កាលីហ្វ័នី-អាមេរិក៖ ភ្ញាក់ព្រើត! ចូលបន្ទប់ទឹក ជួបខ្លា!!!
ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័នី មានបំណងចងចូលបន្ទប់ទឹក ដើម្បីស្រាយបញ្ហា«មួយចំនួន»របស់ខ្លួន តែផ្ទុយទៅវិញ ស្ត្រីរូបនេះ បានរងការភិតភ័យជាខ្លាំង ដោយបានជួបហេតុការណ៍នៃ«អាយុជីវិត» ដែលស្មានមិនដល់មួយ។
សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)
មេរៀនជីវិតនេះ ត្រូវបានផ្ដល់ទៅឲ្យស្ត្រីអាមេរិកាំងមួយរូប អ្នកស្រីជេណា ក្រេប៊ីយ៉ែល (Jenna Krehbiel) នៅពេលដែលអ្នកស្រីចូលទៅទស្សនាការសម្ដែងសៀកមួយ នៅក្នុងទីក្រុង សាលីណាស (Salinas) ក្នុងរដ្ឋកាលីហ្វ័នី (Californie) សហរដ្ឋអាមេរិក។ ខណៈដែលការសម្ដែងសៀកនេះ បានឈានជិតដល់ទីបញ្ចប់ ជេណា បានងើបចេញទៅរកបន្ទប់ទឹក។
អ្នកស្រីថ្លែងរៀបរាប់ឡើងវិញថា «ខ្ញុំមិនបានដឹងថា សត្វខ្លាវាបានចូលទៅនៅក្នុងបន្ទប់ទឹក សម្រាប់មនុស្សស្រីនោះទេ។ ខ្ញុំបានចូលទៅ ហើយទ្វាបន្ទប់ទឹក ក៏បានបិតតាមក្រោយខ្ញុំដែរ។ ពេលនោះព្រលឹងខ្ញុំមិនដឹងនៅឯណាទេ ព្រោះខ្ញុំបានឃើញសត្វខ្លាមួយ នៅឈរប្រហែលជាមួយមែត្រប៉ុណ្ណោះពីខ្ញុំ។ ខ្ញុំត្រឡប់ថយក្រោយវិញ ទៅរកទ្វាចេញ តែរំពេចនោះ មនុស្សម្នាក់បានបើកទ្វានោះ រួចស្រែកឡើង៖ ចេញពីទីនោះមក!» រឿងអីមិនភ័យ ?
នៅចំពោះសត្វខ្លា ជេណា បានសម្ដែងភាពស្ងាត់ស្ងៀមរបស់អ្នកស្រី ដោយមិនបានស្រែក ឬរត់អ្វីឡើយ។ ស្ត្រីរូបនេះ បន្តការរៀបរាប់ទៀតថា អ្នកស្រីមានការភិតភ័យយ៉ាងខ្លាំង និងមិនដឹងថាធ្វើយ៉ាងដូចម្ដេចនោះទេ។ រឿងតែមួយដែលអ្នកស្រីបានគិតដល់ គឺរត់យកព្រះអាយុ ទៅអោយឆ្ងាយពីសត្វចង្កូមវែងៗនេះ។ ម្យ៉ាងទៀត ដោយសារអ្នកស្រីមានអាជីប ជាអ្នក«ជំនួយការ»សង្គមនោះផង អ្នកស្រីបានពន្យល់ថា «ជំនាញក្នុងអាជីប»ប្រាប់អ្នកស្រី ពីជំហរដែលអ្នកស្រីត្រូវប្រកាន់។
អ្នកដឹកនាំការសម្ដែងសៀក លោក គ្រឹស ប៊ើដ (Chris Bird) បាននិយាយថា សត្វខ្លាបានរត់គេចចេញ នៅពេលកំពុងសម្ដែង ហើយបានរត់ទៅសម្ងំលាក់ខ្លួន ក្នុងបន្ទប់ទឹកមនុស្សស្រី។ បន្ទាប់មកភ្លាមនោះ ភ្នាក់ងារសន្តិសុខម្នាក់ បានធ្វើអន្តរាគមន៍មុននឹងរួចហើយ ដោយបានជម្លៀសបណ្ដាជន ដែលនៅក្នុងបន្ទប់ទឹកនោះចេញ ហើយបានបិតទ្វាខ្ទាស់គន្លឺស ដើម្បីកុំអោយសត្វខ្លាចេញមកក្រៅ និងមនុស្សផ្សេងចូលទៅបាន។ តែអ្នកស្រីជេណា បានចូលទៅក្នុងបន្ទប់ទឹកនោះ តាមទ្វាមួយទៀត !!!
លោក គ្រឹស ប៊ើដ បានបន្ធូរទ្រូងថា សំណាងល្អ ដែលហេតុការណ៍បានបញ្ចប់ទៅ ដោយគ្មាននរណាម្នាក់របួស។
ឆ្លើយនឹងសំនួរថា តើអ្នកស្រីនឹងត្រឡប់ទៅមើល ការសម្ដែងសៀកនោះទៀតទេ អ្នកស្រីជេណាបញ្ជាក់ថា «ចាំមើលសិន» តែ«ខ្ញុំសុខចិត្តទៅទស្សនាសួនសត្វច្រើនជាង ព្រោះនៅទីនោះ យ៉ាងហោចណាស់ ខ្ញុំដឹងច្បាស់ថា សត្វទាំងអស់នៅនឹងទីកន្លែងរបស់វា»៕
-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