ហ៊ុន សែន យក​លុយ​ជំនួយ​មក​សង់​កីឡដ្ឋាន ដាក់​ឈ្មោះ​ខ្លួន​ឯង?

នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា​ លោក ហ៊ុន សែន អាចនឹងញញឹម មិនសូវស្រស់ប៉ុន្មានទេ នៅ​​ចំពោះ​ការ​រិះគន់​«ចុង​ក្រោយ»​បំផុត ទាក់ទង​នឹង​ការ យកប្រាក់ជំនួយ​វាល់​លាន​ដុល្លារ មកសង់​ពហុកីឡដ្ឋាន​មួយ ឈ្មោះ «មរតកតេជោ» ដែល​ក្រុម​អ្នក​រិះគន់​​ជឿ​ថា ជា​​ផ្នែក​​មួយ​នៃ​​គោរមងារ​​តែ​​មួយ​គត់ របស់​លោក ហ៊ុន សែន។
ហ៊ុន សែន យក​លុយ​ជំនួយ​មក​សង់​កីឡដ្ឋាន ដាក់​ឈ្មោះ​ខ្លួន​ឯង?
លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកហើយ។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៧
  • កែប្រែចុងក្រោយ: April 04, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សាលារៀន និងពហុកីឡដ្ឋានទាំងអស់ ដែលយកលុយរដ្ឋសាងសង់ គឺជារបស់រដ្ឋ មិនមែនរបស់​ឯកជន ឬ​របស់​គណបក្ស​ណា​មួយ​នោះ​ទេ សូមប្ដូរឈ្មោះជាបន្ទាន់» នេះ ជាការលើកឡើង របស់ប្រិយមិត្ត​មួយ​រូប ពី​ក្នុង​ចំណោម​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម រាប់​សិប​នាក់ ដោយ​យក​ទំរង់​តាម ឃ្លា​ដ៏​ល្បីល្បាញ នៃ​«គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់ មិន​មែន​ជា​របស់​រដ្ឋ» ដើម្បីប្រតិកម្ម ទៅនឹងប្រកាសរបស់លោក ហ៊ុន សែន ដែល​ទើប​នឹង​អះអាង កាល​ពី​ព្រឹក​​ថ្ងៃទី៤ ខែមេសានេះ ថាលោកយកលុយជំនួយ រាប់សិប​លាន​ដុល្លារ យក​ម​ក​សាង​សង់​ពហុ​កីឡ​ដ្ឋាន​មួយ ដាក់​ឈ្មោះ «មរតកតេជោ»។

ថ្លែងនៅក្នុង ពិធីសម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ ​ពហុ​កីឡដ្ឋាន​មរតក​តេជោ និង​បើក​ការដ្ឋាន​​សាងសង់​​កីឡដ្ឋាន​​បាល់​​ទាត់​ ក្នុងសង្វាត់​​​ព្រែក​តាសេក ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​និយាយ​ថា ​កាល​ពី​ពេល​កន្លង​មក លោក​និង​រដ្ឋាភិបាល​របស់​លោក មិន​ហ៊ាន​ស្នើសុំ «មហាមិត្តចិន» នូវប្រាក់​ជំនួយ​ ដើម្បី​យក​មក​សង់​ពហុ​កីឡដ្ឋាន​មួយ​នេះ​ទេ តែបានសុំ«មិត្តចិន» ឲ្យកសាងស្ពាន កសាងផ្លូវទៅវិញ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «អញ្ចឹងទេ បានជាតម្រូវការ នៅពេលនោះ (ពេលរៀបចំ​ទទួល​ប្រកួត​កីឡា​អាស៊ាន កាល​ពី​ពេល​កន្លងមក) មិនទាន់ហ៊ានសុំមិត្តចិន ដើម្បីកសាងពហុកីឡដ្ឋាននេះទេ។ ប៉ុន្តែ​សុំ​មិត្ត​ចិន ឲ្យជួយកសាងស្ពាន កសាងផ្លូវឯណោះទៅវិញ។»។

