រៀល-ប៉ារីស៖ ជាង​៨ម៉ឺន​ទស្សនិកជន និង​៨០០​អ្នក​កាសែត ក្នុង​កីឡាដ្ឋាន

ជាការប្រកួតដ៏ធំបំផុតមួយ ដែលបណ្ដាអ្នកនិយមបាល់ទាត់ បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរមកហើយ។ នៅយប់ថ្ងៃពុធនេះ ក្រុម រៀលម៉ាឌ្រីត (Real Madrid) នឹងទទួលក្រុម ប៉ារីស (Paris Saint-Germain) នៅក្នុងកីឡាដ្ឋានរបស់ខ្លួន សម្រាប់ក្របខណ្ឌជើងឯកអ៊ឺរ៉ុប (Champions League) ដែលត្រូវបានទស្សនាផ្ទាល់ នៅនឹងកន្លែងដែលទស្សនិកជន ជាង៨ម៉ឺននាក់ និងផ្សាយបន្តផ្ទាល់ ទៅកាន់២២០ប្រទេស នៅក្នុងពិភពលោក។
រៀល-ប៉ារីស៖ ជាង​៨ម៉ឺន​ទស្សនិកជន និង​៨០០​អ្នក​កាសែត ក្នុង​កីឡាដ្ឋាន
ពីឆ្វេងមកស្ដាំ៖ កីឡាករ ណីម៉ា មកពីក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង និងកីឡាករ រ៉ូណាល់ដូ មកពីក្រុមរៀលម៉ាឌ្រីត។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 14, 2018
  • ប្រធានបទ: បាល់ទាត់អ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

 ការប្រកួត«ទៅ» រវាងក្រុម រៀលម៉ាឌ្រីត (Real Madrid) និងក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) វគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌជើង​ឯកអ៊ឺរ៉ុប (Champions League) នឹងប្រព្រឹត្តិទៅ ក្នុងប៉ុន្មានម៉ោងខាងមុខ ក្នុងយប់ថ្ងៃទី១៣ ខែកុម្ភៈនេះ នាកីឡាដ្ឋាន «Santiago-Bernabeu» នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។ ការប្រកួតដែលបណ្ដាអ្នកនិយមបាល់ទាត់ នៅជុំវិញពិភពលោកទន្ទឹងរង់ចាំនេះ នឹងប្រព្រឹត្តិទៅ ក្រោមក្រសែរភ្នែកទស្សនាផ្ទាល់ នៅនឹងកីឡាដ្ឋាន ចំនួន៨១ ០០០នាក់ ដោយមានការពារសុវត្ថិភាព ពីកងកម្លាំងនគរបាល ចំនួន ១៨០០នាក់។

សម្រាប់នៅក្រៅកីឡាដ្ឋានវិញ ជំនួបរវាងក្រុមបាល់ទាត់​យក្សទាំងពីរ ជាការប្រកួតដ៏កម្រមួយ ដែលក្រុមអ្នកនិយមបាល់ទាត់ ដាក់ទំងន់យ៉ាងខ្លាំង ថាជាការប្រកួត រវាងកំពូល​តារា​បាល់ទាត់​ទាំងឡាយ ដែលកំពុងទាត់ ឲ្យក្រុមបាល់ទាត់ទាំងពីរ ដូចជាកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងកីឡាករ ណីម៉ា (Neymar) ជាដើម។

ប្រព័ន្ធផ្សព្វផ្សាយ មកពី១៣០ប្រទេស មកពី២០០ស្ថាប័ន បានបញ្ជូនអ្នកយកព័ត៌មាន ប្រមាណជា៨០០នាក់ មកកាន់កីឡាដ្ឋាន «Santiago-Bernabeu» ដើម្បីយកព័ត៌មាន ពីការប្រកួត។ ការផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ នឹងត្រូវធ្វើនៅប្រមាណ ជា២២០ប្រទេស ជុំវិញផែនដី។ បើសូម្បីតែពិធីបុណ្យដង្ហែ នៅក្រុង «Rio» ប្រទេសប្រេស៊ីល ក៏ត្រូវរំកិលពេល ឲ្យបានចប់មុន ការប្រកួតនេះចាប់ផ្ដើមដែរ។

ចំពោះតម្លៃសំបុត្រ ចូលទស្សនាផ្ទាល់វិញ ត្រូវបានលក់ដាក់អស់ តាំងពីច្រើនសប្ដាហ៍មុន ដោយប្រើពេលតែ៣៧នាទីប៉ុណ្ណោះ។ គេអាចរកសំបុត្រ ដើម្បីចូលទស្សនាផ្ទាល់ នៅវេលានេះបាន ដោយត្រូវទៅតថ្លៃ នៅខាងមុខកីឡាដ្ឋាន ជាមួយក្រុមអ្នក«លួច»លក់ជាច្រើន ដែលចង់ឆ្លៀតឱកាស រកកម្រៃចំណេញ នាពេលជំនួបធំៗដូច្នេះ។ នៅលើបណ្ដាញអ៊ិនធើណែត សំបុត្រខ្លះមានតម្លៃ ដល់ទៅ ២៤ ០០០អ៊ឺរ៉ូ (ប្រមាណជិត៣០ ០០០ដុល្លារ)។

ជំនួបរវាងក្រុមទាំងពីរ ក៏បានទាក់ទាញ ឲ្យមានការភ្នាល់គ្នា យ៉ាងច្រើនលើសលប់ដែរ នៅតាមក្រុមហ៊ុនភ្នាល់បាល់នានា។ បើនិយាយពីស្ថានភាពហិរញ្ញវត្ថុវិញ សូមបញ្ជាក់ថា សហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA) នឹងផ្ដល់ទៅឲ្យក្រុមបាល់ទាត់ណាមួយ ដែលឈ្នះការប្រកួតនេះ នូវទឹកប្រាក់ប្រមាណជា ១៣លានអ៊ឺរ៉ូ (ប្រមាណជាង១៦លានដុល្លារ)។ ទឹកប្រាក់នេះ មានសារៈសំខាន់ណាស់ សម្រាប់ក្រុមប៉ារីស ដែលកំពុងស្ថិតក្រោមការអង្កេត ពីខ្ទង់ចំណូល-ចំណាយរបស់ខ្លួន (Financial Fair-Play) ពីសំណាក់ដែនសមត្ថកិច្ច របស់សហភាពបាល់ទាត់អ៊ឺរ៉ុប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...