លួច​«ចៀម ក ​វែង»​ពី​រោង​សៀក បណ្ដើរ​ឲ្យ​ជិះ​«ត្រាមវេ»​ក្នុង​ក្រុង

ដើម្បីឲ្យមេរៀនដល់យុវជនប្រាំនាក់ ដែលបានលួចសត្វចៀមកវែងពីរោងសៀកខ្លួន លោកចាងហ្វាងក្រុមសៀកបានដាក់​ពាក្យបណ្ដឹងរបស់គាត់ទៅកាន់អាជ្ញាធរ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។ ប៉ុន្តែរឿងដែលនិយាយពីការលួច​សត្វ​ចៀម​ដ៏​ស្លូត ហើយបណ្ដើរវាឡើងជិះ«ត្រាមវេ»កាត់ក្រុងនោះ បានធ្វើឲ្យបណ្ដាជនដែលបានដឹង ផ្ទុះសំណើចទប់មិនបាន ហើយ​ទីបំផុតទៅ ចាងហ្វាងក្រុមសៀក បានដកពាក្យបណ្ដឹងរបស់គាត់វិញ នៅថ្ងៃអាទិត្យទី០៣ខែវិច្ឆិកានេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីឲ្យមេរៀនដល់យុវជនប្រាំនាក់ ដែលបានលួចសត្វចៀមកវែងពីរោងសៀកខ្លួន លោកចាងហ្វាងក្រុមសៀកបានដាក់​ពាក្យបណ្ដឹងរបស់គាត់ទៅកាន់អាជ្ញាធរ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។ ប៉ុន្តែរឿងដែលនិយាយពីការលួច​សត្វ​ចៀម​ដ៏​ស្លូត ហើយបណ្ដើរវាឡើងជិះ«ត្រាមវេ»កាត់ក្រុងនោះ បានធ្វើឲ្យបណ្ដាជនដែលបានដឹង ផ្ទុះសំណើចទប់មិនបាន ហើយ​ទីបំផុតទៅ ចាងហ្វាងក្រុមសៀក បានដកពាក្យបណ្ដឹងរបស់គាត់វិញ នៅថ្ងៃអាទិត្យទី០៣ខែវិច្ឆិកានេះ។


យុវជនទាំងប្រាំនាក់ ថតរូបអនុស្សាវរីយ៍ជាមួយសត្វចៀម កវែង នៅចំណតត្រាមវេ។ (រូបថត ទំព័រហ្វេសប៊ុក)

ចម្លែកពីនេះពីនោះ - រឿងចម្លែកៗក្នុងលោក ចេះតែកើតមាន«ហ្មង» ! ព្រោះជាទូទៅ ការដើរហើរបស់សត្វពាហនះ នៅ​ក្នុងក្រុងទំនើបដែលមានមនុស្សកកកុញ និងចរាចរណ៍ណែនស្ទះនោះ មិនត្រូវបានគេអនុញ្ញាតឡើយ កុំថាឡើយដល់​ទៅ​យកវាឡើងជិះត្រាមវេ (ត្រាមវេ ជារថភ្លើងមួយប្រភេទ ដែលរត់នៅលើដី ក្នុងក្រុង) កាត់ក្រុងនោះ ! តែរឿងដែលបានកើត​ឡើងកាលពីសប្ដាហ៍កន្លងទៅ យុវជនប្រាំនាក់ ដែលទើបនឹងចេញពីរង្គសាលរាំរែកមួយ ប្រមាណជាពេលទាបភ្លឺ ព្រឹកថ្ងៃ​ព្រហស្បត្តិ៍ទី៣១ខែតុលា មិនបានគិតដូច្នេះទេ។

ហេតុការណ៍បានកើតឡើង នៅទីក្រុងប័រដូ (Bordeaux) ផ្នែកខាងលិចនៃប្រទេសបារាំង ខណៈពេលមានក្រុមសៀកមួយ បានធ្វើដំណើរមកសម្ដែកផ្ទាំងទស្សនីយភាពរបស់ខ្លួន នៅទីនោះ។ បន្ទាប់ពីចេញពីរង្គសាល និងស្ថិតក្នុងសភាពស្រវឹង​ជោគជាំនោះ យុវជនទាំងប្រាំនាក់បានធ្វើដំណើរដោយថ្មើរជើង មកដល់មុខរោងសៀក ហើយបានប្រទះឃើញទ្រុង​ដែក​មួយ ដែលមានសត្វសម្ដែងសៀក ពេញប្រៀបនៅក្នុងនោះ ដូចជាតោ សេះ និងចៀមកវែងនេះជាដើម។ យុវជនបានលួច​យកចេញទៅ តែសត្វចៀមកវែងនេះមួយក្បាលប៉ុណ្ណោះ ហើយបានបណ្ដើរវាពេញផ្លូវ និងថែមទាំងយកវា​ទៅជិះ​រថភ្លើង​«ត្រាមវេ»ជាមួយទៀតផង។ សត្វចៀមនេះ មានឈ្មោះថា «ស៊ែជ (Serge)»។

អ្នកបើកបរត្រាមវេ បានមើលឃើញសត្វចៀមកវែងនៅក្នុងយាន្ដរបស់ខ្លួន ក៏បានរាយការណ៍ទៅភ្នាក់ងារ​សន្តិសុខផ្នែក​ដឹកជញ្ជូន មុននឹងបញ្ឈប់យាន្ដរបស់ខ្លួន ដើម្បីទុកឲ្យកងសន្តិសុខធ្វើអន្តរាគមន៍។ ជនក្លើម្រាក់វ័យក្មេងទាំងប្រាំនាក់ បាន​ចេញពីត្រាមវេនេះ ដូចអ្នកដំណើរដទៃទៀត ហើយបានដើរទៅយកត្រាមវេមួយទៀត។ នៅទីនោះ ពួកគេ​ត្រូវបាន​នគរបាល​ហៅឃាត់ខ្លួន។

ក្នុងក្រុង គេបណ្ដើរឆ្កែបាន ហេតុអីក៏បណ្ដើរ«ចៀម»មិនបាន?

