ហ៊ុន សែន ការពារភេរវជន?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៧
- កែប្រែចុងក្រោយ: August 01, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ព្រោះយើងមិនចង់ ឲ្យមានបាតុកម្ម ដើម្បីប្រឆាំង នឹងស្ថានទូតអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលនោះទេ» នេះ ជាទឡ្ហីករណ៍មួយ ក្នុងចំណោមទឡ្ហីករណ៍ផ្សេងទៀត ដែលលើកឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីការពារចំណាត់ការរបស់លោក ប្រឆាំងអង្គការក្រៅរដ្ឋាភិបាលមួយ របស់អាមេរិក ឈ្មោះ «Agape International Missions (AIM)» ដែលលោកអះអាងថា បានប្រមាថពលរដ្ឋ និងប្រទេសកម្ពុជា។
ទឡ្ហីករណ៍ទាំងនេះ ត្រូវបានលោក ហ៊ុន សែន លើកឡើងក្នុងពិធីចែកសញ្ញាបត្រមួយ នៅព្រឹកថ្ងៃទី១ ខែសីហានេះ នៅក្នុងបញ្ជារបស់លោក ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា ឲ្យបិទអង្គការនេះ ក្រោមហេតុផលថា ប្រធានស្ថាបនិកប្រចាំប្រទេសកម្ពុជា របស់អង្គការខាងលើ បានផ្ដល់បទសម្ភាស ទៅឲ្យបណ្ដាញទូរទស្សន៍អាមេរិក «CNN» ហើយបាននិយាយយ៉ាងច្រើន ទាក់ទងនឹងឧស្សាហកម្មជួញដូរផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា។
» អត្ថបទដែលទាក់ទង៖ ហ៊ុន សែន បញ្ជាឲ្យបិទអង្គការ AIM ដែលនិយាយតាម CNN ទាក់ទងការជួញដូរមនុស្សនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី បានភ្ជាប់ការលើកឡើង រឿងរ៉ាវនៃបទសម្ភាស និងការផ្សព្វផ្សាយ របស់បណ្ដាញទូរទស្សន៍ «CNN» ទៅនឹងរឿងរ៉ាវទាំងឡាយ នៃការវាយប្រហារភេរវកម្ម ទៅលើទស្សនាវដ្ដីមួយចំនួន នៅក្នុងទ្វីបអ៊ឺរ៉ុប ក្រោយពីការផ្សព្វផ្សាយ របស់ទស្សនាវដ្ដីទាំងនោះ ទាក់ទងនឹងរូបត្លុកកំប្លែង ស្ដីពី«មហាមេដ» នៃសាសនាឥស្លាម។ លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «កុំភ្លេច! នៅប្រទេសច្រើនណាស់ ជួនកាលគ្រាន់តែគូររូបត្លុក "មហាមេដ" គឺទស្សនាវដ្ដីនោះ ត្រូវបានគេវ៉ៃប្រហារ ឬត្រូវបានធ្វើរឿងនេះ ធ្វើរឿងនោះ»។