យ៉ាងណា ការស្នើសុំជំនួយ មកសាងសង់ហេដ្ឋរចនាសម្ព័ន្ធ របស់ប្រទេស ទោះជាស្ពាន ផ្លូវ សាលារៀន ឬ​ជា​ពហុ​កីឡដ្ឋាន​ក្ដី វានៅតែ​ជា​ផ្នែកមួយ​ នៃ​ការ​កសាង​ជាតិ​ទាំងអស់។ តែបញ្ហា​នៅ​ត្រង់​ថា ឈ្មោះ​ «មរតតេជោ» របស់​ពហុ​កីឡដ្ឋាន​ថ្មីថ្មោង​មួយ​នេះ ត្រូវបានគេជឿថា ជាផ្នែកមួយ នៃគោរមងាររបស់លោក ហ៊ុន សែន ហៅ​ «សម្ដេច​អគ្គ​មហា​សេនាធិបតី តេជោ» ដែល​មកដល់ថ្ងៃនេះ ជាគោរមងារតែមួយគត់ ព្រះរាជ​ទាន​ដោយ​ព្រះ​មហាក្សត្រ​កម្ពុជា ហើយ​ក្រុម​អ្នករិះគន់ បានលើកឡើងថា លោក ហ៊ុន សែន បានស្នើសុំជំនួយ​ពីបរទេស មក​​សាង​សង់​​គ្រឹះស្ថាន​មួយនេះ ដើម្បីដាក់ឈ្មោះខ្លួនឯង។

ប្រិយមិត្តម្នាក់ ដាក់ឈ្មោះ «Jiacheng Chen» បានសរសេរឡើងថា៖ «មិនរិះគន់ទេ ដែលយក​លុយ​ជំនួយ ទៅ​ធ្វើ​ពហុ​កីឡដ្ឋាន។ សុំតែ​កុំយកលុយ​ជំនួយ ទៅធ្វើពហុកីឡដ្ឋាន ហើយដាក់ឈ្មោះ​ខ្លួនឯង។ នោះទើប​ជារឿង គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។»។

រីឯកញ្ញា «Kong Kimhiek» បានសរសរសួរឡើងថា៖ «បើជាលុយជំនួយ ហេតុអ្វីត្រូវដាក់ឈ្មោះឯកជន?» កញ្ញា​បាន​​សរសេរ​​ពន្យល់ថា គេគួរយកឈ្មោះ បុព្វបុរស ឬអ្នកមានស្នាដៃច្រើននាក់​ នៅក្នុង​ប្រវត្តិ​សាស្ត្រ មក​ដាក់​ឈ្មោះ ឲ្យពហុកីឡដ្ឋាន​មួយនេះ ខណៈលោក ហ៊ុន សែន ដូចជា​មាន​ឈ្មោះ​ខ្លួន​លោក នៅ​ច្រើន​កន្លែង​ពេក​ហើយ។

កាល​ពី​ខែ​សីហា ឆ្នាំកន្លងទៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាសថា ប្រទេសកម្ពុជា បាន​ជំពាក់​​បំណុល​​បរទេស​ គិត​​ត្រឹម​​ដំណាច់​​ឆ្នាំ​២០១៥​ ប្រមាណជាង ៥​ពាន់​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក។ រាប់​ទាំង​បំណុល ក្នុង​ពេល​មុនៗ​ផង ប្រទេសកម្ពុជា ដ៏ក្រីក្រ​មួយនេះ បាន​ជំពាក់​បំណុល​​បរទេស​ជិត ១០​ពាន់​លាន​ដុល្លារ ដោយ​​មិន​រាប់​ពី​ជំនួយ​មាន​ចំណង ពីសំណាក់រដ្ឋាភិបាលបរទេស មួយចំនួននោះផង​ទេ។

