សួន សេរីរដ្ឋា៖ ថវិកាសង់មហាវិថី«សម្ដេចតេជោ» ពុករលួយលើគោក
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មេសា ២០១៧
- កែប្រែចុងក្រោយ: April 06, 2017
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«វាជាអំពើពុករលួយលើគោក» ជាប្រយោគមួយឃ្លា ដែលប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានឧទានឡើងនៅមុននេះបន្តិច បន្ទាប់ពីលោកបានអានអត្ថបទមួយ របស់សារព័ត៌មានក្នុងស្រុក ដែលដាក់ចំណងជើងថា «ផ្លូវ៦០ម៉ែត្រ តម្លៃ ៧៦លានដុល្លារ ត្រូវបានសម្ពោធឲ្យប្រើប្រាស់»។ ផ្លូវនោះ មានឈ្មោះ «មហាវិថីសម្ដេចតេជោ ហ៊ុន សែន» មានទទឹង៦០ម៉ែត្រ និងបណ្ដោយ៩១៦០ម៉ែត្រ តភ្ជាប់ពីផ្លូវ២៧១ (ត្រង់ច្រមុះជ្រូកក្បាលថ្នល់) ទៅកាន់ផ្លូវជាតិលេខ២ (ត្រង់ចំណុចព្រែកកំពឹស) ដោយកាត់តាមតំបន់អភិវឌ្ឍន៍ ទីក្រុងរណប របស់ក្រុមហ៊ុន «ING Holding»។
អត្ថបទ ទាក់ទងនឹងការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវមហាវិថីនេះជាផ្លូវការ ត្រូវបានចេញផ្សាយ តាំងពីថ្ងៃទី៣ ខែមេសាកន្លងមក តែលោក សួន សេរីរដ្ឋា បានសំដែងការភ្ញាក់ផ្អើល នៅថ្ងៃទី៦ ខែមេសានេះ ដោយទំនងជាទើបនឹងបានគណនា ទឹកប្រាក់ជាមធ្យម ដែលត្រូវបានយកមកចំណាយ ក្នុងការធ្វើផ្លូវនេះ និងដែលប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធនោះ។ ផ្លូវដែលមានចំងាយ ៩១៦០ម៉ែត្រ បានចាយអស់ថវិកា ៧៦លានដុល្លារអាមេរិក ត្រូវនឹង ៨ ២៩២ដុល្លារ ក្នុងមួយម៉ែត្រ (យក ៧៦ ០០០ ០០០ ដុល្លារ ចែកនឹង៩១៦០ ម៉ែត្រ)។
នៅទំព័រហ្វេសប៊ុកផ្លូវការ ប្រធានគណបក្សអំណាចខ្មែរ បានសរសេររៀបរាប់ថា៖ «សង់ផ្លូវប្រវែងតែ ៩១៦០ ម៉ែត្រ (៩ គីឡូ និង ១៦០ ម៉ែត្រ) សម្រាប់ដាក់ឈ្មោះលោក ហ៊ុន សែន ត្រូវចំណាយលុយរហូតដល់ ៧២ [៧៦] លានដុល្លារ សហរដ្ឋអាមេរិក ! ដែលនេះប្រវែងផ្លូវ ១ ម៉ែត្រ ចំណាយអស់លុយរហូតដល់ ៧,៨៦០.៣ [៨ ២៩២] ដុល្លារសហរដ្ឋ។»។
លោក សួន សេរីរដ្ឋា បានសួរឡើងថា៖ «តើពលរដ្ឋខ្មែរ យើងទាំងអស់គ្នា អាចទទួលយកបាន [ឬ]ទេ?»។
«មហាវិថីសម្ដេចតេជោ ហ៊ុន សែន» ត្រូវបានគេអះអាងថា ជាផ្លូវដែលធំជាងគេ នៅក្នុងរាជធានីភ្នំពេញ ដែលមានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងទទឺងចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាង។ ផ្លូវថ្នល់មួយខ្សែនេះ សង់ឡើងដោយក្រុមហ៊ុន «ING Holding» ដែលជាម្ចាស់គម្រោងទីក្រុងរណបខាងលើ ហើយត្រូវការរយៈពេលសាងសង់ផ្លូវនេះ រហូតដល់ទៅ៦ឆ្នាំ ដោយចាប់ផ្ដើមសង់ នៅឆ្នាំ២០១១។
អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានអង្គការតម្លាភាពអន្តរជាតិ (Transparency International ) ចាត់ចំណាត់ថ្នាក់ នៅលេខរៀងទី១៥៦ ដែលជាចំណាត់ថ្នាក់ដ៏អន់មួយ ពីក្នុងចំណោមបញ្ជីប្រទេស ទាំង១៧៦ សម្រាប់ឆ្នាំ២០១៦កន្លងមក។ ចំណាត់ថ្នាក់នេះ បានបន្ទាបប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេស ដែលសម្បូរទៅដោយអំពើពុករលួយ ជាងបណ្ដាប្រទេសទាំង១០ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងជាងបណ្ដាប្រទេស នៅទ្វីបអាស៊ីខាងកើត បន្ទាប់ពីប្រទេសកូរ៉េខាងជើង។ អង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការធំ នៅក្នុងប្រទេសអាល្លឺម៉ង់ បានរកឃើញថា មន្ត្រីតុលាការ ប៉ូលីស និងមន្រ្តីរដ្ឋាភិបាល គឺជាជន ដែលប្រព្រឹត្តិអំពើពុករលួយ ខ្លាំងជាងគេ។
ប៉ុន្តែរបាយការណ៍ខាងលើ របស់អង្គការតម្លាភាពអន្តរជាតិ ត្រូវបានមន្ត្រីរដ្ឋាភិបាលច្រានចោល ដោយចាត់ទុករបាយការណ៍នោះ ថាជាផ្នែកមួយ នៃយុទ្ធនាការបន្តុះបង្អាប់កម្ពុជា ហើយថារដ្ឋាភិបាលកម្ពុជា កំពុងធ្វើការលប់បំបាត់ បានជាច្រើនករណី និងជាបន្តបន្ទាប់ នូវអំពើពុករលួយ៕