កម្មករថា ខ្លួន​ធ្វើ​ចំណាក​ស្រុក ព្រោះ​នៅ​កម្ពុជា​ពិបាក​រក​កាងារ​ធ្វើ

បើភាសារបស់ក្រុម អ្នកនយោបាយកាន់អំណាច តែងនិយាយថា ប្រទេសកម្ពុជា សម្បូរ«ការងារ»នោះ ភាសា​របស់​ក្រុម​កម្មករ​នយោជិក​វិញ បានថ្លែងត្អូញត្អែរថា កម្ពុជាមិនត្រឹមតែ មិនសូវសម្បូរការងារធ្វើទេ តែថែមទាំងជាប្រទេស «ការិយាធិបតេយ្យ» និង​សម្បូរ​ទៅ​ដោយ អំពើពុករលួយនោះទៀត។ ទាំងនេះហើយ ជាមូលហេតុជំរុញឲ្យពួកគេ ធ្វើ​ចំណាក​ស្រុក។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 27, 2015
  • ប្រធានបទ: ចំណាកស្រុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើអ្នកនយាបាយកាន់អំណាច ឬមន្ត្រីអន្ទ្រើសៗ ក្នុងជួររដ្ឋាភិបាល តែងនិយាយមិនដាច់ពីមាត់ ថាប្រទេស​កម្ពុជា​មិនខ្វះការងារ ឲ្យពលកររបស់ខ្លួនធ្វើនោះ ប៉ុន្តែអ្នកដែលនិយាយផ្ទុយពីនេះ សុទ្ធសឹងជាអ្នក ដែល​ទទួល​បទពិសោធន៍ពិតៗ និងមិនមែនជាអ្នកនយោបាយ ឬមន្ត្រីអន្ទ្រើសៗទាំងនោះឡើយ។ ពលករកម្មករនិយោជិក ច្រើននាក់ណាស់ ដែលបានត្អូញត្អែរថា កម្ពុជាមិនត្រឹមតែ មិនមានទីផ្សារការងារច្រើននោះទេ តែបើមាន​ការងារ​​ហើយនោះ កម្ពុជាបែរជាត្រូវញាំញ៉ី ទៅដោយ«ការិយាធិបតេយ្យ» ប្រាក់ខែមិនធុនល្មមនឹងជីវិត និង​«អំពើ​ពុករលួយ»​ទៅវិញ។ ទាំងអស់នេះ បានធ្វើឲ្យពួកគេគ្មានជម្រើស ត្រូវបង្ខំចិត្តចាកចោលភូមិស្រុក ទឹកដី​មាតុភូមិ និងក្រុមគ្រួសារ ដើម្បីចេញទៅធ្វើការ នៅក្រៅប្រទេស។

យុវតី ហ៊ាន យៀង ដែលកំពុងរៀនភាសាកូរ៉េ ដើើម្បីត្រៀមខ្លួន ចេញទៅធ្វើការនៅក្រៅប្រទេសនោះ បាន​ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា មិនមានការងារធ្វើនៅក្នុងប្រទេសទេ ហើយបច្ចុប្បន្ន នាងកំពុងតែ​ត្រៀមប្រឡង ដើម្បីទៅធ្វើការទៅប្រទេសកូរ៉េខាងត្បូង ផ្នែកកសិកម្ម នៅមណ្ឌលប្រលងវិទ្យាល័យសន្ធរម៉ុក។ នាង យៀង ដែលធ្លាប់ជាពលករ ទៅប្រទេស សិង្ហបូរី ម្ដងហើយរូបនេះ បាននិយាយរៀបរាប់ថា៖ «នៅស្រុក​ខ្មែរ ពិបាករករងារធ្វើណាស់ បើយើងមិនស្គាល់គេនោះ ម្យ៉ាងទៀត បើដាក់ពាក្យទាររក អ្នកមានបទ​ពិសោធន៍ នឹងរៀនបានខ្ពស់ ចុះបើអ្នកក្រ មិនបានចូលសាលារៀនវិញនោះ មានការងារពីណាធ្វើ? មានតែចំណាក​ស្រុក!»។

គ្មាននរណាម្នាក់ ចង់ឃ្លាតពីទឹកដីកំណើត និងពីគ្រួសារ ដែលជាទ្រនំផ្ដល់ការកក់ក្ដៅ ជារៀងរហូតមក​នោះ​ទេ។ ហើយនេះ ក៏ជាករណីរបស់យុវតី ហ៊ាន យៀង ដែលគ្មានឪពុក មានតែម្តាយមេម៉ាយ និងបងប្អូន​០៨នាក់​រូបនេះដែរ។ នាងបានបន្តទៀតថា បើនាងមិនធ្វើចំណាកស្រុក គ្រួសារនាងច្បាស់ជាគ្មានអ្នកចិញ្ចិមប្អូនៗ នោះ​ទេ។ ក្នុងវ័យ២៥ ឆ្នាំ ដែលខំធ្វើដំណើរ ពីខេត្តបាត់ដំបង មកប្រឡងនៅភ្នំពេញនេះ កញ្ញាបញ្ជាក់ថា បើគ្រាន់​តែ​ទិញពាក្យប្រលង់ កញ្ញាត្រូវចំណាយដល់ទៅ ៩៩០០០រៀលឯណោះ ដើម្បីអាចប្រឡងចេញបាន។

