បារ៉ាក់ អូបាម៉ា សរសើរភូមា តែរិះគន់កម្ពុជា
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១២
- កែប្រែចុងក្រោយ: November 20, 2012
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណើរទស្សនកិច្ច លឿនដូចផ្លេកបន្ទោររបស់ ប្រធានាធិបតីអាមេរិកាំង នៅតំបន់អាស៊ីអាគ្នេយ៍ បានអនុញ្ញាត អោយគេដឹងពី ជំហររបស់អាមេរិក ចំពោះប្រទេសចំនួនពីរ «កម្ពុជា» និង«ភូមា» ក្នុងសំនុំរឿងហឹង្សានយោបាយ ភាពក្រីក្រ និងការគាបសង្កត់។
នៅចំពោះមុខការទទួល យ៉ាងខ្លាំងក្លា ពីសំណាក់បណ្ដាជនភូមា លោក បារ៉ាក់ អូបាម៉ា () បានហុច «ដៃនៃមិត្តភាព» ដើម្បីអបអរសារទរប្រទេសមួយនេះ ក្នុងដំណើរកែទម្រង់ ទៅរកលទ្ធិប្រជាធិបតេយ្យ បើទោះជា ត្រូវប្រើរយៈពេលយូរ យ៉ាងណាក៏ដោយ។ តែនៅប៉ុន្មានម៉ោងក្រោយមក លោកបានមកដល់កម្ពុជា ជាមួយនឹងការរិះគន់ លើបញ្ហាសិទ្ធិមនុស្ស ដែលកើតមាន ក្នុងប្រទេសប្រធានផ្លាស់វេន របស់អាស៊ានមួយនេះ ក្នុងជំនួបជាលក្ខណៈឯកជន ជាមួយនាយករដ្ឋមន្ត្រីខ្មែរ។
លោកប្រធានាធិបតីអាមរិក ចង់អោយក្ដីសង្ឃឹម ទៅប្រជាជននៃប្រទេសមួយចំនួនក្នុងលោក ជាពិសេស គឺប្រជាជនកម្ពុជា។ នេះ បើតាមការអះអាង របស់អ្នកទទួលខុសត្រូវមួយរូប របស់សេតវិមាន។ មន្ត្រីរូបនោះ បាននិយាយថា លោក អូបាម៉ា បានលើកពីប្រទេសភូមា ថាជារដ្ឋគំរូដ៏ចំណាស់មួយ ដែលគេគួរយកតម្រាប់តាម ក្នុងជំនួបទ្វេភាគី ជាមួយលោក ហ៊ុន សែន។ រដ្ឋបុរសទាំងពីរ មិនបានផ្ដល់កិច្ចសម្ភាសអ្វី នៅក្រោយជំនួប ទៅកាន់អ្នកកាសែតនោះទេ ដោយគ្រាន់តែបង្ហាញ នៅពីមុខម៉ាស៊ីនថត ថាបានចាប់ដៃគ្នាដោយទំនងជា ខ្វះភាពកក់ក្ដៅមួយ។
តាមអ្នកទទួលខុសត្រូវ អាមេរិកាំង លោកប្រធានាធិបតី បានសុំអោយលោក ហ៊ុនសែន ដោះលែងអ្នកទោសនយោបាយ បញ្ឈប់ការរឹបអូសដីធ្លី ហើយរៀបចំ អោយមានការបោះឆ្នោតសេរី និងត្រឹមត្រូវ។ អ្នកទទួលខុសត្រូវដដែល បានទទួលស្គាល់ថា ជំនួបមានភាពតឹងតែង ដោយសារលោកនាយករដ្ឋមន្ត្រីខ្មែរ បានការពារគោលជំហរ របស់លោក និងចង់អោយមានចំណងទាក់ទង កាន់តែរឹងមាំ ជាមួយសហរដ្ឋអាមេរិក។
អ្នកទទួលខុសត្រូវរូបនោះ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក នឹងមិនមកកាន់ប្រទេសកម្ពុជាទេ បើមិនមានជំនួបកំពូល ប្រចាំតំបន់ នៅក្នុងប្រទេសនេះ។ ជាគោលជំហរ ទៅលើប្រទេសមួយ ដែលកម្រមាន នៅពេលដែលដំណើរទស្សនកិច្ច កំពុងតែធ្វើរួចទៅហើយ លើទឹកដីនៃប្រទេសនោះ។
នៅតាមដងផ្លូវ គេបានឃើញមានបដា ទទួលស្វាគមជាច្រើន តែបដាទាំងនោះ ធ្វើសម្រាប់នាយករដ្ឋមន្ត្រីចិន វ៉េន ជៀបាវ និងមិនមែនសម្រាប់អបអរប្រធានាធិបតីអាមេរិកនោះទេ។
សកម្មជនសិទ្ធិមនុស្ស ជាច្រើនបានបារម្ភថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងប្រើប្រាស់រូបភាព នៃដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការប្រើអំណាច យ៉ាងចាស់ដៃ អស់រយៈពេលជាង៣០ឆ្នាំរបស់គាត់ និងដើម្បីបង្រ្កាបចលនាប្រឆាំង៕