ្ងៃ«ស» មុននឹងចូលដល់ថ្ងៃបោះឆ្នោត ថ្ងៃទី៤ ខែមិថុនា។ គ.ជ.ប បានឲ្យដឹងទៀតថា ថវិកាប្រមាណជា ៥៣លានដុល្លារ (បានមកពីថវិកាជាតិ, ជំនួយមកពីសហគមន៍អឺរ៉ុប ពីប្រទេសជប៉ុន និងចិន) ត្រូវបាន គ.ជ.ប ចំណាយ រាប់ចាប់តាំង ពីដំណើរការចុះឈ្មោះ រហូតមកដល់ការរៀបចំការបោះឆ្នោត ថ្នាក់មូលដ្ឋានមួយនេះ៕