មិនមែនតែយុវតី ហ៊ាន យៀង ទេ ដែលមកចូលរួមប្រឡង ដើម្បីចេញទៅធ្វើការ នៅប្រទេសកូរ៉េខាងត្បូងនោះ តែនៅមានយុវជន នារីជាច្រើនទៀត ប្រមាណជា៣០០នាក់ កំពុងឈរចាំវេនចូលប្រឡង នៅខាងមុខ​វិទ្យា​ល័យ​សន្ធរម៉ុក។ យុវជន វ៉ាន សុខន ដែលមានវត្តមាននៅទីនោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូឲ្យ​ដឹងថា ខ្លូនសម្រេចចិត្ត ប្រឡងទៅប្រទេសកូរ៉េនេះ ដោយសារនៅស្រុកខ្មែរ ពិបាករកការងារធ្វើ និងទទួល​បាន​ប្រាកខែទាប មិនអាចគ្រប់គ្រាន់ក្នុងការចំណាយ។

ទោះជាមានពាក្យជាច្រើន ពីអ្នកធ្វើការមុនៗ និយាយត្អូញថា ជូបការលំបាកខ្លាំង ក្នុងកាចេញទៅធ្វើការ នៅ​ក្រៅ​ប្រទេសក៏ដោយ ប៉ុន្តែយុវជននៅតែជំនះ ត្រូវទៅដែរ។ យុវជនបានបញ្ជាក់ ដោយខ្លីថា៖ «គ្មានជម្រើស»។ យុវជន វ៉ាន សុខន បានរៀបរាប់ទៀតថា ចាប់ពីការចំណាយរៀនសូត្រសរុប មកដល់ថ្ងៃប្រឡងនេះ យុវជន បានចំណាយអស់ ប្រមាណជាង១០០០ដុល្លា ហើយ។ នេះគេនៅមិនទាន់រាប់ ថ្លៃទិញពាក្យនៅថ្ងៃប្រឡង និង​ចំណាយអ្វីផ្សេងទៀត នៅពេលខាងមុខនោះផង។ ជាពិសេស បើការប្រលងនេះ មិនទទួលបាន​លទ្ធផលល្អ​នោះ ប្រាក់ដែលបានចំណាយទាំងប៉ុន្មាន នឹងត្រូវទុកជាអសាបង់។

ពាក្យសំដីលើកឡើងរបស់ក្រុមពលករ មិនមានលក្ខណៈសមប្រកប ទៅនឹងការលើកឡើង របស់មន្ត្រីក្នុង​ជួរ​រដ្ឋាភិបាល ក្នុងពេលកន្លងមកនោះទេ។ អ្នកស្រី ជូ ប៉ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែង​បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា​មិន​ខ្វះ​ការងារ ឱ្យពលករជាតិខ្លួនធ្វើនោះទេ នឹងមានជម្រើសផ្សេងៗទៀត ដោះ​ស្រាយជូនពលករទាំងនេះ។ ការថ្លែងរបស់អ្នកស្រី បានធ្វើឡើងនៅ​ក្នុង​វេទិការពិភាក្សាមួយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៤ ស្តីពីឥទ្ធិពលនៃការវិលត្រលប់វិញ នៃពលករកម្ពុជារាប់សិបម៉ឺន មកពីប្រទេសថៃ។

» អានអត្ថបទ ដែលទាក់ទងនេះឡើងវិញ ដោយចុចនៅលើទីនេះ

សម្រាប់លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមវិញ បានទទួលស្គាល់ថា ការងារនៅក្នុងប្រទេសកម្ពុជា ពិតជា​មាន​សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ថ្លែងនៅក្នុងវេទិកាពិភាក្សាគ្នានោះ លោក កែម ឡី បានបញ្ជាក់ ទោះ​មាន​ការងារក៏ដោយ តែប្រជាពរដ្ឋខ្មែរមិនធ្វើទេ ដោយសារតែកម្ពុជាគ្មាន​គោល​នយោបាយ ប្រាក់ខែអប្បបរិមា និងការអនុវត្តច្បាប់ការងារ ដូចជាមានទៅលើ តែការងារឧស្សាហកម្មប៉ុណ្ណោះ។ លោកពន្យល់ទៀតថា៖ «ប្រសិន​​បើយើងរៀបចំគោលនយោបាយ យកពន្ធដីចំពោះកសិករ លើសពីដប់ហិចតាឡើង នោះដីនឹងមាន​សកម្មភាព​សេដ្ឋកិច្ច បើដីមានសកម្មភាពសេដ្ឋកិច្ច នឹងផ្តល់ការងារឱ្យខ្មែរធ្វើ ប៉ុន្តែត្រូវរៀបចំប្រាក់ខែ​គោល​អប្បរមា បើមិនអញ្ចឹង​ទេ គាត់នឹងជួលក្នុងតម្លៃថោក»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...