ចំពោះលោក «Vephea Mot» វិញ បានហៅការដាក់ឈ្មោះខ្លួនឯងនេះ ជាការធ្វើ​ប្រជាភិថុតិ។ លោក​បាន​សរសេរ​ថា៖ «រឿងការកសាងប្រទេសជាតិ ជាទូទៅពលរដ្ឋ រួមរូបខ្ញុំតែងគាំទ្រជានិច្ច តែអ្វីដែលពលរដ្ឋ​មិន​គាំទ្រ និង​តែង​តែ​រិះគន់​នោះ គឺការអភិវឌ្ឍន៍ មិនប្រកប​ដោយ​តម្លាភាព គណនេយ្យភាព ហើយ​មិនចំ​វិស័យ​អាទិភាព​ប៉ុណ្ណោះ ជា​ពិសេស​ការដាក់ឈ្មោះ​បុគ្គលនេះតែម្តង ដែលជាប្រការ​ខុសឆ្គង ហើយក៏អាច​ហៅ​បានម្យ៉ាង​ទៀត​ថា ធ្វើ​ប្រជាភិថុតិ តាមរយៈ​ឈ្មោះបុគ្គល​នេះ​ឯង។»។

ពលរដ្ឋមួយចំនួនទៀត បានសំដែងក្ដីសង្ឃឹមថា លោក ហ៊ុន សែន គួរសំដែង​ភាព​ស្មោះត្រង់ និងមិន​ត្រូវ​«ហុត​ទឹក រួច​សម្លឹង​កាក»ដូច្នេះ​ទេ។ ប្រិយមិត្ត «Pol Cheng» បាន​សរសេរ​ថា៖ «សម្តេចយកលុយ​ជំនួយ​ពីបរទេស ទៅ​កសាង ហើយ​ដាក់​ឈ្មោះ​សម្តេច (...) តើនរណា ដែលគេចេះជាងសម្តេចនោះ?» ខណៈ​លោក «Ream Rattanak» បាន​សរសរ​ថា៖ «ចំណែកខ្ញុំជាប្រជាពលរដ្ឋ ក៏សង្ឃឹមយ៉ាងមុតមាំដូចគ្នា ថាលោកនាយករដ្ឋមន្ត្រី នឹងឈប់​ប្រើឈ្មោះខ្លួនឯង ដាក់លើសម្បត្តិរដ្ឋ តទៅទៀត»។

សម្រាប់ពលរដ្ឋខ្លះទៀត យល់ឃើញថា ការដាក់ឈ្មោះលោក ហ៊ុន សែន គឺ​ជាភាពត្រឹមត្រូវមួយ ដោយ​សារ​ប្រាក់​ជំនួយ​ទាំងនោះ ជាការខិតខំប្រឹងប្រែង​របស់លោក និងរដ្ឋាភិបាល​របស់​លោក។ កញ្ញា «Roth Roth» បាន​សរសេរ​ថា៖ «ខ្ញុំសូមគាំទ្រ​យ៉ាងពេញទំហឹង ចំពោះការរំពឹងរបស់សម្ដេច ការដាក់​ឈ្មោះ​សម្តេច ហ៊ុន សែន ​ទៅ​លើ​សមទ្ធិផល ដែល​កើត​ចេញ ពីការខិតខំ​ទាំងលំបាក រហូតមានអ្វីៗគ្រប់បែប​យ៉ាង ដល់សព្វ​ថៃ្ងនេះ គឺ​កើត​ចេញ​ពី​ដៃ​ទទេ​សុទ្ធសាធ»។

ប៉ុន្តែ ការលើកឡើងរបស់កញ្ញា «Roth Roth» ត្រូវបានប្រិយមិត្ត អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត ​សួរ​តប​ទៅ​វិញ​ថា តើកាតព្វកិច្ច និងភារកិច្ច​របស់រដ្ឋាភិបាល​កម្ពុជា ជាពិសេស​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេ​ដឹកនាំ​ប្រទេស មាន​អ្វី​ខ្លះ? ជាសំនួរ ដែល​រក​មិន​ឃើញ ពីចម្លើយ​ពិតប្រាកដ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...