យុវជនទាំងប្រាំនាក់ ត្រូវបាននគរបាលឃុំខ្លួនជាបណ្ដោះអាសន្ន ហើយបានដោះលែងឲ្យមានសេរីភាពវិញ នៅពេល​បន្តិចក្រោយមក។ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយការសែតស៊ុដអ៊្វែស (Sud Ouest) យុវជនម្នាក់បានរៀបរាប់ ថាពួក​ខ្លួន​មានអារម្មណ៍ដូចនៅកុមារភាព នៅពេលពួកគេបានលួចយកសត្វចៀមពីរោងសៀក ហើយបានប្រលែងលេង​ជាមួយ​សត្វពាហនៈ មួយសន្ទុះ។  យុវជនម្នាក់ទៀតបាននិយាយដែរថា «យើងបណ្ដើរវាជាមួយយើង ដូចយើងបណ្ដើរឆ្កែ​ដ៏​ល្អ​មួយដូច្នេះដែរ»។

«ការយកសត្វចៀមនេះចេញពីទ្រុង ជាគំនិតដែលចេញមកភ្លាមៗ មិនបានគិតមុនទេ ហើយក៏មិនបានគិតថា ពួកខ្លួន​លួច​សត្វនេះពីម្ចាស់វាដែរ» យុវជនម្នាក់ទៀង បាននិយាយកែកំហុសខ្លួន។ ប៉ុន្តែភ្លាមៗក្នុងថ្ងៃដដែល ចាងហ្វាងក្រុមសៀក លោក ចន ប៊ូតួរ (John Beautour) ដែលជាម្ចាស់សត្វចៀម ទំនងជាមិនចង់អត់អោន ឲ្យពួកអ្នកចូលចិត្តលេងសើច​ទាំង​ប្រាំរូបនេះទេ។ មិនត្រឹមតែមានសត្វចៀមួយក្បាល ដែលត្រូវបានយុវជនទាំងនេះ ព្រលែងចេញមកក្រៅទេ តែនៅមាន​សត្វសេះបង្កន់មួយក្បាលទៀត ក៏ត្រូវបានរួចចេញមកក្រៅទ្រុងដែរ។ លោក ប៊ូតួរ មានបំណងគេចចេញពីការទទួល​ខុស​ត្រូវ ក្នុងករណីប្រសិនបើសត្វពាហនៈរបស់លោក បានធ្វើអ្វីមួយមិនគប្បីនៅខាងក្រៅ ដោយសារជនខាងប្រាំនាក់នេះ។ លោកក៏បានដាក់ពាក្យបណ្ដឹងមួយ ប្រឆាំងយុវជនទាំងប្រាំ ទៅកាន់អាជ្ញាធរ ដើម្បី«ជាមេរៀន» និងកុំឲ្យអ្នកដទៃ​យក​តម្រាប់តាម។

ប៉ុន្មានថ្ងៃក្រោយមក ព្រឹត្តិការណ៍«បណ្ដើរចៀមកាត់ក្រុង»របស់យុវជនទាំងប្រាំ បានក្លាយជារឿងកំសាន្ដសប្បាយ​សម្រាប់មហាជនទូទៅ និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំងយ៉ាងព្រោងព្រាត។ រូបភាពដែលបានថត ឬកាត់តជា​មួយសត្វចៀម ត្រូវបានគេចែកផ្សាយតៗគ្នាពាសពេញ នៅតាមបណ្ដាញសង្គម។ ទំព័រមួយដែលគេបានបង្កើតឡើង​នៅ​លើបណ្ដាញហ្វេសប៊ុក ដើម្បីគាំទ្រយុវជនទាំងប្រាំនាក់ មានមនុស្សចូលទៅចុច«ចូលចិត្ត» ជាង៧០០ពាន់​នាក់រួច​មក​ហើយ។

តារាកំប្លែងនិងចម្រៀងមួយរូប ដែលមានឈ្មោះដូចសត្វចៀមនេះដែរ (Serge Lama) បានថ្លែងគាំទ្រយុវជនទាំងប្រាំនាក់ ដោយហេតុថា ពួកគេបានធ្វើឲ្យមានការសើចសប្បាយ ពេញទាំងប្រទេសបារាំង ហើយធ្វើឲ្យ«ត្រាមវេ»នៅក្រុងប៊័រដូ កាន់​តែមានគេស្គាល់ និងចង់​ជិះវាច្រើនឡើង។ មួយវិញទៀត រឿងដ៏សប្បាយនេះ ក៏ដូចជាបានផ្សព្វផ្សាយពាណិជ្ជកម្មឲ្យ​រោង​សៀកនោះអញ្ចឹងដែរ ដែលជាហេតុធ្វើឲ្យលោក ចន ប៊ូតួ បានផ្លាស់ប្ដូរចិត្ត ដកពាក្យបណ្ដឹងប្រឆាំងយុវជន នៅថ្ងៃអាទិត្យ​ទី០៣​ខែវិច្ឆិកានេះ​ ចេញ​ជាស្ថាពរ៕

ខាងក្រោមនេះ ជារូបភាពមួយចំនួនទៀត៖


-----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...