ជូស្ទីន ប៊េប័រ ទៅផ្ទះ«បនស្រី» នៅប្រ៊េស៊ីល?
តារាចម្រៀងវ័យក្មេងល្បីឈ្មោះ សញ្ជាតិកាណាដា ជូស្ទីន ប៊េប៊័រ (Justin Bieber) ត្រូវបានគេឃើញថាបានចេញពីផ្ទះបនមួយកន្លែង នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នៅថ្ងៃសុក្រទី០១ខែវិច្ឆិកានេះ ដោយថែមទាំងមានស្រីរកស៊ីផ្លូវភេទ ចំនួនពីរនាក់បានដើរអបមកជាមួយផង។ នេះជាការផ្សាយឲ្យដឹងរបស់ការសែតញ៉ូយកប៉ុស្ដ៍ (New York Post) នៅចុងសប្ដាហ៍នេះ ដែលធ្វើឲ្យពួកអ្នកឈ្លក់វង្វេង នឹងអ្នកចម្រៀងវ័យ១៩ឆ្នាំនេះ ធ្លាក់ថ្លើមមិនតិចទេ។
ជូស្ទីនប៊ែប៊័រ ហ៊ំក្បាលនឹងកំណាត់ស ចេញពីផ្ទះបនស្រី នៅទីក្រុងរីយ៉ូប្រទេសប្រស៊ី នៅយប់ថ្ងៃសុក្រទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត AKM-GSI)
ព័ត៌មានតារា - ព័ត៌មានរបស់តារារូបនេះ ចាប់ផ្ដើមផ្សាយពាសពេញពិភពលោក ធ្វើឲ្យនរណាៗក៏មានការភ្ញាក់ផ្អើលដែរ។ បើមិនចង់ឲ្យមានការភ្ញាក់ផ្អើល លុះត្រាតែខ្លួនកុំធ្វើ។ តែនេះមិនមែនជាករណីរបស់តារាចម្រៀងវ័យក្មេង ដែលធ្វើយុវវ័យសម័យកាលថ្មី ឈ្លក់វង្វេងស្រឡាញ់ខ្នាន់ស្ទើលេបនោះឡើយ។ ក្នុងដំណើរទៅសម្ដែង ក្នុងការប្រគុំតន្ត្រីមួយ នៅប្រទេសប្រ៊េស៊ីលនោះ អ្នកចម្រៀងរូបនេះត្រូវបានគេឃើញ ដើរចេញដោយប្រយ័ត្នប្រយែងពីផ្ទះបនស្រីមួយកន្លែង នៅទីក្រុងរីយ៉ូ ប្រទេសប្រ៊េស៊ីល រួមជាមួយនឹងរូបថតជាច្រើនសន្លឹក ក៏ត្រូវបានគេថតជាប់យកមកចុះផ្សាយនោះថែមទៀត។
អ្នកដែលតាមប្រមាញ់ដើម្បីបានរូបភាព ពិតជាពូកែមែនតែម្ដង ដោយសារតែសកម្មភាពនេះ មិនត្រូវបានបង្ហើបប្រាប់នរណាសូម្បីបន្តិចបន្តួចឡើយ ហើយតារាចម្រៀងក៏មិនអាចគេច ពីក្រុមអ្នកប្រមាញ់រូបភាពបានរហូតនោះដែរ ជាពិសេសនៅមុខផ្ទះបនមួយដែលមានយីហោ ឡឺ សង់តាអ៊ីរ៉ីស (Le Centaurus) កណ្ដាលទីក្រុងរីយ៉ូ។ ការសែតញ៉ូយកប៉ុស្ត៍ បានពន្យល់ថា តារាចម្រៀងធ្វើឲ្យគេចាប់អារម្មណ៍ ដោយសារតែខ្លួនបានដាក់ពង្រាយ និងត្រៀមអង្គរក្សនៅជុំវិញទីនោះ។
សារព័ត៌មានជាច្រើនដែលមានជំនាញខាងតារាល្បីៗ បាននិយាយថា ជូស្ទីន បាននៅក្នុងផ្ទះបនដ៏ល្បីឈ្មោះនោះ អស់រយៈពេល ៣ម៉ោងជាមួយនឹងមិត្រប្រុសម្នាក់ទៀត មុននឹងចាកចេញពីទីនោះ ដោយមាននារីស្អាតៗពីរនាក់ ដើរអមជាមួយផង។ នៅក្នុងរថយន្ដដែលអ្នកទាំងនេះបានជិះ ដោយបានបិទមុខយ៉ាប្រយ័ត្នប្រយែងនោះ គេបានមលឃើញថាមានលក្ខណៈកញ្ជ្រោក យ៉ាងខ្លាំងអស្ចារ្យ។ សារព័ត៌មានទាំងនោះ បានរាយការណ៍ទៀតថា ជូស្ទីនទំនងជាបាននៅជាមួយនាងៗទាំងនេះ នៅក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន រហូតចប់ចុងចប់ដើម។
ព័ត៌មានត្រូវបានផ្សព្វផ្សាយលឿនដូចផ្លេកបន្ទោរ ហើយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកចូលចិត្តជូស្ទីន។ អ្នកខ្លះ នៅតែមិនជឿថារឿងនេះជារឿងពិត ដោយសារតែរូបភាពដែលគេថតបាន គ្រាន់តែជាយុវជនម្នាក់ដែលទទូរកំណាត់ជិត មិនអាចនិយាយបានថាជា ជូស្ទីននោះទេ។ តែកាលពីសប្ដាហ៍មុន មានស្ត្រីរកស៊ីផ្លូវភេទម្នាក់ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ ថានាងបាននៅជាមួយ អ្នកចម្រៀងវ័យក្មេងរូបនេះ មួយយប់ពេញ ជាថ្នូរនឹងប្រាក់កំរៃ ចំនួន៥០០ដុល្លា។ នាងនិយាយថា «គាត់បាននាំខ្ញុំទៅបន្ទប់សណ្ឋាគាររបស់គាត់ យើងបានជក់ថ្នាំ ហើយបន្ទាប់មក បានគេងជាមួយគ្នា។ គាត់បានយកខ្ញុំ ត្រឡប់ទៅដាក់នៅក្លិបវិញ។»
រហូតមកដល់ម៉ោងនេះ ជូស្ទីន នៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។ ប៉ុន្តែគេសង្ឃឹមថា ការបកស្រាយនឹងប្រាកដជាមានជាពុំខាននៅពេលណាមួយ ហើយយើងនឹងរងចាំតាមដាន៕
សូមទស្សនារូបភាពផ្សេងទៀត៖
--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