បុរសខ្លាំង ដែលអង្គុយនៅក្នុងអំណាច ជានាយករដ្ឋមន្ត្រី តាំងពី៣ទសវត្សន៍ជាង នៅកម្ពុជា បានពន្យល់ទៀតថា៖ «តែសម្រាប់ប្រទេសរបស់យើង ត្រូវបានគេប្រមាថ រហូតដល់ទៅថា ម្ដាយយកកូនទៅលក់។ តើវាសមហេតុសមផលឬទេ? ឥឡូវអត់ទេ អង្គការមួយនេះ ត្រូវតែស្ថិតនៅក្នុងស្ថានភាព នៃការស៊ើបអង្កេត ហើយខ្ញុំដាក់បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ពិនិត្យមើលហើយបិទចោលភ្លាមៗ។ ទង្វើបែបនេះ គឺមិនអាចទទួលយកកើតបានទេ។»។
តាំងពីច្រើនឆ្នាំមកហើយ ទស្សនាវដ្ដីមួយចំនួន នៅក្នុងប្រទេសជាច្រើន នៃទ្វីបអ៊ឺរ៉ុបខាងលិច បានចុះផ្សាយនូវរូបត្លុកកំប្លែង ទាក់ទងនឹងលោក «មហាមេដ» របស់សាសនាឥស្លាម ដែលមានអត្ថន័យចំអក ភ្ជាប់អ្នកនាំសារ របស់ព្រះឡាហ៍រូបនេះ ទៅនឹងអំពើហិង្សា ដែលគេតែងសង្កេតឃើញ ថាបានកើតឡើងជារឿយៗ ជាប់ទាក់ទងនឹងសាសនាឥស្លាម នៅលើពិភពលោក។ បន្ទាប់ពីការចុះផ្សាយនោះ ប្រតិកម្មរបស់ពិភពសាសនិកឥស្លាម បានផ្ទុះឡើងព្រោងព្រាត ហើយប្រតិកម្មខ្លះ បានឈានទៅដុតស្ថានទូត នៃប្រទេស របស់ទស្សនាវដ្ដីទាំងនោះថែមទៀត។
ប៉ុន្តែអ្វី ដែលសំខាន់ជាងប្រតិកម្ម តាមរយៈការធ្វើបាតុកម្ម សំដែងការមិនពេញចិត្ត ទល់នឹងគំនូរត្លុកទាំងលីនោះ គឺការវាយប្រហារភេរវកម្ម ដោយផ្ទាល់ និងដោយចេញមុខ ប្រឆាំងទស្សនាវដ្ដីទាំងនោះ ដល់ទីស្នាក់ការតែម្ដង ដូចយ៉ាងការបាញ់ប្រហារ កាលពីខែមករា ឆ្នាំ២០១៥ ទៅលើទស្សនាវដ្ដី ឆារលី អេបដូ (Charlie Hebdo) របស់ប្រទេសបារាំងជាដើម។ ការវាយប្រហារនោះ បានបណ្ដាលឲ្យនាយកនិពន្ធ អ្នកនិពន្ធ និងអ្នកគូររូបគំនូត ប្រចាំទស្សនាវដ្ដី ព្រមទាំងភ្នាក់ងារនគរបាលផង ចំនួន១២នាក់ បាត់បង់ជីវិត និងជាង១០នាក់ផ្សេងទៀត រងរបួស។
លោក អូលីវើយ៉េ កង់តាំង (Olivier QUANTIN) អ្នកសារព័ត៌មានឯករាជ្យ ជាជនជាតិបារាំងមួយរូប ដែលតែងធ្វើបទយកការណ៍ជាច្រើន ពីប្រទេសកម្ពុជា បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា គេគប្បីបែងចែកឲ្យច្បាស់ ពីបាតុកម្ម ដែលជាការសំដែងមតិរបស់ពលរដ្ឋ និងអំពើវាយប្រហារ តាមបែបភេរវនិយម ពីសំណាក់ភេរជន។ លោក អូលីវើយ៉េ បានថ្លែងថា សម្រាប់លោក ហ៊ុន សែន គាត់តែងគិតថា ឲ្យតែមានបាតុកម្ម ទោះបីធ្វើឡើង តាមបែបអហិង្សាក្ដី សុទ្ធតែបង្ក ឲ្យមានផលអវិជ្ជមានទាំងអស់ ដូចបាតុកម្មរបស់ក្រុម អ្នកគាំទ្រគណបក្សកាន់អំណាច ដែលឈានទៅដល់ ការវាយតប់ លើអ្នកតំណាងរាស្ត្រ កាលពីឆ្នាំទៅមួយដូច្នេះ៕
» ទិដ្ឋភាពបាតុករស្និតគណបក្សកាន់អំណាច វាយទាត់ធាក់ទៅលើតំណាងរាស្ត្រ៖