បាញ់បោះនៅព្រលានយន្ដហោះក្រុងឡូសអេនជឺឡេស៖ ខ្មាន់កាំភ្លើងចង់ធ្វើឲ្យតក់ស្លុត
ខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារ នៅក្នុងព្រលានយន្ដហោះនៃទីក្រុងឡូសអេនជឺឡេស ដោយបានសម្លាប់ភ្នាក់ងារសន្តិសុខមួយរូប របួសជាច្រើននាក់ផ្សេងទៀត និងបង្កឲ្យមានការតក់ស្លុតនៅក្នុងចំណោមអ្នកដំណើរ មានគម្រោងចង់សម្លាប់កងរក្សាសន្តិសុខប្រចាំនៅព្រលានយន្ដហោះនោះ ច្រើននាក់ផ្សេងទៀត ដែលសុទ្ធសឹងជាបុគ្គលិក របស់ភ្នាក់ងារសន្តិសុខផ្នែកដឹកជញ្ជូន។ នេះបើតាមចង្អុញបង្ហាញ ពីសំណាក់នគរបាលសហព័ន្ធសហរដ្ឋអាមេរិក។
កន្លែងកើតហេតុ នៅក្នុងព្រលានយន្ដហោះក្រុងឡូសអេនជឺឡេស និងរូបថតខ្មាន់កាំភ្លើង។ (រូបថត AP)
បទល្មើស - ក្រដាសសរសេរដោយដៃមួយសន្លឹក ដែលត្រូវបានរកឃើញនៅក្នុងស្ប៉ោងដែលដាក់កាំភ្លើង ចូលមកក្នុងព្រលានយន្ដហោះនោះ បង្ហាញថាជនដែលបានបើកការបាញ់ប្រហារ និងបានធ្វើឲ្យជើងហោះហើរជាច្រើន បានជួបការរអាក់រអួលនោះ បានសម្រេចចិត្តយ៉ាងច្បាស់ ក្នុងការសម្លាប់បុគ្គលិកជាច្រើននាក់នៃភ្នាក់ងារសន្តិសុខ។ នេះជាការប្រកាសឲ្យដឹងរបស់លោក ដេវិដ ប៊ូវដីច (David Bowdich) នាយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ប្រចាំនៅទីក្រុងឡូសអេនជឺឡេស នៅល្ងាចថ្ងៃទី២ខែវិច្ឆិកា បន្ទាប់ពីការបាញ់ប្រហារបានកើតឡើង នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកានោះមក។
ក្រុមរដ្ឋអាជ្ញាបានប្រកាស់ ពីទោសកំហុសរបស់ ផូល អេនតូនី សេនស្សា (Paul Anthony Ciancia) អាយុ២៣ឆ្នាំ រស់នៅក្រុងញ៉ូ ចេស៊ី (ផ្នែកឦសាននៃសហរដ្ឋអាមេរិក) អាចនឹងទទួលទោសប្រហារជីវិត ពីបទធ្វើឃាត់ភ្នាក់ងារសន្តិសុខសហព័ន្ធម្នាក់ និងប្រើអំពើហឹង្សា នៅក្នុងព្រលានយន្ដហោះអន្តរជាតិ។ នៅក្នុងហេតុការណ៍នោះ សេនស្សា ត្រូវបានបាញ់ឲ្យរបួស។ អាជ្ញាធរមិនចង់ថ្លែងប្រាប់ ពីស្ថានភាពសុខភាពរបស់ សេនស្សា នោះទេ តែបើតាមការសែតឡូសអេនជឺឡេសថែម៍ (Los Angeles Time) ខ្មាន់កាំភ្លើងរូបនេះ ត្រូវគ្រាប់កាំភ្លើងចំក្បាល និងចំដៃ កំពុងស្ថិតក្នុងសភាពដ៏ធ្ងន់ធ្ងរ។ ការសែតបានរាយការណ៍ទៀត ពីញាតិមិត្តរបស់ សេនស្សា ថា ជននេះអាចជាមានបំណងចង់ធ្វើអត្តឃាត។
លោក ដេវិដ ប៊ូវដីច បានបញ្ជាក់ថា សេនស្សា ចង់បង្កការតក់ស្លុត ក្នុងលក្ខណៈជា«សត្រូវ»របស់ភ្នាក់ងារសន្តិសុខផ្នែកដឹកជញ្ជូន។ ភ្នាក់ងារ ហ្សេរ៉ាដូ អេណង់ដេស (Gerardo Hernandez) អាយុ៣៩ឆ្នាំ បានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ សេនស្សា តែបានទ្រាំទ្រជាមួយនឹងរបួសដ៏ធ្ងន់នៅឯមន្ទីរពេទ្យរហូតជិតថ្ងៃត្រង់ថ្ងៃដដែលនោះ។ លោក អេណង់ដេស ជាភ្នាក់ងារដំបូងគេដែលត្រូវបានសម្លាប់ រាប់ចាប់តាំងពីពេលដែលភ្នាក់ងារសន្តិសុខផ្នែកដឹកជញ្ជូននេះ បានបង្កើតឡើងក្រោយព្រឹត្តិការណ៍ថ្ងៃ១១ខែកញ្ញា។
ខ្មាន់កាំភ្លើងបានគ្រោងការបាញ់សម្លាប់
ភ្នាក់ងារ៧នាក់ត្រូវបានបាញ់ឲ្យរបួស ក្នុងនោះ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ប៉ុន្តែបើតាមសម្ដីរបស់លោកអេរិក ហ្គាសេទី (Eric Garcetti) អភិបាលក្រុងឡូសអេនជឺឡេស បានថ្លែងឲ្យដឹងថា សេនស្សា បានគ្រោងការបាញ់សម្លាប់មួយ យ៉ាងរង្គាល។ លោកបាននិយាយថា «គ្រាប់កាំភ្លើង នៅក្នុងបង់កាំភ្លើងមានជាង១០០គ្រាប់ ដែលបើតាមទំនង ជននេះអាចសម្លាប់ភ្នាក់ងារទាំងអស់ ដែលធ្វើការនៅក្នុងព្រលានថ្ងៃនេះ»។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ជននេះបានសម្ដែងពីកំហឹងសងសឹងរបស់ខ្លួន ទល់នឹងភ្នាក់ងារសន្តិសុខ។ នគរបាលបានរកឃើញនៅលើខ្លួនជននេះ នូវពាក្យមួយដែលសម្ដែងពីការខកចិត្តរបស់ខ្លួន ចំពោះរដ្ឋាភិបាល។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយ បាននិយាយថា «វាដូចជាលឿនពេក ក្នុងការកំណត់ក្នុងពេលនេះ ពីមូលហេតុពិតប្រាកដនៃខ្មាន់កាំភ្លើង ហើយអ្នកស៊ើបអង្កេតក៏មិនបានបញ្ជៀស ឬចាត់ទុកទាំងស្រុងដែរ ពីមូលហេតុ"ភេវរកម្ម"»៕
--------------------------------------------------
ដោយ៖ សុបិន្ត - ថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